Sunday, November 24, 2024
Homeគួរយល់ដឹងប្រវត្តិ ៖ ពិធីភ្ជាប់ពាក្យ លើកជំនូន

ប្រវត្តិ ៖ ពិធីភ្ជាប់ពាក្យ លើកជំនូន

ពិធីនេះកើតឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យចេស្តា ឬជ័យជេដ្ឋាទី៣ ដែលមានរាជធានីនៅក្រុងឧដុង្គមានជ័យ។ ឯកសារចារទុកថា នៅគ.ស ១៦៩២ ព្រះបាទជ័យចេស្តា បាននាំព្រះរាជបរិពារ ស្រីស្នំក្រមការ នាហ្មឺនសព្វមុខមន្ត្រី យាងទៅក្រសាលនៅតំបន់ក្រាំងល្វា ខេត្តភ្នំពេញ ដោយព្រះអង្គគង់លើរាជរថ ដែលទឹមដោយគោព្រៃ (ទាក់មកផ្សាំងតាំងពីតូច) វាដើរលឿនមិនចាញ់សេះ ដោយមានបំពាក់ចង្ក្រង់ កណ្តឹង ត្រដោក លាន់ឮទៅឆ្ងាយ។

គាប់ជួនព្រឹកនោះ ម៉ែសួស ជាភរិយារបស់ពញាជ័យ អតីតមេស្រុក (ចូលនិវត្តន៍) បាននាំកូនស្រីម្នាក់ឈ្មោះ នាងលី អាយុ១៦ឆ្នាំ ទៅជញ្ជាត់ត្រី ក៏ជួបក្បួនដង្ហែស្តេចមកដល់។ គាត់គេចទៅណាមិនទាន់ ក៏នាំកូនអង្គុយបត់ជើងថ្វាយបង្គំ។

ពេលនោះ ស្តេចឲ្យបង្អង់ក្បួនដង្ហែ រួចយាងចុះពីព្រះរាជរថទៅទតអ្នកថ្វាយបង្គំ ស្រាប់តែជាប់ព្រះទ័យកួចប្រតិព័ទ្ធនាងលី ព្រោះតែនាងស្អាតពេក លំដាប់បវរកញ្ញា។ ទ្រង់មានព្រះបន្ទូលសាកសួរដឹងថា នាងនៅក្រមុំ ក៏សុំយកជាមហេសី ម៉ែសួស ក៏ព្រមថ្វាយដោយសោមនស្ស។

ស្តេចដឹកដៃនាងក្រមុំរូបស្រស់ទៅឡើងជិះរទេះទន្ទឹមព្រះអង្គ ឲ្យម៉ែសួស ឡើងជិះកន្សៃរទេះ និងចាត់អាមាត្យខ្លះ ឲ្យទៅប្រាប់ពញាជ័យ កុំឲ្យទន្ទឹងមើលផ្លូវប្រពន្ធកូនដែលទៅជញ្ជាត់ត្រី។

លុះយាងទៅដល់ព្រះបរមរាជវាំង ព្រះមហាក្សត្រ បានត្រាស់បង្គាប់ឧកញ៉ាមហាមន្ត្រី និងឧកញ៉ាមហាទេព ឲ្យនាំរាជបណ្ណាការ លើកស្លាទៅជូនមេបាខាងស្រី នៅភូមិក្រាំងល្វា ដោយមិនអាងអំណាចជាស្តេចនោះទេ។ ព្រះអង្គបានទាំងរៀបរាជាភិសេក តែងតាំងនាងលី ជាព្រះអគ្គមហេសីឆ្វេងទៀតផង។

ព្រះមហាក្សត្រ បានទាំងចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់នាហ្មឺនសព្វមុខមន្ត្រី និងប្រជារាស្ត្រ ឲ្យរៀបចំពិធីលើកស្លា ភ្ជាប់ពាក្យ យកគំរូតាមព្រះអង្គមានលក្ខណ:ជាខ្មែរ។ ទំនៀមទម្លាប់នេះក៏ធ្វើតៗគ្នា រហូតមកដល់សព្វថ្ងៃ គឺមុននឹងរៀបមង្គលការ ត្រូវខាងប្រុស លើកជំនូន ភ្ជាប់ពាក្យសិន៕

ឯកសារយោង ៖ មហាបុរសខ្មែរ
ស្រាវជ្រាវដោយ ៖ លោកង៉ែត សោភ័ណ និពន្ធនាយករងទស្សានាវដ្តី “អង្គរធំ”
ភ្នំពេញ ថ្ងៃទី 03/02/2021

RELATED ARTICLES