ដោយ អាចារ្យថាំ
មានមតិ ២ផ្ទុយគ្នាពាក់ព័ន្ធដល់មេប្រឆាំង សម រង្ស៊ី ជុំវិញរឿងលុយរៃ អង្គាស។ មតិទី១ ថា មេប្រឆាំងនេះ លក់ប័ណ្ណនាឡិកាដៃ បោកយកលុយរាស្ត្រ ទៅស៊ីចាយ។ រីឯមតិទី២ ថា លុយលក់ប័ណ្ណនាឡិការនោះ បានទៅដល់ដៃប្រជា- ពលរដ្ឋជាបន្តបន្ទាប់ តែជា “អំណោយលាក់មុខ”។
ក្នុងន័យនេះ “នគរធំ” ឃ្លាំមើលឃើញថា ចាប់តាំងពីលក់នាឡិកាបានលុយ ជាង ២២ម៉ឺនដុល្លារនោះមក លោកសម រង្ស៊ី សំងំឱ្យឈឹង អត់បង្ហាញតួលេខ ចែកអំណោយអ្វីដូចគាត់សន្យានោះទេ។ ផ្ទុយទៅវិញ សកម្មជនប្រឆាំងមួយចំនួន នៅក្នុងស្រុក ស្រាប់តែបានអំណោយយកទៅចែកជនរងគ្រោះដោយកូវីដ-១៩ ឬកំពុងឈឺជាប់លើកន្ទេល។
ជាក់ស្តែង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង តែងនាំអំណោយផ្សេងៗ មានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងលុយកាក់ទៅចែកពលរដ្ឋ ជាហូរហែ។ អំណោយទាំងនោះ ដាក់ឈ្មោះលោកសុខ លោកសៅ អ្នកស្រីមុំ អ្នកស្រីម៉ៅ នៅអាមេរិក អូស្ត្រាលី ឯណាឯណីឯណោះ។
សកម្មជនខ្លះទៀត ធ្លាប់ប្រឆាំងផ្កាប់មុខ ចេញពីពន្ធនាគារ នៅរក្សាគោល-ជំហរដដែល ស្រាប់តែមានលុយ ទិញស្បៀងអាហារ ទៅចែកពលរដ្ឋក្នុងមូលដ្ឋាន របស់គាត់ ដោយប្រាប់ថា បានពីលោកនេះ លោកនោះ នៅក្រៅប្រទេសឯណោះ។
ចម្ងល់នៅត្រង់ថា បើលោកនេះ លោកនោះ ចង់ជួយពលរដ្ឋខ្មែរ ហេតុអ្វីគាត់ មិនផ្ញើតាមរយៈមេភូមិ មេឃុំ CPP? ឧបមាថា គាត់ផ្ញើ ១០០០ដុល្លារ ជូនមេភូមិ យកទៅចាត់ចែង មេភូមិនោះ ត្រូវបង្ហាញខ្ទង់ចំណាយឱ្យគេឃើញ ដូចជាទិញ អង្ករ អស់ប៉ុន្មាន? ទឹកត្រី អស់ប៉ុន្មាន? ត្រីខកំប៉ុង អស់ប៉ុន្មាន? ពិបាកកេងចំណេញ ណាស់ ហើយអាចមានកូនចៅម្ចាស់អំណោយតាមដានទៀតផង។ ផ្ទុយទៅវិញ ម្ចាស់អំណោយ បែរជាផ្ញើតាមរយៈអតីតចៅសង្កាត់ នៃអតីតបក្សប្រឆាំងទៅ វិញ? បាត់ឈ្មោះលោកសម រង្ស៊ី និងលុយលក់ប័ណ្ណនាឡិកា។
ដូច្នេះបើមនុស្សចេះពិចារណា គេអាចយល់បានថា ជា “អំណោយលាក់មុខ” ពោលគឺបើលោកសម រង្ស៊ី ប្រកាសថា គាត់បានផ្ញើលុយប៉ុណ្ណេះប៉ុណ្ណោះ ឱ្យសកម្មជន យកទៅចែកពលរដ្ឋ ច្បាស់ណាស់ថា សកម្មជននោះ “ពាក់លេខ៨ បារាំង (៨) មិន ខាន”។ ចំណុចសំខាន់ លោកសម រង្ស៊ី កំពុងរៀបចំគណៈរដ្ឋមន្ត្រីស្រមោល មាន ផែនការអូសទាញសកម្មជន និងប្រជាពលរដ្ឋឱ្យគាំទ្ររដ្ឋាភិបាលនោះ បើសិនជា អាជ្ញាធរដឹងថា លោកសម រង្ស៊ី ផ្ញើលុយឱ្យសកម្មជនចាត់ចែង កុំស្មានថា រួចខ្លួន ឱ្យសោះ។
ឧទាហរណ៍ឱ្យងាយយល់ នៅក្នុងរឿងប្រលោមលោកមួយ បានតំណាលពី តួឯកស្រី និងតួឯកប្រុសឈ្លោះគ្នា ព្រោះខាងស្រី ទៅទារបំណុលគ្រួសារខាងប្រុស លុះគ្មានលុយសង ក៏ដកហូតដីស្រែ។ តួប្រុសចងគំនុំនឹងតួឯកស្រី ប៉ុន្តែនាងក្រមុំ ភ្ញាក់រលឹកដឹងថាខុស ក៏ព្យាយាមកែខ្លួន។ នៅពេលតួឯកប្រុស ចេញទៅរៀននៅ ភ្នំពេញ នាងលួចផ្ញើលុយតាមវីង ទៅឧបត្ថម្ភការសិក្សារបស់គេ ដោយដាក់ឈ្មោះ ថា “មេម៉ាយចិត្តធម៌”។ តួប្រុស ស្មានថា មេម៉ាយជួយចិញ្ចឹម ក៏ចេះតែទទួលទៅ ដោយសុំទុកនាងជាបងធម៌ រហូតប្រលងចេញ បានធ្វើមេធាវី ទើបបែកធ្លាយ អាថ៌កំបាំងថា លុយចិញ្ចឹម ៥ឆ្នាំនោះ គឺតួឯកស្រ លីចួផ្ញើលាក់មុខសោះ ទីបំផុត ពួកគេក៏បានរៀបការ។
“អំណោយលាក់មុខ” គេប្រើ ដើម្បីបញ្ចៀសកំហឹងសងសឹក គំនុំគុំកួន ការ ចាប់ចង ដូចករណីអំណោយដែលសកម្មជនប្រឆាំង យកទៅចែកពលរដ្ឋ មានមតិ មួយថា លោកសម រង្ស៊ី កេងប្រវ័ញ្ចោបាកប្រាស់រាស្ត្រ ស្រាប់តែសកម្មជនមាន អំណោយទៅចែកនោះ ជាបរិបទសម្រាប់ពិចារណា…”៕