ដោយ អាចារ្យថាំ
ពីបុរាណ ក្នុងពេលមានជំងឺអាសន្នរោគ អុតធំ រាតត្បាតខ្លាំង ខ្មែរយើងប្រើតែឱសថបុរាណ និងមានគ្រូព្យាបាល ប្រើ មន្តអាគមផ្សំថ្នាំ ដោយមិនបង្គាប់ទ្រនឹប។ នៅពេលបានឃើញពួកប្រឆាំង រិះគន់គ្លីនិកឯកជនមួយចំនួន ដែលកាត់តម្លៃព្យាបាល អ្នកកើតកូវីដ-១៩ ជាប្រាក់ដុល្លារ គ្មានតួលេខជាប្រាក់រៀលនោះ ធ្វើឱ្យប្រជាពលរដ្ឋក្រីក្រ ត្អូញត្អែរតៗគ្នា ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “គ្រូពូកែ មិនយកទ្រនឹប” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
គ្មានអ្វីសាហាវជាងជំងឺអាសន្នរោគ និងអុតធំនោះទេ បើវាឆ្លងដល់គ្រួសារណាហើយ ជួនកាលស្លាប ១ពូជក៏មាន កាលពី ជំនាន់បារាំង រហូតដល់សង្គមរាស្ត្រនិយម។ កាលនោះមិនសូវមានថ្នាំសម័យ ឬវ៉ាក់សាំង នៅឡើយ ដែលគ្រូខ្មែរល្បីៗប្រចាំ ភូមិ បានចំណាយអស់ពីកម្លាំងកាយ-ចិត្ត ជួយព្យាបាលអ្នកភូមិ ដោយ “មិនបង្គាប់ទ្រនឹប”។
យោងតាមឯកសារ “ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ” រៀបរៀងដោយលោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានឱ្យដឹងថា នៅពេលអ្នកជំងឺអាសន្នរោគ កំពុងរាក ឬក្អួតខ្លាំង គ្រូព្យាបាល បានយកម្ទេសទុំ ៧គ្រាប់ បុកឱ្យម៉ដ្ឋ លាយនឹងស្រា កន្លះពែង ឱ្យផឹក រង់ចាំមើលកន្លះម៉ោង។ បើមិនបានធូរស្រាលទេ ត្រូវយកសំបកស្លែងធំ ប៉ុនក្រចកកូនដៃអ្នកជំងឺ ដាក់ម្រេច ៧គ្រាប់ សំបកថ្ងាន់ បន្តិច បុកលាយស្រា ឱ្យផឹក ឬដាំទឹកផឹកក៏បាន។ ត្រូវរង់ចាំមើល ១៥នាទី បើមិនបាត់រាកក្អួតទេ ត្រូវយកសណ្តែក ខៀវ ១ក្តាប់ ក្បាលស្លា ៧ចំណិត ក្បាលរមៀតកូនខ្ចី ៧ចំណិត លីងបញ្ចូលគ្នា បុកឱ្យស៊ី ឬឆុងទឹកក្តៅផឹក (ដោយរាយមន្ត អាគមអូមអាមផង) ធ្វើឱ្យអ្នកជំងឺ ឆ្លងផុតពីគ្រោះមរណៈ។
ដោយឡែក ជំងឺអុតធំ សាហាវណាស់សម័យនោះ បើព្យាបាលមិនជា នឹងត្រូវស្លាប់ ដែលគ្រូពូកែខ្លះ មានរបៀបព្យាបាល ដោយការជោះយកមេអុតស្ងោរសម្លាប់ចោលតែម្តង។ មេអុតធំ មានទំហំប៉ុនចុងចង្កឹះ វាញាក់ព្រើតៗ ដោយត្រសុលចេញ តាមចំណុចលើខ្លួនមនុស្ស ១០កន្លែង រួមមាន ៖ មេទី១. ចេញចំពីលើក្បាល ឈ្មោះបន្ទូលឆត្រ។ មេទី២. ចេញតាមបបូរមាត់ ឈ្មោះរតនៈស្តោះខ្យល់។ មេទី៣. នៅចុងច្រមុះ ឈ្មោះហិតសម្អុយ។ មេទី៤. នៅកញ្ចឹងក ឈ្មោះឆៀងប្រាសាទ។ មេទី៥. នៅកៀនត្រចៀក ឈ្មោះសៀតផ្កា។ មេទី៦. ចេញនៅពីក្រោយក្បាល ឈ្មោះសង្រែកព្រះឥន្ទ។ មេទី៧. នៅបាតដៃ ឈ្មោះ បាត៥។ មេទី៨. នៅបោះដៃផុត ឈ្មោះយោគគុន។ មេទី៩. នៅជង្គង់ ឈ្មោះច្រត់ព្រះធរណី។ មេទី១០. នៅខ្នងជើង ឈ្មោះឡាំព្រះធរណី។
មេអុតនេះ បើវាធ្វើទុក្ខខ្លាំង ក៏ចេញតាមមុខ ធ្វើឱ្យខូចមុខអស់ ហៅខ្មូតស៊ី ប៉ុន្តែគ្រូខ្លាំងពូកែ មើលស្គាល់មេអុត ក៏យក បន្លាក្រសាំងជោះយកមេនោះ ស្ងោរសម្លាប់ ឬលាបថ្នាំត្រាំពិស ឱ្យវាងាប់តែម្តង។ អ្នកជំងឺត្រូវដេកលើស្លឹកចេក ៧ថ្ងៃ ហាម ងូតទឹក ទើបជាសះស្បើយ។ សូម្បីអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទអង្គឌួង និងមហាកវី សន្ធរម៉ុក ក៏ធ្លាប់កើតអុតធំ នេះ ដែរ ធ្វើឱ្យព្រះភ័ក្ត្រ និងផ្ទៃមុខព្រះអង្គ-លោកមានស្នាមខ្មូត។
គ្រូខ្មែរខ្លាំងពូកែ ជួយព្យាបាលដោយអស់ពីកម្លាំងកាយចិត្ត “មិនបង្គាប់ទ្រនឹប” ប៉ុន្តែនៅពេលជាសះស្បើយ ត្រូវអ្នក ជានោះយកទ្រនឹបទៅជូនគ្រូ ដល់ផ្ទះ តាមសទ្ធាជ្រះថ្លា មានដូចជា “អង្គរ ១តៅ សំពត់ស ១អាវ ចេក ១ស្និត ប្រាក់ ១រៀល ទៀនធូប ភ្ញីផ្កា“ ជាដើម។ គាត់ជាគ្រូឯកជនសុទ្ធសាធ តែមានសីលធម៌ស្អាតស្អំ មិនកេងប្រវ័ញ្ចជនជាតិឯង ក្នុងពេលជំងឺ មហាប្រល័យ កំពុងរាតត្បាតនោះទេ។
ផ្ទុយទៅវិញ សម័យនេះ មិនដូចសម័យមុន ព្រោះគ្រូពេទ្យឯកជន អត់មានពាក្យថា “ជូនតាមសទ្ធា” នោះទេ សុទ្ធតែ បង្គាប់ថ្លៃព្យាបាលទៅតាមទីតាំងខ្ពស់ទាបធំតូច ទំនើប ឬមិនទំនើប។
ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឱ្យគ្លីនិកឯកជន ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ប៉ុន្តែអត់បានឃើញបញ្ជីតម្លៃ ព្យាបាលនោះទេ។ ដឹងអី! ស្រាប់តែលោកគង់ សភា អតីតតំណាងរាស្ត្រនៃអតីតបក្សសង្គ្រោះជាតិ ដើរតាមលោកសម រង្ស៊ី រិះគន់គ្លីនិកឯកជនមួយចំនួន ដែលយកថ្លៃព្យាបាលធ្ងន់ក ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបញ្ហាជីវភាព។ លោកគង់ សភា បានទាំងស្នើដល់ក្រសួងសុខាភិបាល ពិនិត្យតម្លៃព្យាបាលនេះផង ដើម្បីសម្រាលជីវភាពប្រជាពលរដ្ឋ ដែល មួយចំនួនកំពុងអត់ការងារធ្វើ រកលុយសងបំណុលមិនបាន មកជួបការឆ្លងកូវីដ-១៩ ទៀត។
“នគរធំ” ក៏មើលឃើញយ៉ាងនេះដែរ មិនចាំបាច់លោក គង់ សភា បង្ហើបបង្ហាញនោះទេ ព្រោះស្ថានការណ៍បច្ចុប្បន្ន បើ គ្លីនិកឯកជន ខ្វះការយោគយល់ខ្មែរដូចគ្នា បានត្រឹមនាំទុក្ខដល់រាជរដ្ឋាភិបាល។ ដោយហេតុថា មន្ទីរព្យាបាលកូវីដ-១៩ របស់ រដ្ឋ ចង្អៀតរកកន្លែងដេកមិនបាន ទើបក្រសួងសុខាភិបាល សម្រេចឱ្យគ្លីនិកឯកជន ទទួលព្យាបាល ប៉ុន្តែមិនអាចបង្គាប់ឱ្យឯកជន យកតម្លៃព្យាបាលប៉ុណ្ណេះប៉ុណ្ណោះបានឡើយ អាស្រ័យលើមនសិការ មនោសញ្ចោតនាជាតិនិយមរបស់ម្ចាស់គ្លីនិក។
ដូច្នេះបើយោងលើមនោសញ្ចោតនាជាតិនិយម គួរតែគ្លីនិកនីមួយៗ យកថ្លៃព្យាបាលដូចមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យ លោកសង្ឃ) ដែលយកកម្រៃ “១៥ដុល្លារ តើបានទេ?” ១៥ដុល្លារ ស្មើនឹង ៦ម៉ឺនរៀលនេះ បងប្អូនជនរួមជាតិ អាចរកបាន ប៉ុន្តែបើយកថ្លៃព្យាបាលដល់ ១៥០ដុល្លារ ឬ១៣៥ដុល្លារ ដូចគ្លីនិកខ្លះនោះ តើឱ្យបងប្អូនក៏ក្រីក្រ រកលុយឯណាបាន?
សព្វថ្ងៃពួកគាត់កំពុងរស់ត្រដាបត្រដួស អត់ការងារធ្វើ ខ្លះជំពាក់បំណុលធនាគារ ផ្ទះជួល ទឹក ភ្លើង នេះសម្រាប់អ្នក រស់នៅរាជធានី ហើយអាកូវីដចង្រៃ វាឆ្លងខ្លាំងតែអ្នករស់នៅភ្នំពេញ ហ្នឹង។
បើម្ចាស់គ្លីនិក អាចធ្វើតាម “គ្រូពូកែ មិនយកទ្រនឹប” ដូចជំនាន់ដូនតាយើងនោះ ចាត់ទុកថាជាគុណតម្លៃ ឬគុណធម៌ដ៏ ឧត្តង្គុឧត្តម។
យើងឃើញហើយ “លោកបេអាត រិចន័រ” វេជ្ជបណ្ឌិតជនជាតិស្វីស ដែលបានធ្វើពលិកម្មជួយកុមារកម្ពុជា តាមរយៈការ បង្កើតមន្ទីរពេទ្យគន្ធបុប្ផា រហូតដល់លោកទទួលមរណភាពនោះ តើលោកបានចំណេញអ្វីខ្លះពីខ្មែរ? គឺអត់ទេ បានត្រឹមតែ គេសរសើរប៉ុណ្ណោះ។ លោវេជ្ជបណ្ឌិតស្វីស ដ៏មានគុណនោះ លះបង់គ្រប់បែបយ៉ាង ទាំងកាយទាំងចិត្ត មិនខុសពី “គ្រូពូកែ មិនបង្គាប់ទ្រនឹប” ដែលបានជួយសង្គ្រោះប្រជារាស្ត្រខ្មែរ ឱ្យផុតពីជំងឺអាសន្នរោគ និងជំងឺអុតធំ។
សរុបទៅ “គ្រូពូកែ មិនបង្គាប់ទ្រនឹប” គ្រាន់តែជាការគាស់កកាយអតីតកាល មកបង្ហាញតែប៉ុណ្ណោះ ដោយមិនសង្ឃឹម ថា គ្លីនិកឯកជនសម័យថ្មីនេះ អាចធ្វើតាមបានឡើយ។ ប៉ុន្តែបើសិនជាមាន លោក លោកស្រី ម្ចាស់គ្លីនិកណាមួយ ធ្វើគំរូនាំ មុខគេក្នុងការទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយយកថ្លៃព្យាបាលកម្រិតទាប ត្រឹមតែ ១៥ដុល្លារនោះ គួរតែរាជរដ្ឋា- ភិបាល បំពាក់គ្រឿងឥស្សិយយស ឬប័ណ្ណសរសើរ ជូនលោក លោកស្រីវេជ្ជបណ្ឌិត ដ៏មានគុណធម៌ទាំងនោះផង…”៕