Tuesday, December 24, 2024
Homeបរិយាយសមរភូមិជ័យ

សមរភូមិជ័យ

ដោយ អាចារ្យថាំ

ក្នុងក្បួនចម្លងសឹក បើកាលណាស្រុកទេសវឹកវរ ចលាចល ឬកើតសង្គ្រាម ព្រះមហាក្សត្របុរាណ តែងត្រាស់បង្គាប់អ្នកខ្លាំងពូកែ ឱ្យចេញបង្ក្រាបចលនា នោះឱ្យរាបទាប តែពុំមែនទៅបង្ក្រាបជនស្លូតត្រង់នោះទេ។

នៅពេលមានសត្វខ្លាកំណាច តែងលបខាំអ្នកស្រុកពាំអូសយកទៅស៊ីក្នុង ព្រៃ “ព្រះបាទជ័យចេស្តា” បានត្រាស់បង្គាប់ “ពញាភក្តីសង្គ្រាម ហុក” ឱ្យទៅ បង្ក្រាបវ៉ៃខ្លានោះងាប់ទៅ ធ្វើឱ្យប្រជារាស្ត្ររួចផុតពីសេចក្តីទុក្ខ។ ខណៈដែល ព្រះវររាជមាតា ត្រូវកងទ័ពយួនអណ្ណាម ចាប់ជាឈ្លើយ យកទៅឃុំទុកនៅបាត សំពៅ ដែលចតនៅបន្ទាយជ្រោយចង្វា “ព្រះបាទជ័យចេស្តា” ក៏បានត្រាស់បង្គាប់ សេនាដៃឯក ភក្តីសង្គ្រាម ហុក ទៅរំដោះព្រះមាតាមកវិញបាន ព្រោះតែសេនា ដៃឯកនេះ ពូកែហែលទឹកទន្លេ និងចេះវិជ្ជាមុជទឹក ក៏ដូចចេះមន្តសណ្តំឱ្យពល-សេនាយួន ដេកលក់អស់។

ចំណុចដូចលើកឡើងនេះ បុរាណថាជា “សមរភូមិជ័យ” គឺយកជ័យជម្នះឱ្យ បាន មុននឹងឈានទៅដល់ត្រើយសុខសន្តិភាព ពុំមែនសន្តិភាព នៅមានខ្លាខាំ មនុស្ស មានកងទ័ពបរទេសចូលរាតត្បាតនោះទេ។

យ៉ាងណាមិញ បច្ចុប្បន្ន កម្ពុជា មានឈ្មោះថា “សន្តិភាព” ប៉ុន្តែនៅមានជំងឺ ឧត្បាតមហាចង្រៃកូវីដ-១៩ យាយីប្រជាពលរដ្ឋ។ នៅមានជម្លោះនយោបាយ ជេរម៉្រាយគ្នាតាមបណ្តាញសង្គម។ នៅមានកន្លែងខ្លះប្រជារាស្ត្ររអ៊ូរទាំ ក្តៅ ក្រហាយ ដោយសារការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍មិនទាន់ស្មើ ភាពគ្នា។

ករណីកូវីដ-១៩ រាជរដ្ឋាភិបាល បានចាត់វិធានការបានល្អ ហើយអាចនឹង យកជា “សមរភូមិជ័យ” ក្នុងពេលឆាប់ៗនេះ នៅពេលការចាក់វ៉ាក់សាំងបាន ដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ជម្លោះនយោបាយ នឹងក្លាយជា “សមរភូមិជ័យ” នៅពេលអ្នកនយោបាយចេះយោគយល់គ្នា ស្វែងរកដំណោះស្រាយឯកភាពជាតិ ពោលគឺ “ឈ្នះទាំងអស់គ្នា”។

អ្វីដែលនៅសល់ គឺបញ្ហាផ្លូវគមនាគមន៍ គួរតែលៃលកយ៉ាងណាឱ្យក្លាយជា សមរភូមិជ័យ គ្រប់ទីកន្លែង។ តាមការឃ្លាំមើល នៅខេត្តណាដែលជាស្រុកកំណើត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដូចនៅស្រុកព្រះស្តេច ខេត្តព្រៃវែង និង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាដើម សូម្បីតែផ្លូវក្នុងភូមិ ឃុំ ធ្លាប់ជាផ្លូវរទេះ បានក្លាយជាផ្លូវកៅស៊ូ បេតុងអស់ហើយ។

អកុសល ខេត្តស្រុកណាដែលមិនមែនជាស្រុកកំណើតអ្នកធំ ផ្លូវក្រហេង ក្រហូង បែកភក់ផុង ទោះបីជាអាជ្ញាធរដែនដី ស្នើសុំយ៉ាងណាក៏គ្មានការជួសជុល កែលម្អ ឱ្យទាន់សភាពការណ៍។ ដូច្នេះលុះត្រាតែតំបន់នោះ “ក្លាយជាសមរភូមិ ជ័យ” ទើបឈានទៅដល់ភាពសម្បូរសប្បាយបាន។

អ្វីដែល “នគរធំ” ក្តាប់បាន គឺតំបន់ខ្លះ រដ្ឋាភិបាលទម្លាក់ថវិកាជាតិ សម្រាប់ យកទៅកសាងផ្លូវទាំងនោះដែរ តែមន្ត្រីអ្នកចុះទៅធ្វើនោះ បែរជានិយាយថា ជា “ថវិកាបក្ស” បំផ្លើសខុសពីការពិត។ គួរនិយាយប្រាប់រាស្ត្រថា “បក្សយើង ចេះច្នៃថវិកាជាតិ ឱ្យចេញជាសមិទ្ធផលនានា ជូនបងប្អូនរួមជាតិ មិនប្រកាន់ និន្នាការនយោបាយ” បើនិយាយយ៉ាងនេះល្អណាស់ ធ្វើឱ្យចំណេញសន្លឹកឆ្នោត ដល់ ជភភ ប៉ុន្តែបើមន្ត្រីទទួលបន្ទុកធ្វើផ្លូវទៅឃោសនាថា “យកថវិកាបក្ស មក ជួយ” អត់សមទេ។ ថវិកាបក្ស ឬជំនួយសប្បុរសជន បានតែផ្លូវខ្លីៗ ចាក់ក្រួសចូល វត្ត តែបើកសាងផ្លូវលំរាប់គីឡូម៉ែត្រ ទាល់តែប្រើប្រាស់ថវិកាជាតិទើបបាន។ សង្ឃឹមថា គណបក្សប្រជាជនកម្ពុជា ដែលក្តាប់អំណាចណែនដៃ ដោះស្រាយ យ៉ាងណាឱ្យទឹកដីកម្ពុជា ក្លាយជា សមរភូមិជ័យ គ្រប់កន្លែង គ្រប់វិស័យ កុំអួតពី សន្តិភាពពេក។ ច្បាប់បុរាណថា “សន្តិភាពក្នុងមាត់សីហៈ” អត់ស្រួលទេ ខណៈ ដែលកម្ពុជា កំពុងរងផលវិបាកពីជំងឺឆ្លងប្រចាំសតវត្ស ជាពិសេស ផ្លូវលំ ផ្លូវជាតិ ធ្វើពីមុខ ខូចពីក្រោយ បញ្ហាព្រៃឈើ បញ្ហាទំនាស់ដីធ្លី។ លុះត្រាតែអ្វីៗក្លាយជា “សមរភូមិជ័យ” ទើបសន្តិភាព មានន័យធំធេងដូចសម័យអង្គរ…”៕

RELATED ARTICLES