Friday, January 24, 2025
Homeបរិយាយរាស្ត្រសុំការបំភ្លឺ

រាស្ត្រសុំការបំភ្លឺ

ដោយ អាចារ្យថាំ

ករណីកុងទ័រភ្លើងឡើង, ការដាច់ចរន្តញឹកពេក ធ្វើឱ្យរាស្ត្រមួម៉ៅក្តៅស្អុះ គ្រប់គ្នា តែមិនដឹងធ្វើម៉េច ក៏សុំឱ្យខាងក្រសួងភ្លើងចេញការបំភ្លឺ។ ពីមុនធ្លាប់តែ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ចេញមុខស្រាយបំភ្លឺ រីឯប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនី ក៏ធ្លាប់ពន្យល់ដែរ តែរាស្ត្រមិនស្ងប់ចិត្តសោះ ព្រោះការដាច់ ភ្លើងម្តងៗ វាបណ្តាលឱ្យឆេះខូចកុំព្យូរទ័រ រាប់សិបគ្រឿង ឆៅបាយដែលដាំនឹង ចង្ក្រានអគ្គិសនីរាប់ម៉ឺនឆ្នាំង។

រាស្ត្រឆ្ងល់ថា “អគ្គិសនីកម្ពុជា” នៅក្រោមក្រសួងណា? ឬមួយប្រតិភូរាជ-រដ្ឋាភិបាល អត់ចំណុះក្រសួងរ៉ែ និងថាមពល? បើសិនជាចំណុះក្រសួង ហេតុអ្វី អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល មិនសូវឃើញ ឬមិនដែលឮស្រាយបំភ្លឺពីរឿង ដាច់ភ្លើងញឹក?

ពីមុនប្រតិភូរាជរដ្ឋាភិបាលខាងអគ្គិសនី តែងចេញសេចក្តីជូនដំណឹងពីការ ផ្តាច់ចរន្តនៅសង្កាត់នេះ សង្កាត់នោះ ថ្ងៃនេះ ថ្ងៃនោះ ម៉ោងប៉ុន្មាន? ឱ្យរាស្ត្រដឹង មុន ដើម្បីត្រៀមខ្លួនរកផ្លិតបក់ នៅពេលដាច់កង្ហារ ឬម៉ាស៊ីនត្រជាក់។ សម្រាប់ រោងពុម្ព រោងចក្រ សហគ្រាស ក៏អាចត្រៀមម៉ាស៊ីនភ្លើងខ្នាតតូច នៅពេលភ្លើង រដ្ឋដាច់ មិនឱ្យស្ទះដំណើរការផលិតកម្ម។ លុះជួបវិបត្តិកូវីដ-១៩ ក៏ស្រាប់តែ ដាច់ភ្លើងដោយគ្មានការជូនដំណឹងមុន ជួនកាល ១ថ្ងៃ ដាច់ពីរបីដង បានត្រឹមមីងៗ ឬនាងៗ ខ្លះមានកូនខ្ចី ទ្រាំមិនបាន ក៏របូតមាត់ជេរប្រទេចមេភ្លើង ដែលធ្វើឱ្យ ដាច់កង្ហារ ទុកឱ្យកូនគាត់ស្រែកយំ។

ទោះជារាស្ត្រជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ ក៏នៅតែអាចរកលុយបង់ថ្លៃទឹក ថ្លៃ ភ្លើងបានដែរ ព្រោះខ្លាចគេផ្តាច់ចរន្តខានប្រើ ប៉ុន្តែលុយបង់ចេញតាមវីង ទៅហើយ ហេតុអ្វីភ្លើងដាច់មិនឈប់… ហេតុអ្វី?

កាលពីសម័យសង្គមរាស្ត្រនិយម កម្រណាស់រឿងដាច់ភ្លើង ជាពិសេសក្រុង ភ្នំពេញ មិនដែលដាច់ទេ ២៤,២៤ម៉ោង ដែលកាលនោះ បច្ចេកវិទ្យាខាងអគ្គិសនី ក៏នៅមានកម្រិតទាប ប៉ុន្តែមន្ត្រីអគ្គិសនី ធ្វើការល្អណាស់។ បច្ចុប្បន្ន បច្ចេកវិទ្យា ខាងអគ្គិសនី មានកម្រិតខ្ពស់ ដោយមិនខ្វះវិស្វករ ឬបណ្ឌិតគ្រប់គ្រងមុខក្រសួង វាទៅជាដាច់ភ្លើងនោះដាច់។

រដូវវស្សា ចូលមកដល់ហើយ នៅតាមតំបន់ទឹកធ្លាក់នានា មិនខ្វះទឹក អាច យកជាកម្លាំងទាញទួរប៊ីន បង្វិលចក្របង្កើតចរន្តវារីអគ្គិសនី។ បូកនិងរោងចក្រ អគ្គិសនី ដែលមានស្រាប់ រួមទាំងការទិញភ្លើងពីវៀតណាម ផងនោះ អាចថា លែងខ្វះភ្លើងប្រើហើយ នៅរដូវវស្សានេះ ប៉ុន្តែ “ដាច់នោះដាច់!” មិនដឹងមកពីស្អី?

ឥឡូវ “រាស្ត្រសុំការបំភ្លឺផងទាន!” គឺចង់ដឹងពីក្រសួងរ៉ែ និងថាមពល ម្តង ព្រោះខាងមន្ត្រីគ្រប់គ្រងអគ្គិសនី សួរលែងឆ្លើយទៅហើយ។ មិនធម្មតាទេ នៅ ពេលឃើញរាស្ត្ររអ៊ូរទាំតាមហ្វេសប៊ុក ដដែលៗយ៉ាងនេះ ប៉ុន្តែមន្ត្រីអគ្គិសនី កាន់ តែផ្គើន ឬចុចផ្តាច់ចរន្តកន្លែងណាដែលរាស្ត្ររអ៊ូរទាំ។

រឿងដាច់ភ្លើង មិនចាំបាច់ទីស្តីការគណៈរដ្ឋមន្ត្រី បំភ្លឺនោះទេ គឺត្រឹមកម្រិត អ្នកនាំពាក្យអគ្គិសនីកម្ពុជា (បើមាន) ក៏អាចបកស្រាយពន្យល់បានហើយ។ បើ ខាងអគ្គិសនីលែងឆ្លើយ គួរតែអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ស្រាយបំភ្លឺ ក៏ កាន់តែល្អ។ បើស្ងាត់ឈឹង ទាំងមេទាំងកូន យ៉ាងនេះ ពេលដាច់ភ្លើង ដាច់ចរន្ត ឆេះកុំព្យូទ័រ, ឆេះម៉ាស៊ីនបោះពុម្ព, ឆៅបាយរាប់ម៉ឺនឆ្នាំង តើខាងណាទទួលខុសត្រូវ?

រាស្ត្រដែលរអ៊ូខ្លាំង គឺភាគច្រើនគាំទ្រគណបក្សប្រជាជនកម្ពុជា សូម្បីតែមន្ត្រី រាជការ តាមក្រសួងស្ថាប័ន ក៏មួម៉ៅក្តៅស្អុះដែរ នៅពេលដាច់ភ្លើងម្តងៗ។

ហេតុនេះ ដើម្បីឱ្យរាស្ត្រអស់សង្ស័យពីរឿងដាច់ភ្លើងញឹក នៅរដូវភ្លៀងនេះ សូមស្នើការបកស្រាយបំភ្លឺ ឱ្យបានក្បោះក្បាយផង ជាពិសេស សូមឱ្យដំណឹងមុន ផង បើត្រូវផ្តាច់ចរន្តនៅសង្កាត់ ខណ្ឌណា កុំស្ងាត់ៗដាច់យ៉ាងនេះ ចប់ហើយ!…”៕

RELATED ARTICLES