លោកស៊ីណាវ៉ាត់ត្រា ដែលធ្លាប់តែលេចមុខតាមMV បទចម្រៀងOriginals Songsមួយចំនួននោះពេលនេះបានងាកទៅធ្វើការផ្នែកទីផ្សារនៅបុរីប្រ៊ីលាន ស៊ីធី ដែលមានទីតាំងនៅភូមិជន្លង់ សង្កាត់សាលាកំរើក(ក្រោយផ្សារលើធំថ្មី) ក្រុងសៀមរាប ខេត្តសៀមរាប ជាច្រើនខែមកហើយ។ការចាប់អាជីពថ្មីរបស់លោកនៅពេលនេះក្រោយពីតារាសម្ដែងរូបនេះបានសម្រេចចិត្តលាឈប់ពីបម្រើរការនៅធនាគារមួយដែលចំណាយពេលដល់ទៅ៨ឆ្នាំ។
លោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានឲ្យដឹងថាការងារផ្នែកអចលនទ្រព្យនេះជាជំហ៊ានថ្មីសម្រាប់លោកហើយដោយសារការស្រលាញ់ទើបលោកតាំងចិត្តថាត្រូវតែចាប់ឲ្យបានផ្នែកមួយនេះបន្ថែមពីលើអាជីពសម្ដែង។លោកថាពិតជាមានមោទនភាពព្រោះខាងបុរីប្រ៊ីលាន ស៊ីធី ដែលមានលោកឧកញ៉ាឡេង ចាន់ណា ជាស្ថាបនិក ផ្ដល់ទំនុកចិត្តនិងឲ្យឱកាសលោកបានចូលរួមជាមួយក្រុមហ៊ុនរបស់លោកដែលលោកបានផ្ដើមធ្វើការងារថ្មីមួយរយៈនេះទទួលបានបទពិសោធន៍ច្រើននិងកំពុងតែមានការរីកចម្រើនទៅមុខជាលំដាប់ផងដែរ។
ថ្វីត្បិតតែលោកស៊ីណាវ៉ាត់ត្រា ជាប់ដៃធ្វើការផ្នែកលក់ឲ្យបុរីដ៍ធំមួយនៅក្រុងសៀមរាបក្ដី ប៉ុន្ដែលោកថានៅតែឆ្លៀតធ្វើការងារសិល្បៈដូចមុនដដែលហើយនៅដើមខែមិថុនាឆ្នាំ២០២១នេះលោកក៍ត្រៀមថតភាពយន្ដខ្នាតធំឲ្យផលិតកម្មClassic ផងដែរ។តារាសម្ដែងដែលមានស្រុកកំណើតមកពីខេត្តបាត់ដំបងរូបនេះបានឲ្យដឹងថាលោកប្រឹងប្រែងបន្ថែមទៀតជាមួយការងារសិល្បៈនិងអចលនទ្រព្យគឺឲ្យដើរទន្ទឹមគ្នាតែម្ដង។លោកយល់ថាសម័យនេះគឺត្រូវតែប្រឹងរកលុយមិនអាចធ្វើអ្វីតែមួយមុខបាននោះទេ ពិសេសទោះជាពេលនេះកូវីដមិនទាន់ស្ងាត់ក្ដី តែអចលនទ្រព្យនៅតែជាតម្រូវការចាំបាច់របស់ពលរដ្ឋ។
លោកស៊ីណាវ៉ាត់ត្រា ត្រូវបានគេស្គាល់តាមរយៈការសម្ដែងMVបទ”អូនដឹង”របស់តារាចម្រៀងធា រ៉ានី ហើយលោកក៍ធ្លាប់ថតសម្ដែងMVឲ្យបទចម្រៀងរបស់លោកហង្ស សុវណ្ណារិទ្ធ នូវចម្រៀងOriginals Songs មួយចំនួនផងដរ។ដោយឡែកការត្រៀមថតភាពយន្ដថ្មីឲ្យClassic នោះលោកណាវ៉ាត់ត្រា ថាតាមការបង្ហើបពីខាងផលិតកម្មលោកនឹងត្រូវបានគេជ្រើសឲ្យធ្វើជាតួឯក។តែលោកថាមិនដែលប្រកាន់ថាទាល់តែតួឯកបានលោកថតនោះទេពោលគឺជាតួអ្វីក៍បានដែរឲ្យតែសាកសមលោកលេងនោះនឹងថតព្រោះថាអាជីពសិល្បៈលោកស្រលាញ់តាំងពីតូចម្លេះ៕