Sunday, November 17, 2024
Homeព័ត៌មានជាតិប្រកាស​មិន​ខ្លាច​គុក តុលា​ការ​កោះ​ឲ្យ​បង្ហាញ​មុខ លោក​សម រង្សីុ​ មិន​ចូល

ប្រកាស​មិន​ខ្លាច​គុក តុលា​ការ​កោះ​ឲ្យ​បង្ហាញ​មុខ លោក​សម រង្សីុ​ មិន​ចូល

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានខកខានមិនចូលបំភ្លឺក្នុង ករណីបណ្តឹងថ្មីមួយផ្សេងទៀត តាមដីកាកោះ របស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីមេបក្ស ប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស រូបនេះ បានប្រកាសជាផ្លូវការ កាលពីពេល ថ្មីៗនេះថា នឹងវិលចូលស្រុកឆាប់ៗ ដោយមិន ខ្លាចស្លាប់ ឬជាប់គុក។ ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាថ្មីមួយផ្សេង ទៀត បញ្ជាឱ្យចូលទៅបង្ហាញខ្លួននៅសវនាការ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ”។ ចំណែកមេធាវី របស់លោកសម រង្ស៊ី បានចាត់ទុកថា ដីកានេះ ធ្វើឡើងលឿនរហ័សពេក។  

យោងតាមដីកាកោះរបស់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ បាន អញ្ជើញលោកសម រង្ស៊ី ជាជនសង្ស័យដែល មានអាសយដ្ឋានផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុម១៣ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យចូលមកកាន់ អយ្យការអមសាលដំបូងរាជធានីភ្នំពេញ នៅ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៩ ព្រឹក ដើម្បីសាកសួរពីដំណើរឿង “ញុះញង់ បង្ក ចលាចល ប៉ះពាល់ដល់សន្តិសុខសង្គម” កាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

ប៉ុន្តែនៅថ្ងៃនោះ លោកសម រង្ស៊ី មិនបាន មកបង្ហាញខ្លួននៅតុលាការ តាមកាលបរិច្ឆេទ កំណត់ក្នុងដីកាកោះរបស់តុលាការនោះទេ កាល ពីម្សិលមិញ។

លោកសំ សុគង់ មេធាវីលោកសម រង្ស៊ី បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ព្រះរាជអាជ្ញា ពឹងផ្អែកលើរបាយការណ៍ពីសមត្ថកិច្ច ក្នុងការស៊ើបអង្កេតក្នុងរឿងក្តីនេះ។ ក្នុងនោះ អង្គហេតុដែលសមត្ថកិច្ចបញ្ជូនទៅព្រះរាជអាជ្ញា គឺទាក់ទងនឹងសារនយោបាយរបស់លោក សម រង្ស៊ី ដែលបានថ្លែងនៅក្នុងវត្តខ្មែរមួយ ក្នុងប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។ 

ទោះយ៉ាងណា លោកសំ សុគង់ បានសម្តែង ការហួសចិត្តនៅពេលដែលព្រះរាជអាជ្ញា ចេញ ដីកាកោះយ៉ាងប្រញាប់ប្រញាល់បែបនេះ ព្រោះ ព្រះរាជអាជ្ញា ក៏ដឹងយ៉ាងច្បាស់ដែរថា លោក សម រង្ស៊ី កំពុងរស់នៅឯបរទេស ដោយមិន អាចចូលមកបំភ្លឺតាមការកោះហៅក្នុងកាលៈទេសៈនេះទេ។ 

គួរបញ្ជាក់ថា លោកសម រង្ស៊ី កំពុងរងបណ្តឹងជាច្រើនពីថ្នាក់ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងនោះមានទាំងបណ្តឹងរបស់ សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, បណ្តឹង របស់សម្តេចហេង សំរិន ប្រធានរដ្ឋសភា, បណ្តឹង របស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង និងបណ្តឹងរបស់លោកសោម សឿន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ជាដើម។ ចំពោះ បណ្តឹង ដែលប្តឹងដោយលោកហោ ណាំហុង អតីតរដ្ឋមន្ត្រីនៃក្រសួងការបរទេស ត្រូវបាន តុលាការកាត់ទោសរួចទៅហើយ ឱ្យលោកសម រង្ស៊ី ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការ រើសអើង។ ចំណែកពាក្យបណ្តឹងរបស់លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ពេលនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឱ្យ លោកសម រង្ស៊ី ចូលទៅបង្ហាញខ្លួននៅក្នុង សវនាការ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៨១៤ អ..ឋ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៦ ដែលចុះហត្ថលេខាដោយលោកព្រះរាជអាជ្ញារង សៀង សុខ មានខ្លឹមសារថា “យើង សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឱ្យចូលទៅបង្ហាញខ្លួន នៅសវនាការ ៖

នាមគោត្តនាម សម រង្ស៊ី ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ ទីកន្លែងកំណើតនៅ សង្កាត់លេខ៣ ក្រុងភ្នំពេញ សាសនាព្រះពុទ្ធ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ឪពុកឈ្មោះសម សារិ “ស្លាប់” ម្តាយឈ្មោះអ៊ិន អេម “ស” ប្រពន្ធឈ្មោះ ជូឡុង សូម៉ូរ៉ា មានកូន៦នាក់ ជានីតិជន។

អ្នកត្រូវបានចោទប្រកាន់ពីអង្គហេតុ កាល ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ ដើមបណ្តឹងឈ្មោះសោម សឿន បាន ឃើញនៅលើទំព័រហ្វេសប៊ុកុរបស់ឈ្នោះសម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទដែល មានខ្លឹមសារមួលបង្កាច់ខុសពីការពិត ដែលថា ដើមបណ្តឹងបានណែនាំដល់មន្ត្រីរបស់ខ្លួនូអ្នកគាំទ្រ និងបណ្តាញរួមបញ្ចូលទាំងមន្ត្រីរាជការ ស៊ីវិល ប៉ូលិស និងទាហាន ដើម្បីបង្កើត គណនី ក្លែងក្លាយ ក្នុងគោលបំណងផ្តល់ការ likes សិប្បនិម្មិតដល់ទំព័រហ្វេសប៊ុករបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដោយភ្ជាប់ ជាមួយនឹង ការអត្ថាធិប្បាយថា “likes” មួយ ចំនួនធំ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ សម្តេច គឺបានមកពីការទិញ ឬជួលមនុស្សក្រីក្រ ដែលអត់ការងារធ្វើឱ្យបង្កើត Accounts Facebook ក្លែងក្លាយ ដើម្បីផ្តល់ likes សិប្បនិម្មិត ក្លែងបន្លំជូនសម្តេច។

ជាបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ មីនា ២០១៦ តាមបញ្ញត្តិមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។

សវនាការនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅសាលសវនាការទី៤ សាលាដំបូងរាជធានីភ្នំពេញ។

សាមីខ្លួនអាចពឹងមេធាវីអមខ្លួនបាន។

សាមីខ្លូន ត្រូវបង្ហាញខ្លួនឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងជីវភាព សាមីខ្លួន ឬដំណើររឿងខាងលើមកជាមួយផង  ប្រសិនបើមាន។

ក្នុងចំណោមបណ្តឹងទាំងអស់នោះ ទោះ បីមានដីកាកោះរបស់តុលាការ ឱ្យចូលបំភ្លឺ ក៏ លោកសម រង្ស៊ី មិនចូលបំភ្លឺតាមដីកាកោះនោះ ទេ។ ថ្មីៗនេះសម រង្ស៊ី បានប្រកាសពីក្រៅប្រទេស មកថា លោកនឹងវិលចូលស្រុកវិញ មិនខ្លាច សេចក្តីស្លាប់ ឬខ្លាចជាប់គុកទេ បើមានការ ដោះលែងអ្នកទោសមនសិការរួមមានតំណាងរាស្ត្រ មន្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនសិទ្ធិមនុស្សនិងសកម្មជនដីធ្លីជាដើម នោះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្យប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា លោក សម រង្ស៊ី ជាទណ្ឌិតស្រាប់ហើយ ដូច្នេះបើវិល ចូលស្រុកវិញ ត្រូវតែចូលគុក៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES