Tuesday, December 24, 2024
Homeបរិយាយថៃស្រលាញ់វប្បធម៌ខ្មែរ

ថៃស្រលាញ់វប្បធម៌ខ្មែរ

ដោយ អាចារ្យថាំ

ហ្លួងវិជិត វាទកាន អតីតមេធាវីសៀម ឡើងការពារក្តីរឿងប្រាសាទព្រះវិហារ កាលពីដើមទសវត្សឆ្នាំ១៩៦០ បានខ្ជាក់ទ្រឹស្តីជាតិនិយមជ្រុលថា “ខ្មែរមានឈាម ថៃ ៩០ភាគរយ” ដែលទ្រឹស្តីនោះ ត្រូវបានថ្នាក់ដឹកនាំថៃ ដាក់បញ្ចូលទៅក្នុង កម្មវិធិសិក្សា ធ្វើឱ្យសិស្ស និស្សិតថៃ ស្រករក្រោយស្រមើស្រមៃថា ទឹកដីខ្មែរ ជាទឹកដីរបស់ថៃ។

បានជាមេធាវីនោះ ហ៊ានបញ្ចោញទ្រឹស្តីនេះ ព្រោះគេសំអាងទៅលើ “វប្បធម៌ ខ្មែរ និងសៀម ដូចគ្នា” ជាពិសេស “វប្បធម៌ខ្មែរសុរិន្ទ” ដែលជាអតីតខេត្តខ្មែរ ដូចខ្មែរពោធិ៍សាត់ បាត់ដំបង ទើបគេមានលេសនេះ ខ្ជាក់ទ្រឹស្តីជាតិនិយម យ៉ាង នេះទៅ។

ថ្មីៗនេះ លេចធ្លាយព័ត៌មានដ៏រសើបថា ថៃ បានចម្លងយករចនាបទប្រាសាទ អង្គរវត្ត ទៅសាងប្រាសាទអង្គរវត្ត ថ្មីមួយទៀត នៅលើទឹកដីថៃ ក្នុងវត្តមួយ។ ព័ត៌មាននេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ស្នេហាវប្បធម៌ បង្ហោះតាមហ្វេសប៊ុក រិះគន់ ព្រោងព្រាត សូម្បីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បាន បញ្ចោញទស្សនៈ ៧ចំណុចថា ថៃ មិនអាចលេបមរតកវប្បធម៌ខ្មែរ បានឡើយ។

“នគរធំ” ក៏មានទស្សនៈយ៉ាងនេះដែរ ទោះបីហ្លួងវីជិត វាទកានបន្សល់ទុក ទ្រឹស្តីជាតិនិយមជ្រុលយ៉ាងណា ក៏ថៃ មិនអាចលេបយកវប្បធម៌ខ្មែរ បានឡើយ។ ជនជាតិសៀម មានប្រភពពីណានឆាវ វាតទីមកទិសខាងត្បូង កសាងបានរាជា- ណាចក្រសុខោទ័យ នៅសតវត្សទី១៣ ខណៈដែលខ្មែរ មានវប្បធម៌យូរលង់មក ហើយ តាំងពីរជ្ជកាលព្រះបាទហ៊ុន ទៀន ព្រះនាង លីវ យី។ ជនជាតិសៀម មានមហិច្ចតាខ្ពស់ ក៏ពង្រីកទឹកដីបន្តិចម្តងៗ បង្កសង្គ្រាមជាមួយខ្មែរ ស្ទើរគ្រប់ រជ្ជកាល គ្រប់ជំនាន់។

តាមឯកសារខ្លះថា ព្រះមហាក្សត្រសៀម “ព្រះចៅមង្គុតក្លាវ ឬចមក្លាវ” (រាមាទី៤) ដែលខ្មែរយើងហៅ “ស្តេចមកុដ” មានបំណងចង់គាស់យកប្រាសាទ តាព្រហ្ម នៅតបន់អង្គរ ទៅរៀបដំឡើងជាថ្មីនៅលើដីថៃ ប៉ុន្តែគម្រោងការនេះ មិនអាចទៅរួច។ កាលនោះ ខេត្តបាត់ដំបង នៅក្រោមការគ្រប់គ្រងរបស់ស្តេច ត្រាញ់ ត្រកូលអភ័យវង្ស តពូជពី “ចៅហ៊្វាបែន” ដែលមានស្រុកកំណើតនៅខេត្ត តាកែវ តែគាត់សុខចិត្តលក់ក្បាលឱ្យសៀម ដើម្បីបានអំណាច។ ដោយសារតែ មានជំនួយពីស្តេចត្រាញ់ ខេត្តបាត់ដំបង នេះហើយ ទើបស្តេចមកុដ ចង់គាស់ យកប្រាសាទតាព្រហ្ម ប៉ុន្តែការគាស់ដុំថ្មរាប់ពាន់តោន ដឹកតាមរទេះ មិនអាចធ្វើ កើត ក៏ខកបំណងទៅ។

ឯកសារខ្លះថា “ព្រះខ័នជ័យស្រី ឬព្រះខ័នរង” ដែលជាគ្រឿងអាវុធ សម្រាប់ ព្រះមហាក្សត្រខ្មែរ នោះ ធ្លាក់ទៅក្នុងទឹកទន្លេសាប តែបានចៅហ៊្វាបែន ចាត់មនុស្ស ចុះរាវបាន រួចក៏ដង្ហែយកទៅថ្វាយស្តេចសៀម “ព្រះចៅពុទ្ធយ៉តហ្វា ចូឡាលោក” ដែលកំពុងបាត់ព្រះខ័នរាជ្យ មិនអាចឡើងសោយរាជ្យបាន។ ព្រះពុទ្ធយ៉ត មាន នាមដើមថា “ចក្រីដួង” ជាជនជាតិខ្មែរ ស្រុកកំណើតនៅត្រាំសសរ ស្រុក បន្ទាយមាស ខេត្តកំពត បានធ្វើរដ្ឋប្រហាររំលំ “ព្រះចៅតាក” ឡើងគ្រងរាជ្យ បណ្តោះអាសន្ន ៦ខែ ទើបបានសោយរាជ្យពេញសទ្ធិ នៅពេលចៅហ៊្វាបែន ដង្ហែ ព្រះខ័នរាជ្យទៅថ្វាយ។ ស្តេចសៀម បានឱ្យធ្វើដងដាក់ជាថ្មី និងបានយកព្រះខ័ន នោះ ទុកជា “ព្រះខ័នរាជ្យ” រហូតដល់សព្វថ្ងៃ នេះបើយោងតាមឯកសារ ព្រះរាជពិធីទ្វាទសមាស។

រឿងក្តីក្តាំប្រាសាទព្រះវិហារ រឿងថតចម្លងក្បាច់រចនាប្រាសាទអង្គរ គឺមក ពីជនជាតិថៃ ចាត់ទុក “វប្បធម៌ខ្មែរ ជាវប្បធម៌ថៃ” តាមទ្រឹស្តីហ្លួងវិជិត វាទកាន នេះឯង ដែលយើងមិនបាច់សង្ស័យ។ តាមពិតវប្បធម៌ខ្មែរ មានមករាប់ពាន់ឆ្នាំ ហើយ រីឯជនជាតិសៀម ឬស្យាមជាប់វប្បធម៌ចិន ឬណានឆាវ ឯណោះទេ។

ទោះយ៉ាងណា ច្បាប់អន្តរជាតិ មិនអនុញ្ញាតឱ្យប្រទេសណាមួយ លួចយក វប្បធម៌គេទេ បើរកឃើញភ័ស្តុតាង ត្រូវតែប្រទេសត្រូវគេលួចនោះ ប្តឹងទៅតុលាការ អន្តរជាតិ។

ផ្ទុយទៅវិញ បើយើងចេះតែជេរគេ ឬចោទលាបពណ៌គេថាជាចោរនោះ ក៏មិនសមដែរ ព្រោះច្បាប់ មានហើយ ហេតុអ្វីមិនប្រើច្បាប់ បែរជាយកការជេរ ដៀលមកអនុវត្ត? ទម្លាប់អាក្រក់នេះ គឺមកពីខ្មែរ ឆ្លងជម្លោះនយោបាយតែម្តង ពោលគឺជេរខ្មែរដូចគ្នា មិនទាន់អស់ចិត្ត ក៏ជេររាលដាលដល់អ្នកលួចវប្បធម៌។ ហេតុនេះ គួរតែអ្នកលេងហ្វេសប៊ុក ពិចារណាផង រឿងថៃ ចង់បានវត្ថុបុរាណខ្មែរ នោះ គេដឹងហើយ តែរឿងយើងជេរគេ មិនគួរទេទាន…”៕

RELATED ARTICLES