Friday, January 24, 2025
Homeបរិយាយរាស្ត្រនយោបាយ

រាស្ត្រនយោបាយ

ដោយ អាចារ្យថាំ

រដ្ឋសភាខ្មែរ សម័យសង្គមរាស្ត្រនិយម បានអនុម័តច្បាប់មួយ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៦៥ តម្រូវឱ្យប្រជាពលរដ្ឋ ខ្មែរ ទាំងប្រុសទាំងស្រី ចាប់ពីអាយុ១០ឆ្នាំ ទៅដល់៥០ឆ្នាំ ត្រូវតែចេះអក្សរ។ កាលនោះ មានប៉ូលិស ដាក់បារ៉ាស់តាមផ្លូវជាតិ ចាំស្ទាក់ហៅមីងៗ ពូៗ ឱ្យចុះពីរថយន្តឈ្នួល អានអក្សរ បើគាត់មិនចេះអានសរសេរ នឹងត្រូវផាកពិន័យ ៥០រៀល។ រហូត មកទល់បច្ចុប្បន្ន ចំនួនអ្នកមិនចេះអក្សរ សល់តិចតួចណាស់ ដូច្នេះជាកត្តានាំឱ្យប្រជាពលរដ្ឋ ក្លាយជា “រាស្ត្រនយោបាយ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីសម័យសង្គមរាស្ត្រនិយម រាស្ត្រមិនចេះអក្សរ មានប្រមាណ ៧០% អ្នកចេះកម្រិតសាលាវត្ត ប្រមាណ ១៥% កម្រិតមធ្យមសិក្សា ប្រមាណ ១០% នៅសល់ ៥% ទៀត កម្រិតឧត្តមសិក្សា។ លុះមើលឃើញពីបញ្ហានេះ រាជរដ្ឋាភិបាល ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានធ្វើសេចក្តីព្រាងច្បាប់ ដាក់ជូនរដ្ឋសភា អនុម័ត “ជារបៀបបង្ខិតបង្ខំឱ្យរាស្ត្ររៀនអក្សរ” ដែលកាលនោះ មានឈ្មោះថា “ចលនាអក្ខរកម្ម” ដោយបង្កើតសាលារៀន ក្រោមផ្ទះ អ្នកចេះតិច បង្រៀនអ្នកមិនចេះ ជួនកាលកូនបង្រៀនឪពុកម្តាយ។ កាលនោះអាចារ្យថាំ នៅរៀនបឋមសិក្សា ឆ្លៀតជួយបង្រៀនអ្នកម្តាយ ឱ្យគាត់ចេះអានសរសេរ កម្រិត “ថ្នាក់កុមារដ្ឋាន” រហូតដល់ម៉ែអាចអានសៀវភៅធម៌ ឬកាសែត រដាក់រដុប។ ពេលគាត់ជិះ រថយន្តទៅភ្នំពេញ ក៏មានប៉ូលិស ហៅចុះយកសៀវភៅ និងក្តារឆ្នួន អានសរសេរ តែគាត់រួចពី ការផាកពិន័យ ទោះជាចេះ រដាក់រដុបក្តី។

កុមារ  ដែលមានអាយុពី ៦ឆ្នាំ ឡើងទៅ ត្រូវឪពុកម្តាយបញ្ជូនទៅសាលារៀន វៀរលែងតែតំបន់ឆ្ងាយដាច់ស្រយាល ចុងកាត់មាត់ញក ទើបនៅសល់មនុស្សមិនចេះអក្សរ។ ជំនាន់នោះ ដោយសារប្រជារាស្ត្រជា “អនក្ខរជន ៧០%” (មិន ចេះអក្សរ) ទើបមានអ្នកនយោបាយខ្លះ បោកប្រាស់បានយ៉ាងស្រួល។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ តាមបែប “ប្រព័ន្ធឯកត្តនាម” ក៏មានបេក្ខជនតំណាងរាស្ត្រ ចុះសំពះរាស្ត្រ ដល់ផ្ទះ ដោយមានយកខ្សែភាពយន្ត ទៅបញ្ចាំងជូនទស្សនា ផង។ បេក្ខជនខ្លះប៉ាវនំបញ្ចុក ទាំងកញ្ជើៗ ស្ទាក់ផ្លូវអ្នកទៅបោះឆ្នោត ឱ្យចូលហូប ដោយឃោសនាថា ឱ្យតែគាត់ជាប់ជា តំណាងរាស្ត្រ នឹងទាមទារតវ៉ាថ្នាក់លើឱ្យលើកផ្លូវលំ ជីកស្រះ សង់សាលរៀន មន្ទីរពេទ្យ៘

ហេតុតែរាស្ត្រមិនចេះអក្សរច្រើនពេក និងគ្មានបណ្តោញផ្សព្វផ្សាយសម្បូរបែបដូចសព្វថ្ងៃ ធ្វើឱ្យពួកគាត់ ឆាប់ជឿសម្តី អ្នកនយោបាយ ក៏បោះឆ្នោតឱ្យគេទៅ។ មានឯណា! ដល់លោកនោះ បានធ្វើតំណាងរាស្ត្រ ប្រាក់ខែជាង ១ម៉ឺនរៀល ដោយ មានប្រាក់ម៉ោង ប្រាក់ប្រជុំផងនោះ គាត់ភ្លេចការសន្យាសូន្យឈឹង។ រាស្ត្រដឹងថាចាញ់បោកអ្នកនយោបាយ ក៏ចងគំនុំ លាក់ កំហឹង លុះរបបប៉ុល ពត ជ្រើសយកសុទ្ធតែមនុស្សមិនចេះអក្សរ ឬចេះតិចតួច ឱ្យធ្វើកម្មាភិបាល ជាហេតុនាំឱ្យមានបទ “ប្រល័យពូជសាសន៍ ព្រោះតែគំនុំនយោបាយ” នេះឯង។

ផ្ទុយទៅវិញ សម័យបច្ចុប្បន្ន មិនដូចមុនទេ ព្រោះប្រជាពលរដ្ឋខ្មែរ ប្រមាណ ៩៥% ចេះអក្សរ នៅសល់ ៥%ទៀត មិន បានរៀនសូត្រ ព្រោះគាត់រស់នៅតំបន់ដាច់ប្រយោល ជាពិសេសគ្រួសារណាដែល “រកស៊ីរើកញ្ជើ រើតោក” ទើបកូនមិនបាន រៀន រវល់តែដើរចច្រប់តាមម៉ែឪ ទៅស៊ីឈ្នួលជួលព័ទ្ធគេ។

កាលបើរាស្ត្រចេះដឹងច្រើន ការពិចារណា ក៏ចេះច្រើនដែរ លុះមានការចែកនិន្នាការនយោបាយ បើគាត់ “បះទៅខាង ណា ខាងណោះហើយ”។ ប្រជាពលរដ្ឋ រហូតដល់ព្រះសង្ឃ កាន់ទូរស័ព្ទទំនើប ស្ទើរតែគ្រប់អង្គនាក់ រឿងស្អីបន្តិចក៏ដឹងដែរ កុំថាដល់រឿងនយោបាយ។ ក្រៅពីចេះភាសា អក្សរសាស្ត្រខ្មែរ បងប្អូនជនរួមជាតិ ចេះរហូតដល់ភាសាបារាំង-អង់គ្លេស ដែលជាភាសាយានសម្រាប់ប្រើក្នុងបណ្តាញសង្គម ដែលគាត់អាចមើលយល់ ស្តាប់ដឹង នូវព័ត៌មានជាតិ និងអន្តរជាតិ “មិន ចាំបាច់គ្រូអាចារ្យណាប្រៀនប្រដៅព្រះអង្គឡើយ

ដូច្នេះករណីអតីតមន្ត្រីបក្សប្រឆាំង មួយចំនួន សុំសិទ្ធិធ្វើនយោបាយ បានទៅបង្កើតគណបក្សថ្មី ជាបន្តបន្ទាប់នោះ ក៏មាន អ្នកនយោបាយខ្លះ អួតអាងថា គាត់ “នឹងហាហៅអ្នកគាំទ្រអតីត ជណភ្រ ឱ្យចូលរួមជាមួយគាត់” និងអួតថា បក្សគាត់នឹង មានរាស្ត្រជឿជាក់ បោះឆ្នោតឱ្យ អាចប្រកួតជាមួយបក្សកាន់អំណាច CNRP បានយ៉ាងរលូន។

ការអួតអាងរបស់អ្នកនយោបាយបក្សថ្មីនោះ បើដូចសម័យ “អក្ខរកម្ម” ប្រាកដជាអាចអូសទាញបានសន្លឹកឆ្នោតមែន ដោយគ្រាន់តែយកកុន ទៅបញ្ចាំងតាមវត្តអារាម ចែកជូនរាស្ត្របានទស្សនាកម្សាន្ត ឬ “ហុចរបស់ ស្រណោះដៃ” ប៉ុន្តែជាមួយ “រាស្ត្រនយោបាយ” ដូចសម័យនេះ អាចនឹងឈានទៅ “អាជ័យធ្លាក់ទឹក! ហៃអើ!ៗ” មិនខានឡើយ។ តើអ្នកនយោបាយ យើងអាងអី ទៅចង់អូសទាញរាស្ត្រដែលមិនពេញចិត្តសកម្មភាពគាស់គាត់ផងនោះ? ទោះជាគាត់ចេះ “មន្តស្នេហ៍សារិកា លិនថោង ឬមណីចិន្តា មហាក្រឡេកញញឹម” ក៏ទៅមិនរួចដែរ។

“រាស្ត្រនយោបាយ” សម័យនេះ ស្តែងចេញតាមទស្សនៈរបស់គាត់ សូម្បីតែគ្រួសារខ្លះ “ប្តីគាំទ្រ CNRPរ ឯប្រពន្ធគាំទ្រ CPP” ក៏លោកប្តីនោះ មិនអាចអូសទាញចិត្តភរិយាឱ្យតាមគាត់បានដែរ ព្រោះប្រពន្ធ ចេះអក្សរហួសកម្រិតបឋមសិក្សា។ ពួកគាត់ដេកឱបគ្នាមែន និងស្រុះស្រួលគ្នាល្អណាស់ រឿងយប់ព្រលប់ ប៉ុន្តែបើចេញរឿងនយោបាយ ច្បាស់ជាឱបគ្នាលែងកើត។

អ៊ីចឹងអ្នកនយោបាយ ចែកចេញពីលោកសម រង្ស៊ី និងលោកកឹម សុខា អួតអាងថា នឹងហាហៅអ្នកនយោបាយរាយរង ឬសកម្មជន ឱ្យចូលរួមក្នុងគណបក្សថ្មីរបស់គាត់នោះ “ដូចសង្ឃឹមផ្កាយលើមេឃ” បើគាត់ចង់ប្រើសម្ភារនិយម អូសទាញក៏ ទៅអត់រួចដែរ ព្រោះពួកគាត់សល់តែបាតដៃទទេ ស្រាប់តែមានលុយ សារុង ក្រមា ដើរចែករាស្ត្រនោះ ធ្វើឱ្យ “រាស្ត្រនយោបាយ” សង្ស័យថា គាត់បានពីគេ។ ប្រទេសជឿនលឿន ដូចអាមេរិក បារាំង អង់គ្លេស ជប៉ុន គ្មានអក្ខរជនទេ ដូច្នេះរាស្ត្រគេ សុទ្ធតែ “រាស្ត្រនយោបាយ” មិនអាចប្រើសម្ភារនិយម អូសទាញបានជាដាច់ខាត។

សរុបទៅ “រាស្ត្រនយោបាយ” គ្រាន់តែជាការប្រៀបធៀបរាស្ត្រខ្មែរ ជំនាន់សង្គមរាស្ត្រនិយម និងបច្ចុប្បន្នប៉ុណ្ណោះ។ រាស្ត្រពីមុនគាត់មិនចេះអក្សរ អត់បណ្តាញព័ត៌មាន ក៏ឆាប់លង់ជឿអ្នកនយោបាយដែលចុះឃោសនាតាមប្រព័ន្ធឯកត្តនាម។ ឯរាស្ត្រខ្មែរ សម័យទូរស័ព្ទទំនើប ហ្វេសប៊ុក យូធូប នេះ បើពួកគាត់មាននិន្នាការទៅណា ទៅហ្នឹងហើយ ព្រោះពួកគាត់ដឹង ព័ត៌មានច្បាស់លាស់ មិនអាចអ្នកនយោបាយណាទៅកុហកពួកគាត់បានឡើយ…”

RELATED ARTICLES