ដោយ អាចារ្យថាំ
សុភាសិតខ្មែរថា “ឆ្កែទាល់ច្រក រលកទាល់ច្រាំង” មានខ្លឹមសារអប់រំអ្នកនយោបាយ ឬអាជីវករ ឱ្យចេះប្រុងប្រយ័ត្ន ចំពោះមនុស្សទាល់ច្រក បើយើងព្យាយាមរារាំងបាំងខ្ទប់អាចនាំឱ្យមានគ្រោះថ្នាក់។ កន្លងមក យើងមិនដែលយករឿងឆ្កែ មកប្រៀបធៀបនឹងមនុស្សទេ ព្រោះជាតិជាមនុស្ស មានតម្លៃណាស់ លុះបានឃើញអ្នកវិភាគ និងអ្នកជេរគ្នា កាត់តរូបឆ្កែ ដាក់ក្បាលមនុស្ស ទើប “នគរធំ” សម្រេចលើកសុភាសិត “ឆ្កែទាល់ច្រក រលកទាល់ច្រាំង” មកធ្វើប្រធានបទបរិយាយ ថ្ងៃនេះ…។
លោក រស់ សារ៉ុម អ្នកវិភាគនយោបាយ-សង្គម បានផ្តល់បទសម្ភាសន៍ដល់ “នគរធំ” បន្ថែមពីលើសំណេរតាមហ្វេសប៊ុក ថា “រាជរដ្ឋាភិបាលចម្រុះអាណត្តិថ្មី ក្តីសង្ឃឹម កឹម សុខា CPP សុខចិត្តប្រើឆ្កែកាច តែមិនប្រើឆ្កែអង្គែស៊ី កឹម សុខា ដាច់ ខាត។ វគ្គចែកចានឆ្នាំងគ្នា មកដល់ហើយ”។
សំណេរនេះ អ្នកវិភាគចង់ផ្តោតប្រៀបធៀបលោកសម រង្ស៊ី ជា “ឆ្កែកាច” រីឯលោកកឹម សុខា ជា “ឆ្កែអង្គែស៊ី” មានន័យ ប្រមាថបន្តិច ព្រោះអ្នកនយោបាយកំពូល បើមានគេប្រៀបធៀបទៅនឹងសុនខ បែបនេះ “ឆ្នាំងមិនក្តៅទេ តែក្តៅគម្របឆ្នាំង” ពោលគឺធ្វើឱ្យអ្នកគាំទ្រអ្នកនយោបាយទាំងពីរនោះ មួម៉ៅក្តៅក្រហាយ។ ព្រោះតែហេតុនេះហើយ បានជា “នគរធំ” មិនហ៊ាន ប្រៀបធៀបមនុស្ស ឬពួកប្រឆាំង ទៅនឹងឆ្កែ គ្រាន់តែប្រៀបទៅនឹងសត្វឯទៀត ដូចជា ដំរី សេះ គោ ក្របី មាន់ទា៘
ជាងនេះទៀត ពួកប្រឆាំង ក៏បានកាត់តរូបថ្នាក់ដឹកនាំប្រទេស ខ្លួនឆ្កែ ក្បាលមនុស្ស យ៉ាងអាក្រក់អាក្រី ជាហេតុនាំឱ្យ តម្លៃឥស្សរជនខ្មែរ កាន់តែថយថោក ព្រោះតែប្រៀបធៀបមនុស្សទៅនឹងសុនខ។ ទោះយ៉ាងណា សុភាសិត “ឆ្កែទាល់ច្រក រលកទាល់ច្រាំង” មានខ្លឹមសារអប់រំល្អ មិនធ្ងន់ដូចពាក្យ “ឆ្កែកាច ឆ្កែឆ្កួត ឆ្កែអង្គែស៊ី ឆ្កែបំបង់បាយ ឆ្កែវង្វេងម្ចាស់”… នោះ ទេ ដែល “នគរធំ” សូមបរិយាយលម្អិតដូចខាងក្រោម ៖
“ឆ្កែទាល់ច្រក” ចង់សំដៅដល់ “ឆ្កែជា” វាមិនឆ្កួតអ្វីទេ ប៉ុន្តែមនុស្សចង់វាយឆ្កែ ក៏កៀងឱ្យចូលបន្ទប់ រួចបិទទ្វារ ព្រួតគ្នា វាយសម្លាប់។ ឆ្កែទាល់ច្រកបែបនេះ វាលែងស្លួតទៀតហើយ បើមនុស្សវាយវាៗលោតទៅខាំ មិនសុខចិត្តងាប់ភ្លាមៗនោះ ទេ ជួនកាលវាខាំអ្នកកាន់ដំបង ព្រនង់ឱ្យដេកដួល រកផ្លូវរត់គេចតាមប្រឡោះ រួចជីវិតក៏មាន។ ឆ្កែទាល់ច្រកដែលមនុស្ស កៀងចូលបន្ទប់ មកពីវាវង្វេងផ្ទះ ដូចឆ្កែខ្លះ តាមម្ចាស់ទៅផ្សារ ស្រាប់តែវង្វេង រកផ្ទះមិនឃើញ ក៏ចេះតែដើរទម្លាក់កន្ទុយ ធ្លាក់អណ្តាត ព្រោះវាខ្លាចឆ្កែឯទៀតខាំ។ លុះទៅប៉ះមនុស្សឃ្លានសាច់ឆ្កែ ក៏ស្រែកថាឆ្កែឆ្កួត ដោយព្រួតគ្នាកៀងវាយសម្លាប់ ជួនកាលក៏បានសាច់ឆ្កែនោះស្លការី ជួនកាលឆ្កែរត់រួច បន្ទាប់ពីខាំអ្នកកៀងឱ្យដេកដួលក្នុងថ្លុកឈាម។
“រលកទាល់ច្រាំង” សំដៅដល់រលកសមុទ្រ បោកផ្ទប់នឹងច្រាំងថ្ម ទោះជាខ្លាំងយ៉ាងណាក៏បែកខ្ចាយ ឬបែកផ្កាត្រែង ប៉ុន្តែ រលកបោកផ្ទប់ច្រាំងនោះ យូរៗទៅវាសឹកថ្ម។ រលកយក្ស ឬរលកស៊ូណាមិ ដែលកើតឡើងពីការរញ្ជួយដីបាតសមុទ្រ មាន កម្ពស់ ១០ម៉ែត្រ អាចវាយផ្ទប់តំបន់ឆ្នេរ ឆក់យកជីវិតមនុស្ស ប៉ុន្តែរលកយក្សនោះ បែកខ្ចាយនៅពេលបោកផ្ទប់នឹងភ្នំ។
បើបរិយាយតាមន័យធៀប “ឆ្កែទាល់ច្រក” សំដៅដល់ពួកប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែល សព្វថ្ងៃ កំពុងទាល់ច្រកផ្នែកនយោបាយ។ ធម្មតាអ្នកប្រឆាំង តែងលាក់គំនុំ លាក់កំហឹង លាក់ការសងសឹក លុះដល់ដំណាក់-កាល អ្នកខ្លាំង “ខ្ទប់ច្រក” មិនឱ្យចូលស្រុក មិនឱ្យបញ្ចោញមតិរិះគន់ អាចនឹង “ខាំអ្នកខ្ទប់” ដូចសុនខ ត្រូវមនុស្សព័ទ្ធវាយ សម្លាប់។ ទោះជាពួកប្រឆាំងគ្មានអាវុធ មិនអាចយកឈ្នះបក្សកាន់អំណាច ក៏ “កម្លាំងប្រឆាំង” ស្តែងចេញតាមការជេរ ប្រទេច អុជអាល ចាក់ដោត ញុះញង់ អាចធ្វើឱ្យ CPP មានបញ្ហា។ ឆ្កែឆ្កួត វាខាំមនុស្សតែ ១ចង្កូម ក៏ឈប់ខាំ ប៉ុន្តែឆ្កែជា ដូចឆ្កែប៊ែរហ្សេ ជាដើម វាខាំទាល់តែមនុស្សដេកដួលទើបឈប់។ ឆ្កែប្រភេទណាក៏ដោយ ឱ្យតែខាំមនុស្ស ទាល់តែចាក់ថ្នាំ “បង្ការជំងឺឆ្កែឆ្កួត” ដែលពីដើម គេចាក់ក្បាលពោះ ២១ម្ជុលឯណោះ។
សំណេរលោក រស់ សារ៉ុម និយាយពី “ឆ្កែកាច” ចង់សំដៅដល់ក្រុមលោកសម រង្ស៊ី គឺមិនមែនឆ្កួតទេ ដូច្នេះឆ្កែកាច ត្រូវ មនុស្សកៀងចូលបន្ទប់ ខ្ទប់វ៉ៃស្លការី បើភ្លាត់ស្នៀត ច្បាស់ជាត្រូវចង្កូមឆ្កែកាច ពិបាករកពេទ្យប៉ាស្ទ័រ ឱ្យជួយមិនខាន។ ចំណែក “ឆ្កែអង្គែស៊ី” ចង់សំដៅដល់លោកកឹម សុខា និងក្រុមគាត់នោះ “មិនខាំមនុស្សទេ” ប៉ុន្តែបើទុកឱ្យឆ្កែ ដេកក្រវៀនអេះប្រញាយ នោះ ធ្វើឱ្យមេរោគកើតចេញពីខ្លួនឆ្កែ ហើរពេញផ្ទះ។ ឆ្កែអង្កែស៊ី ជ្រុះមមីស ជ្រុះរោម ស្ទើរអស់ពីខ្លួន ស្បែកវាឡើងគគ្រើម មិនខុសពីមនុស្សកើតស្រែងដែក បើម្ចាស់ឆ្កែ មិនរកថ្នាំលាបឱ្យ ផ្តល់ផលវិបាកជាង ឆ្កែកាចទៅទៀត។ គេគ្រាន់តែយកប្រេង ខ្មៅ បង្ហូរចេញពីម៉ាស៊ីនម៉ូតូ ទៅលាបឱ្យឆ្កែ ក៏អាចជួយវាឱ្យបាត់រមាស់ និងសះជាវិញ មិនគួរទុកឱ្យឆ្កែទាល់ច្រក អេះប្រញាយ នោះទេ។
ដូច្នេះ “ឆ្កែទាល់ច្រក” សំដៅដល់ពួកប្រឆាំង CNRP នេះឯង ដែលត្រូវបែងចែកជា “ឆ្កែកាច និងឆ្កែអង្គែស៊ី” ដូចអ្វីដែល លោក រស់ សារ៉ុម បានសរសេរ និងផ្តល់សម្ភាសដល់ “នគរធំ”។ CPP អាងដំបងព្រនង់ កៀងឆ្កែបញ្ចូលទ្រុង ព្រួតគ្នាវ៉ៃ កុំស្មាន ថាងាយ ព្រោះឆ្កែទាល់ច្រក ទោះជាស្លួតយ៉ាងណា ក៏ប្រែទៅជាកាច ដោយសារវាមិនសុខចិត្តឱ្យមនុស្សសម្លាប់ងាយៗ នោះទេ។
“រលកទាល់ច្រាំង” ទោះជាវាបែកខ្ចាយពេលបុកច្រាំង ក៏អាចធ្វើឱ្យច្រាំងថ្មនោះ សឹករេចរឹលបន្តិចម្តងៗ ដែលមនុស្សមិន អាចរកមធ្យោបាយបាំងទឹករលកបានឡើយ។ ខ្យល់ជាប្រភពនាំទឹករលកឱ្យផ្ទប់ច្រាំង តើមនុស្សអាចរារាំងខ្យល់ ឬហាម ឃាត់ “វាយុទេព” បានទេ?
តាមការស្ទាបស្ទង់ បណ្ឌិត បញ្ញវន្ត ប្រជាពលរដ្ឋភាគច្រើននៅកម្ពុជា អត់ចង់ឱ្យមានករណី “ឆ្កែទាល់ច្រក រលកទាល់ ច្រាំង” យ៉ាងនេះទេ ពោលគឺពួកគាត់ចង់ឱ្យ “អាណិតឆ្កែវង្វេងផ្ទះ” ដោយហៅវាបោះសាច់ ឬដាក់បាយឱ្យស៊ី មិនចង់ឱ្យវ៉ៃ ស្លការីនោះទេ។ ផ្ទុយទៅវិញ បុគ្គលពុករលួយ រកស៊ីបំពានច្បាប់ ឬបានបុណ្យស័ក្តិ ទ្រព្យសម្បត្តិ ស្តុកស្តម្ភ ដោយការកេង ប្រវ័ញ្ច “ចង់វ៉ៃឆ្កែឱ្យងាប់ផុតពូជ” កុំឱ្យព្រុសរំខានគេតទៅទៀត។ ឆ្កែទាល់ច្រកដែលមនុស្សខ្ទប់ជាប់ “ព្រុសគ្រហឹម” ការពារ ខ្លួនវាខ្លាំងណាស់ ដូចសព្វថ្ងៃ យើងឃើញហើយ តាមបណ្តាញសង្គម ការជេរព្រុសប្រមាថ CPP ធ្ងន់ៗណាស់។
ទោះជា CPP ព្យាយាមធ្វើច្រាំងថ្ម ការពារស្រុតដី បាក់ច្រាំងទន្លេយ៉ាងណា ក៏ទឹករលកនៅតែបោកច្រាំងជានិច្ចនិរន្តរ៍។ សំឡេងប្រឆាំងស្តែងចេញតាម “ឆ្កែកាច ឆ្កែអង្គែស៊ី ទឹករលក” គ្មានគ្រូអាចារ្យណាអាចទប់ទល់បានឡើយ សូម្បីព្រះសម្មា-សម្ពុទ្ធបរមគ្រូ មានប្ញទ្ធិបារមីយ៉ាងណា ក៏ព្រះអង្គមិនអាចទប់ពាក្យញុះញង់អុជអាលពីពួក “អចេលក៍ ឬពួកនិគ្រន្ថ” ក្រៅ សាសនាបានឡើយ។
សរុបទៅ “ឆ្កែទាល់ច្រក រលកទាល់ច្រាំង” មានន័យយ៉ាងនេះឯង។ “នគរធំ” មិនចង់ប្រៀបធៀបពួកប្រឆាំងទៅនឹង ឆ្កែយ៉ាងនេះទេ តែមកពីមើលឃើញថា សព្វថ្ងៃ ការកាត់តរូបឆ្កែក្បាលមនុស្ស កំពុងកាច់កុងគ្នាស្មើដៃរវាងពួកប្រឆាំង និង អ្នកគាំទ្រ CPP។ លុះមានអ្នកវិភាគលើកឡើងពី “ឆ្កែកាច ឆ្កែអង្គែស៊ី” ប្រៀបធៀបទៅនឹងមេប្រឆាំងទាំងពីរនាក់នោះ កាន់តែធ្ងន់មែនទែន។ ហេតុនេះ “ឆ្កែទាល់ច្រក រលកទាល់ច្រាំង” ដែលបកស្រាយនេះ មិនធ្ងន់ពេកទេ បើបក្សកាន់អំណាច ប្រឹងតែខ្ទប់វ៉ៃឆ្កែ ប្រយ័ត្នឆ្កែខាំ…”៕