Friday, January 24, 2025
Homeបរិយាយពូជក្បត់ជាតិ

ពូជក្បត់ជាតិ

ដោយ អាចារ្យថាំ

ប្រទេសដែលមានសុខសន្តិភាព គេប្រយ័ត្នបំផុតមិនឱ្យមានជម្លោះនយោបាយ ឬអយុត្តិធម៌សង្គមនោះទេ។ សូម្បីតែពាក្យ “ក្បត់ជាតិ” ក៏ប្រទេសខ្លះមានសិង្ហបុរី ស្វីស ប៊្រុយណេ ជាដើម ចេះប្រយ័ត្នមិនឱ្យមាននៅលើទឹកដីគេ។

ផ្ទុយទៅវិញកម្ពុជា ឮតែពាក្យ “ពូជក្បត់ជាតិ” បន្តគ្នាឱ្យរដឹក ដែលជាពាក្យ អសុរោះ សម្រាប់ត្រចៀកមនុស្សមានព្រហ្មវិហារធម៌ តែក៏ជាពាក្យពីរោះ សម្រាប់ មនុស្សសាងអកុសលកម្ម។

ពីមុនឮតែមន្ត្រីបក្សកាន់អំណាច តិះដៀលមេប្រឆាំងសម រង្ស៊ី ថា ជា “ពូជ ក្បត់ជាតិ” ព្រោះលោក សម សារី ឪពុកលោកសម រង្ស៊ី ធ្លាប់រងការចោទប្រកាន់ ក្បត់ជាតិ ពីរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម។ គេចោទថា សម សារី លក់ក្បាល ឱ្យអាមេរិក បម្រើនយោបាយថៃ និងអាយ៉ងព្រៃនគរ។ លុះដល់វេនលោកសម រង្ស៊ី ក៏ត្រូវចោទពីបទក្បត់ជាតិ ឯអ្នកគាំទ្រ CPP ក៏បន្ថែមថា “ពូជអាក្បត់ជាតិ” រហូតដល់មេប្រឆាំងនេះ ត្រូវកាត់ទោសជាប់ពន្ធនាគារ ជាង១០០ឆ្នាំ តែដាក់ គុកបានតែខ្យល់។

ឥឡូវក៏ស្រាប់តែលោកសម រង្ស៊ី ឡងមកវិញថា គណបក្សប្រជានជនកម្ពុជា ពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា “ពូជក្បត់ជាតិ” គឺជាប់ពូជពីសឺង ង៉ុកមិញ ហៅអាចារ្យមៀន។ ខណៈដែល CPP ប្រារឰពិធីខួបទី៧០ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា (CPP) ត្រូវនិងថ្ងៃទី២៨ ខែមិថុនា ១៩៥១-២៨ មិថុនា ២០២១ លោកសម រង្ស៊ី បានបង្ហោះសំណេរតាមហ្វេសប៊ុក ថា “ជនជាតិ ខ្មែរ គ្រប់រូប ត្រូវដឹងថា បិតាស្ថាបនិកគណបក្សប្រជាជនកម្ពុជា និងជនក្បត់ជាតិ ឈ្មោះសឺង ង៉ុកមិញ ហៅអាចារ្យមៀន (អាចារ្យក្លែងក្លាយ) ដែលបម្រើ ផលប្រយោជន៍ជនបរទេសដែលមានបំណងលេបត្របាក់ទឹកដីខ្មែរ”។

នែ៎! វាទៅជាអ៊ីចឹងទៅ ! ឥឡូវមេដឹកនាំខ្មែរ ទាំងស្រប ទាំងប្រឆាំងចោទ ប្រកាន់គ្នា “ពូជក្បត់ជាតិ” ស្តាប់ទៅឡើងសង្កៀរត្រចៀកតែម្តង។ បើនាយក- រដ្ឋមន្ត្រី ក្បត់ជាតិ មេប្រឆាំង ក៏ក្បត់ជាតិ អ៊ីចឹងមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រ CPP និងគាំទ្រអតីត CNRP “ចង់មិនចង់ ក៏ជាប់ពូជក្បត់ជាតិ” គ្មាន សល់ម្នាក់។

តើនៅកម្ពុជា “អត់អ្នកស្នេហាជាតិទេអី?” បានជាពន្លះគ្នា សុទ្ធតែក្បត់ជាតិ យ៉ាងនេះ ដែលករណីនេះ មកពីមានការសងសឹកគ្នា បានជាលោកសម រង្ស៊ី ទរ វិញធ្ងន់ៗពិបាកទប់។ គាត់ចោទថា សឺង ង៉ុកមិញ បម្រើមេដឹកនាំយួន ហូ ជីមិញ ចង់បន្លំខ្លួនជាប្អូនលោកសឺង ង៉ុកថាញ់ ព្រោះជមនាន់នោះ លោកសឺង ង៉ុកថាញ់ មានប្រជាប្រិយភាពខ្លាំងណាស់។

ករណីយកខ្មោច មកបរិហារកេរ្តិ៍បែបនេះ អត់ល្អទេ ដូចអ្នកគាំទ្រ CPP ប្រឹង គាស់កកាយរឿងលោកសម សារី ដែលស្លាប់ជាង ៦០ឆ្នាំទៅហើយ តើបាន ចំណេញស្អី? រីឯលោកសម រង្ស៊ី និងអ្នកគាំទ្រគាត់ប្រឹងគាស់កកាយរឿងសឺង ង៉ុកមិញ ដែលបាត់រូបបាត់រាង ៦-៧ទសវត្សមកហើយនោះ បានចំណេញស្អី?

ចំណេញនៅត្រង់ “បាត់បង់ឯកភាពជាតិ” ហ្នឹងឯង ឬថា CPP មិនចង់ឱ្យ ពួកប្រឆាំង មករញ៉េរញ៉ៃពិបាកធ្វើការ ឬពិបាកអនុម័តច្បាប់ ទាល់តែចេញបទ ចោទ “ពូជក្បត់ជាតិ”។ រីឯលោកសម រង្ស៊ី ចំណេញនៅត្រង់បំបែកសតិអារម្មណ៍ ផ្ទៃក្នុង CPP ឱ្យមានការរើសអើងពូជសាសន៍រវាងកម្ពុជា-វៀតណាម។

ឱ! ខ្មែរអើយ! បើនាំគ្នាចេញក្បួន “ពូជក្បត់ជាតិ” យ៉ាងនេះ បើភ្លាត់ស្នៀត អាចដូចរបបប៉ុល ពត ទៀត។ របបនោះ គេចោទគ្នា “ក្បត់ជាតិ អាយ៉ងយួន គិញយួន” ដើម្បីបានលេសយកជនរងគ្រោះទៅសម្លាប់។ មិនខុសពីបក្សកាន់-អំណាច ចោទលោកសម រង្ស៊ី ក្បត់ជាតិ មានម្តាយជាយួន លុះលោកសម រង្ស៊ី ទរវិញថា សម្តេចហ៊ុន សែន ជាកូនធម៌សឺង ង៉ុកមិញ ពូជក្បត់ជាតិ។

បើអាចឈប់បាន ឈប់ទៅ ! ខ្មែរដូចគ្នាទេ គ្មានឈាមយួនទេ បើខ្មែរសុទ្ធ តែក្បត់ជាតិយ៉ាងនេះ តើអ្នកណាទៅអ្នកស្នេហាជាតិ???…”៕

RELATED ARTICLES