Thursday, January 23, 2025
Homeបរិយាយកាត់សាច់មិនបាន

កាត់សាច់មិនបាន

ដោយ អាចារ្យថាំ

“កាត់ទឹកមិនដាច់ កាត់សាច់មិនបាន” ជាពាក្យស្លោកបុរាណ ដែលប្រជាពលរដ្ឋខ្មែរ បានជ្រាបជាទូទៅ។ សាច់សាលោហិតខ្មែរ ទោះជាចេញទៅរស់នៅ បរទេស ឬជាពួកប្រឆាំង ជាឧទ្ទាម ជាជនក្បត់ជាតិ ក៏ “កាត់សាច់មិនបាន” សម្រាប់មនុស្សជាតិនិយម។

ទោះយ៉ាងណា “ភាសានយោបាយ” ក្នុងពេលមាន “ជម្លោះនយោបាយ” ទោះជាកាត់ទឹកមិនដាច់ កាត់សាច់មិនបាន ក៏អ្នកបម្រើនយោបាយ ត្រូវតែ “កាត់ ឱ្យដាច់សិន” ដើម្បីឈានទៅរកជ័យជម្នះ។ ករណីលោកសុខ ឥសាន អ្នកនាំពាក្យ បក្សកាន់អំណាច (CPP) លើកឡើងថា “ពលរដ្ឋដែលកាន់ជើងអាមេរិក ដាក់ ទណ្ឌកម្មលើមេដឹកនាំកម្ពុជា គឺជាក្រុមមនុស្សក្រៅច្បាប់” គ្រាន់តែជា “ភាសា នយោបាយ” តែប៉ុណ្ណោះ បើពិចារណាទៅ អ្នកនាំពាក្យ “កាត់ទឹកមិនដាច់ កាត់ សាច់មិនបាន” ព្រោះជាខ្មែរដូចគ្នា។

សូមរំព្ញកថា ក្រោយឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរ រាប់ម៉ឺននាក់ បានរត់ភៀស ខ្លួនគេចពីមុខសឹក ទៅរស់នៅជំរំក្នុងទឹកដីថៃ។ បន្ទាប់មក ពួកគាត់ភាគច្រើន បាន ទទួលសិទ្ធិចេញទៅរស់នៅសហរដ្ឋអាមេរិក បារាំង ស្វីស កាណាដា ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់… បានចូលសញ្ជាតិគេអស់ទៅហើយ។ អាណិកជនខ្មែរ ទាំងនោះ កើតកូន កើតចៅ នៅស្រុកគេ ដែលកូនចៅខ្លះ អត់ចេះនិយាយខ្មែរមួយម៉ាត់ ប៉ុន្តែឈាមជ័រពួកគេ គឺជា “ខ្មែរ ពូជសាងអង្គរវត្ត”។

ដោយឡែក ប្រជាពលរដ្ឋមួយផ្នែកទៀត ត្រូវបងប្អូនទៅនៅមុននោះ ជួយ ធានាឱ្យបានទៅរស់នៅស្រុកគេ ខ្លះទៀតទៅបន្តការសិក្សា ទៅលេងសិល្បៈ ទៅ កម្សាន្ត ក៏មានស្នេហា ជាប់នៅស្រុកគេ លែងវិលត្រឡប់។

ដូច្នេះយើងអាចស្ទាបស្ទង់ដឹងថា ប្រជាពលរដ្ឋដែលទៅនៅស្រុកគេ ក្រោយ ឆ្នាំ១៩៧៩ មាន “ខួរក្បាលប្រជាធិបតេយ្យ សេរីនិយម មិនចូលចិត្តកុម្មុយនីស្ត” រីឯប្រជាពលរដ្ឋទៅនៅក្រោយ ឬទៅបន្តការសិក្សា មានប្តីប្រពន្ធនៅស្រុកគេ មាន “ខួរក្បាលស្រលាញ់បក្សកាន់អំណាច CPP” ជាពិសេស ស្រលាញ់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លុះមានការរំលាយអតីតបក្សសង្គ្រោះជាតិ 9ជណភ្រប ពិតណាស់ថា អ្នក ដែលមានខួរក្បាលសេរីនិយម ខឹងសម្បានឹងបក្សកាន់អំណាច ប៉ុន្តែអ្នកមានខួរ ក្បាលស្រលាញ់ ជភភ ចង់ឱ្យរំលាយបក្សប្រឆាំងធំជាងគេនេះ។

ឥឡូវព្រឹទ្ធសភាអាមេរិក ត្រៀមអនុម័តច្បាប់ដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ CPP ធ្វើឱ្យអ្នកមានខួរក្បាលស្អប់កុម្មុយនីស្ត អបអរសាទរ។ ប្រឈមបញ្ហានេះ អ្នកនាំពាក្យ CPP ចាំបាច់ត្រូវតែប្រើ “ភាសានយោបាយ” ចាត់ទុកពលរដ្ឋទាំង នោះថា ជា “មនុស្សក្រៅច្បាប់” ឬថា ចង់មិនចង់ ក៏ត្រូវតែថាយ៉ាងនេះដែរ។

បើពិចារណាឱ្យហ្មត់ចត់ ខ្មែរណាក៏មានពូជសាងអង្គវត្ត ដូចគ្នា បើកាលណា ស្រុកទេសឈានដល់បង្រួបបង្រួម ឯកភាពជាតិ ក៏ស្រវាឱបគ្នា ប៉ុន្តែពេលមាន ជម្លោះកើតឡើង “ឱបឯណាកើត?”។

សុភាសិតសកលថា “បើឆ្កែខាំអ្នក អ្នកខាំឆ្កែវិញឬ?” (If a dog bites you, will you bite it back?) គឺមានន័យថា បើពួកប្រឆាំងរិះគន់ខ្លាំង ឬគាំទ្រព្រឹទ្ធសភា អាមេរិក ឱ្យដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ CPP ទោះចង់មិនចង់ ក៏អ្នកស្រលាញ់ CPP “វ៉ៃឆ្កែវិញ” មិនមែនខាំនោះទេ។

“នគរធំ” ដឹងយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរ ដែលក្លាយជាអាណិកជននៅអាមេរិក ទៅនៅស្រុកគេ តាំងពីឆ្នាំ១៩៨២-១៩៨៣ មានទំនោរនយោបាយប្រជាធិបតេយ្យដូចអាមេរិក ចង់ឱ្យមានការផ្លាស់ប្តូរអ្នកដឹកនាំតាមអាណត្តិ។ រីឯពលរដ្ឋ ទៅនៅអាមេរិក ឆ្នាំ២០០០ ឬទៅនៅក្រោយៗ មាននិន្នាការនយោបាយ ចង់ឱ្យ ថ្នាក់ដឹកនាំ CPP ធ្វើការមួយជីវិត។ ទោះជានិន្នាការខុសគ្នា ក៏សុទ្ធតែខ្មែរដូចគ្នា បើកាលណា អ្នកនយោបាយក្រោយៗ រកឃើញរូបមន្តផ្សះផ្សាជាតិ នឹងធ្វើឱ្យ ខ្មែរ មាន “និន្នាការតែមួយវិញ”។ ដូច្នេះក្នុងកាលៈទេសៈ ឬស្ថានការណ៍ដូចសព្វថ្ងៃ ទោះចង់មិនចង់ ក៏អ្នកនាំពាក្យ CPP ត្រូវតែប្រើភាសានយោបាយ ចាត់ទុកពលរដ្ឋគាំទ្រព្រឹទ្ធសភាអាមេរិក ដាក់ទណ្ឌកម្ម មន្ត្រីកម្ពុជា “ជាជនក្រៅច្បាប់” មួយរយៈសិន ប៉ុន្តែអនាគត ចៀស មិនផុតពី “កាត់ទឹកមិនដាច់ កាត់សាច់មិនបាន”…”៕

RELATED ARTICLES