ភ្នំពេញ ៖ វីរកីឡាការិនី ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាជំនួយការសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធរដ្ឋសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០២២១/១០៦ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងវីរកីឡាការិនី ស៊ន សៀវម៉ី ជាជំនួយការសម្តេចសាយ ឈុំ ប្រធានរដ្ឋសភា នីតិកាលទី៤ មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។

សូមបញ្ជាក់ថា វីរកីឡាការិនី ស៊ន សៀវម៉ី កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥ បច្ចុប្បន្នមានវ័យ ២៦ឆ្នាំ និងមានកម្ពស់ ១,៨៣ម៉ែត្រ។ វីរកីឡាការិនី ស៊ន សៀវម៉ី បានជួយលើកមុខមាត់កិត្តិយសប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការប្រកួតឈនះមេដាយមាស កីឡាតេក្វាន់ដូ ទាំងកម្រិតតំបន់ និងពិភពលោក ជាបន្តបន្ទាប់ រួមមាន មេដាយសំរឹទ្ធ១គ្រឿង ស៊ីហ្គេមលើកទី២៦ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូណេស៊ី ។ មេដាយមាស១គ្រឿង ស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ារ ឆ្នាំ២០១៣។ មេដាយមាស១គ្រឿង ស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧។ មេដាយមាស១គ្រឿង ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩។

ដូច្នេះ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកចុងក្រោយ កីឡាការិនីតេក្វាន់ដូដ៏ឆ្នើមរបស់កម្ពុជា រូបនេះ ដណ្តើមបានមេដាយចំនួន៤គ្រឿង គឺមេដាយមាស៣ និងសំរឹទ្ធ១៕


