ដោយ អាចារ្យថាំ
សង្គ្រាម គឺជាអណ្តាតភ្លើង ចាប់ប្រភពពីផ្សែងនយោបាយ ដែលហុយខ្មៅខ្មួលឆួលឆេះសំរាម លុះខ្យល់និន្នាការបោក បក់ខ្លាំង វាឆាបវឹប! គ្មានអ្វីទប់ឈ្នះ។ ពួកប្រឆាំង បានលើកឡើងថា តាំងពីស្រុកខ្មែរ បានទទួលឯករាជ្យ ពីបារាំងមក មិនដែល មានសង្ក្រាមក្រៅស្រុកទេ គឺមានតែសង្គ្រាមក្នុងស្រុក ច្បាំង បាញ់ប្រហារកាប់ចាក់គ្នាឯង ចំណេញបរទេស និងលើកឡើង ថា បើខ្មែរនៅតែឈ្លោះគ្នាដូចពេលនេះ “សង្គ្រាមស៊ីវិល” នឹងផ្ទុះឡើងជាថ្មី ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “សង្គ្រាម” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
បារាំងបានដាក់អាណានិគមលើកម្ពុជា រយៈពេលជិត ១សតវត្ស បានបង្កើតជាសង្គ្រាមជាមួយប្រទេសសៀម និងទប់ទល់ ចលនាបះបោររបស់អ្នកស្នេហាជាតិខ្មែរផង។ បារាំង បានដាក់ឈ្មោះសង្គ្រាមខុសៗគ្នា ជាភាសាបារាំង ដូចជា ៖
-សង្គ្រាមក្រៅប្រទេស (guerre étrangère) ៖ គឺជាសង្គ្រាមរវាងប្រទេសមួយនឹងប្រទេសមួយ។ តាំងពីសម័យអង្គរ រហូតដល់លង្វែក-ឧដុង្គ យើង។ តាំងពីសម័យអង្គរ រហូតដល់សម័យលង្វែក-ឧដុង្គ យើងដឹងថា ព្រះមហាក្សត្រខ្មែរគ្រប់អង្គ ជា “ស្តេចសឹក” តែងលើកទ័ពទៅបង្ក្រាបប្រទេសជិតខាង ដាក់ជាចំណុះ ដូច “ព្រះបាទជយវរ្ម័នទី៧” បានធ្វើសង្គ្រាមជាមួយ នគរចាម សឹងមានរូបចម្លាក់កងទ័ពជើងទឹករបស់ព្រះអង្គ នៅជញ្ជាំងថែវ ប្រាសាទបាយ័ន ជាភ័ស្តុតាងស្រាប់។ តេជោមាស តេជោយ៉ត ជាវីរបុរសខ្មែរ តែងលើកទ័ពទៅទប់ទប់ទល់ចំពោះការឈ្លាន ពានរបស់កងទ័ពសៀម ប្តូរផ្តាច់ការពារជាតិមាតុ- ភូមិ មិនស្តាយអាយុជីវិត។
-សង្គ្រាមស៊ីវិល (guerre civile) ៖ សំដៅដល់សង្គ្រាមក្នុងស្រុក ច្បាំងតែគ្នាឯងដណ្តើមអំណាច។ សង្គ្រាមរវាងស្តេចកន និងព្រះច័ន្ទរាជា រយៈពេល ១៤ឆ្នាំ គឺជាសង្គ្រាមស៊ីវិលនេះឯង វាផ្តើមចេញពី “ជម្លោះនយោបាយ” បន្ទាប់ពីស្តេចកន ធ្វើ រដ្ឋប្រហារផ្តួលរំលំព្រះបាទស្រីសុគន្ធបទ រីឯព្រះច័ន្ទរាជា ជាព្រះអនុជ ព្រះបាទស្រីសុគន្ធបទ ភៀសព្រះកាយទៅស្រុកសៀម និងលបចូលស្រុកខ្មែរវិញ កេណ្ឌទ័ពច្បាំងនឹងស្តេចកន ពុះទឹកដីខ្មែរចែកគ្នាត្រួតត្រា។ សង្គ្រាមរវាងកងទ័ពរំដោះនៃ “រណសិរ្ស រួបរួមជាតិកម្ពុជា” ជាមួយពួកទាហានលន់ នល់ ពីឆ្នាំ១៩៧០-១៩៧៥ ក៏ជា “សង្គ្រាមស៊ីវិល” ដែរ ដែលខ្មែរបាញ់ប្រហារ សម្លាប់គ្នា យកគ្នាជាខ្មាំងសត្រូវ ស៊ីសាច់ហុតឈាមគ្នាគ្មានត្រាប្រណី ដែលផ្តើមចេញពី “ចំហាយរដ្ឋប្រហារ ១៨ មីនា ១៩៧០”។
-សង្គ្រាមត្រជាក់ (guerre froide) ៖ គឺជាសង្គ្រាមពាក្យសម្តី ឆ្លើយឆ្លងគ្នារវាងមហាអំណាចខៀវ-ក្រហម ដោយដំឡើង ចុងកាណុងប្រឈមមុខដាក់គ្នា ប៉ុន្តែមិនផ្ទុះគ្រាប់។ សង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត តាំងពីសម័យ ឡេអូនីដ ប្រេសណេហ្វ មេដឹកនាំកំពូលសូវៀត និងប្រធានាធិបតីជាច្រេនិរូបរបស់អាមេរិក មិនដែលផ្ទុះអាវុធទេ ប៉ុន្តែវា បានធ្វើឱ្យមនុស្សក្នុងពិភពលោកព្រួយបារម្ភពីការផ្ទុះអាវុធនុយក្លេអ៊ែរ។
-សង្គ្រាមសាកល (guerre totale ឬ mondiale) ៖ សំដៅដល់សង្គ្រាមពិភពលោក ផ្តើមឡើងដោយមហិច្ឆតារបស់ អ្នកដឹកនាំប្រទេសវាតទីនិយម។ សង្គ្រាមសកលផ្ទុះ ២ដងហើយ គឺសង្គ្រាមលោកលើកទី១ និងទី២ ជាពិសេសមហិច្ឆតារបស់ ហ៊ីត្លែរ មេដឹកនាំអាល្លឺម៉ង់ ម៉ូសូលីនី របស់អ៊ីតាលី និងព្រះចៅអធិរាជ ហ៊ីរ៉ូហ៊ីតូ នៃប្រទេសជប៉ុន រួមគ្នាជាមុំចង្ក្រាន វាយ យកពិភពលោក បានធ្វើឱ្យមនុស្សស្លាប់រាប់លាននាក់។
-សង្គ្រាមសាសនា (guerre religion) ៖ ផ្តើមឡើងដោយមនោគមន៍វិជ្ជាជំនឿសាសនា ក៏ឆាបឆេះជាសង្គ្រាមឡើង។ នៅប្រទេសឥណ្ឌា ធ្លាប់មានសង្គ្រាមរវាងពួកហិណ្ឌូ និងពុទ្ធសាសននិកជនកើតឡើង រីឯពួកផ្សាយសាសនាគ្រិស្តទៅបណ្តា ប្រទេសនានា ដោយមានពលទាហានជួយការពារផងនោះ ក៏ផ្ទុះសង្គ្រាមជាមួយពួកកុលសម្ព័ន្ធនៅអាហ្វ្រឹក-អាស៊ី ដណ្តើម យកសាសនិកជន។
នៅមានសង្គ្រាមច្រើនទៀត ដែលបារាំងដាក់ឈ្មោះឱ្យបានបញ្ចូលក្នុងវចនានុក្រម ដែល “នគរធំ” ដកស្រង់យកមក បង្ហាញមិនអស់។ សំខាន់បំផុតគឺ “សង្គ្រាមស៊ីវិល” បើអ្នកនយោបាយនៅតែ ពាក់មុខយក្សដាក់គ្នា ដោយគ្មានយុទ្ធសាស្ត្រ បង្រួបបង្រួមឯកភាពជាតិ អាចធ្វើឱ្យ “សង្គ្រាមស៊ីវិល ផ្ទុះឡើងបាន”។
សូមរំព្ញកថា ពីឆ្នាំ១៩៧០-១៩៧៥ ជាសង្គ្រាមស៊ីវិល រវាងកងទ័ពរំដោះសីហនុនិយម និងកងយោធពលសាធារណរដ្ឋ ខ្មែរ របស់លោកសេនាប្រមុខ លន់ នល់។ អ្នកធ្លាប់ឆ្លងកាត់ សម័យសង្គ្រាមនេះ “វេទនាឆ្អែតឆ្អន់” ដោយជួបប្រទះតែការ ព្រាត់និរាសគ្រួសារ អត់បាយក្រហាយទឹក ការគំរាមកំហែង បំភិតបំភ័យ ភ្នែកសេក ភ្នែកលលក។ កាលនោះអ្វីៗវាចាប់ផ្តើម ពី “រដ្ឋប្រហារ” ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីព្រះតំណែងជាព្រះប្រមុខរដ្ឋ លុះពួកមេដឹកនាំខ្មែរក្រហម អុជអាល មិនព្រមឱ្យប្រទេសធ្លាក់ទៅក្រោមរណបអាមេរិក ទើបសម្តេចឪ ព្រះបរមរតនកោដ្ឋ កោះប្រជុំបញ្ញវន្តសំខាន់ៗ បង្កើត “រណសិរ្សរួបរួមជាតិកិម្ពុជា” និងកេណ្ឌទ័ព វាយប្រយុទ្ធតស៊ូឡើង។ អ្នកស្រុកដែលរស់នៅតំបន់រំដោះ ភ័យខ្លាចយន្តហោះ ទម្លាក់គ្រាប់បែក និងរថក្រោះទាហានអាយ៉ងព្រៃនគរ (ធីវគី) ដែលលន់ នល់ ហៅមកជួយ។ រីឯប្រជាជនរស់នៅក្នុង ទីប្រជុំជនដែលលន់ នល់ គ្រប់គ្រង ភ័យខ្លាចគ្រាប់ផ្លោងរបស់ពួកយៀកកុង សហការជាមួយខ្មែរក្រហម។
“សង្គ្រាមស៊ីវិល” កម្រយកឈ្នះពួកព្រៃ តែពួកព្រៃហ្នឹង ចង្រៃមែនទែន ឱ្យតែវាយបែកទីប្រជុំជនណាមួយ ក៏ដុតកម្ទេច ចោល ផ្តាច់ស្ពាន កាត់ផ្លូវជាកង់ៗ និងចាប់ទាហានលន់ នល់ បាញ់ទម្លាក់ទឹកស្រះជាដើម។
ជំនាន់ស្តេចកន ច្បាំងនឹងព្រះច័ន្ទរាជា គេមានរបៀបចម្បាំងគឺរឹបអូសទ្រព្យសម្បត្តិអ្នកនៅតំបន់ខ្មាំង បញ្ចូលជា “ទ្រព្យ របឹប” រីឯមនុស្សដែលគេចាប់បានត្រូវបញ្ចូលជា “ពលរបឹប” អស់តម្លៃជាមនុស្ស ត្រូវគេបង្ខំឱ្យធ្វើការជាទម្ងន់។
“សង្គ្រាមស៊ីវិល” ខាតបង់ធ្ងន់ជាង “សង្គ្រាមក្រៅប្រទេស” ពោលគឺ កងទ័ពសៀម ដែលច្បាំងឈ្នះខ្មែរ ដូចករណី “បែក បន្ទាយលង្វែក” ជាដើម សៀមលួចប្លន់ គម្ពីរដីកា ចាប់អ្នកប្រាជ្ញ កវីបណ្ឌិត យកទៅស្រុកគេ។ ផ្ទុយពីសង្គ្រាមគ្នាឯង មាន ការសងសឹក គំនុំគុំកួន យករឿងឯកជន បញ្ចូលទៅជារឿងជាតិ។
“សង្គ្រាមស៊ីវិល” វាផ្តើមពី “ជម្លោះនយោបាយ” លុះឈ្លោះយូរៗទៅ ក្លាយជា “រដ្ឋប្រហារ” បើកាលណាមានរដ្ឋប្រហារ ច្បាស់ជាផ្ទុះសង្គ្រាម។
ករណីពួកប្រឆាំងខ្លះ លើកឡើងថា តាំងពីស្រុកខ្មែរ បានទទួលឯករាជ្យពីបារាំង មក អត់ដែលកើតសង្គ្រាមក្រៅប្រទេស ឬច្បាំងនឹងយួន-សៀម ដូចសម័យលង្វែកនោះទេ តែជា “សង្គ្រាមស៊ីវិល ” សុទ្ធសាធ។
លោកសោ ចាន់ដេត អតីតតំណាងរាស្ត្របក្សប្រឆាំង ដើរតាមលោកសម រង្ស៊ី បានប្រាប់ “នគរធំ” ថា “លោកហ៊ុន សែន តាំងពីក្មេង គាត់ចូលធ្វើទាហាន…. ប្រវត្តិគាត់… គ្មានតស៊ូវ៉ៃជាមួយសៀម-យួន ណាទេ គ្មានទេតស៊ូអាវុធនៅស្រុកខ្មែរហ្នឹង សង្គ្រាមនៅស្រុកខ្មែរហ្នឹង”។
ទោះបីជាលោកសោ ចាន់ដេត មិនប្រាប់ក៏គេដឹងដែរ ព្រោះតាំងពីឆ្នាំ១៩៥៣ ស្រុកខ្មែរ គ្មានសង្គ្រាមវ៉ៃគ្នាជាមួយ កងទ័ពសៀម ឬកងទ័ពយួន នោះទេ។ សង្គ្រាមរប៉េសរប៉ស នៅប្រាសាទព្រះវិហារ រវាងកងទ័ពថៃ និងកងទ័ពខ្មែរ មិនហៅ សង្គ្រាមក្រៅស្រុកនោះឡើយ រីឯការច្បាំងគ្នារវាងកងទ័ពប៉ុល ពត និងកងទ័ពវៀតណាម កាលពីចុងឆ្នាំ១៩៧៨ ក៏មិនហៅ សង្គ្រាមក្រៅស្រុកដែរ ព្រោះកាលនោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបង្កើត “រណសិរ្សសាមគ្គីសង្គ្រាះជាតិ កម្ពុជា” បានពឹងកងទ័ពវៀតណាម ១៨កងពល ឱ្យជួយវាយប៉ុល ពត។ តាមការចំណាំរៀងមក កាលណាអ្នកនយោបាយ និយាយស្តាប់គ្នាលែងបាន នឹងកើតសង្គ្រាមស៊ីវិល ឬឧទ្ទាមកម្ម មិនខានឡើយ ប៉ុន្តែបច្ចុប្បន្ន មន្ត្រី CPP លើកឡើងថា “ស្រុកខ្មែរ អត់ជម្លោះនយោបាយទេ” មិនគួរបារម្ភដល់សង្គ្រាម។
សរុបទៅ “សង្គ្រាមស៊ីវិល” ផ្តល់គ្រោះមហន្តរាយធ្ងន់ជាងសង្គ្រាមណាៗទាំងអស់។ សូម្បីតែសង្គ្រាមលោកលើកទី២ គេអាចបញ្ចប់ដោយការចុះហត្ថលេខា “អ្នកចាញ់ សងអ្នកឈ្នះ” ប៉ុន្តែសង្គ្រាមស៊ីវិល អត់អ្នកស៊ីសងនោះទេ បើស្រុកទេស ខ្ទេចខ្ទាំ អ្នកឡើងកាន់អំណាចក្រោយ ត្រូវចាប់ផ្តើមកសាងពីបាតដៃទទេ ដែលជាបរិបទសម្រាប់អ្នកមិនធ្លាប់ឆ្លងកាត់សង្គ្រាម ពិចារណាតាមការគួរ….”៕