Tuesday, December 24, 2024
Homeបរិយាយរនុកក្នុង

រនុកក្នុង

ដោយ អាចារ្យថាំ

ជាទូទៅ អ្នកដឹកនាំប្រទេស មេដឹកនាំបក្ស មេទ័ព មេឧទ្ទាម ត្រូវតែមានខ្សែបណ្តាញចារកម្ម ដែលខ្មែរយើងនិយមហៅ “រនុកក្នុង” សម្រាប់ឈ្លបយកការណ៍បញ្ជូនព័ត៌មានសម្ងាត់ទៅជូន។ បើថ្នាក់ដឹកនាំទាំងឡាយ គ្មានរនុកក្នុង ឬមានតិចតួច ដោយយកមនុស្សល្ងង់ទៅធ្វើច្បាស់ណាស់ថា យុទ្ធសាស្ត្រនយោបាយ “ចាំតែចាញ់គេទៅ” ប៉ុន្តែបើធ្វើឱ្យថ្លោះធ្លោយ បែកការ ឱ្យភាគីម្ខាងទៀត ស្គាល់រនុកក្នុងនោះ ផែនការអ្វីៗនឹងរលាយដូចកម្សួលផ្សែង ដែល “នគរធំ” សូមគាស់កកាយពី “រនុកក្នុង” មកធ្វើប្រធានបទបរិយាថ្ងៃនេះ…។

“រនុក” ជាភាសាខ្មែរសុទ្ធ សំដៅដល់ឈើ ឬកន្លាស់សម្រាប់រុញស៊ករុកបញ្ចូលទៅក្នុងដំណាប់ ឬប្រហោងចន្លោះ អាច បើកបិទបានតាមត្រូវការ រួមមានរនុកទ្វារ រនុកក្រោល ជាដើម។ ខ្មែរយើងប្រើពាក្យ “រនុកក្នុង“ ចង់សំដៅដល់មនុស្សសម្ងាត់ ឬចារកម្ម ចារនារី ដែលភាគីម្ខាងបញ្ជូនទៅស៊ើបការណ៍ក្នុងអង្គភាពណាមួយ អាចហៅថា “គិញ” ក៏បាន។

លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគនយោបាយសង្គម បានបង្ហោះសំណេរតាម ហ្វេសប៊ុក ជាអាទិ៍ថា “រុញរនុកក្នុងចេញបង្កើតបក្សថ្មី រុញ សម រង្ស៊ី និងកឹម សុខា បករកទ្រនំដើម រៀងខ្លួន ឬបង្កើត រដ្ឋាភិបាលនិរទេស គឺសុទ្ធតែផ្លូវចាញ់” សំណេរនេះ អ្នកវិភាគចង់បង្ហាញថា អតីតមន្ត្រីនៃអតីតបក្សប្រឆាំង (CNRP) ដែលចេញបង្កើតបក្សថ្មីនោះ សុទ្ធតែជា “រនុកក្នុងរបស់បក្សកាន់អំណាច (CPP)” ប៉ុន្តែមន្ត្រីរដ្ឋាភិបាល បានច្រានចោល ជារឿយៗថា អ្នកចេញពីចង្កោមពួកប្រឆាំង គឺដោយសារការភ្ញាក់រលឹក មើលឃើញអំពើក្បត់របស់លោក សម រង្ស៊ី និង លោកកឹម សុខា “មិនមែនជារនុកក្នុងរបស់ CPP ទេ”។

ទោះយ៉ាងណា “រនុកក្នុង” ចាំបាច់ត្រូវបង្កើតឡើង មិនអាចអត់បានឡើយ វាជាយុទ្ធសាស្ត្រនយោបាយតាំងពីបុរម- បុរាណមក។ ធម្មតាព្រះមហាក្សត្រ មេទ័ព មេឧទ្ទាមពីបុរាណ សុទ្ធតែបញ្ជូនរនុកក្នុង ឱ្យចូលទៅតំបន់ខ្មាំងសត្រូវ លួចយក ការសម្ងាត់ បញ្ជូនឱ្យទៅចៅហ្វាយនាយ មិនអាចអត់បានឡើយ។ ប្រវត្តិសាស្ត្រ ចារទុកយ៉ាងច្បាស់ពីករណី “ឃុនហ្លួងព្រះ ស្តេចកន” កាលរត់ទៅកទ័ព ប្រឆាំងស្តេចផែនដី បានបញ្ជូន “ឧកម៉ឺនសុរិន្ទ កែវ” ឱ្យធ្វើរនុកក្នុង ចូលទៅធ្វើការក្នុងព្រះ- បរមរាជវាំង និងបាននាំស្ម័គ្របក្ខពួកវាយលុក ធ្វើគុត “ព្រះបាទស្រីសុគន្ធបទ” បាន។ តេជោ មាស ជាមេទ័ពដ៏ល្បី ក្នុងរជ្ជកាល ព្រះបាទស្រីសុរិយោពណ៌ និងជ័យជេដ្ឋាទី២ ក៏បានបញ្ជូនស្រីស្អាតជាបន្តបន្ទាប់ ទៅដាក់អន្ទាក់ស្នេហ៍ បន្សាបសិល្ប៍មន្ត “ស្តេច សំរែ, ព្រះបាទជាន់ជុំ, ស្តេចបាឡីកងចក្រ” ដែលជាមេឧទ្ទាម ទទួលបានជ័យជម្នះក្នុងប្រវត្តិសាស្ត្រ។

នៅក្នុងសង្គ្រាមលោកលើកទី២ គេដឹងថា សហភាពសូវៀត អាល្លឺម៉ង់ អាមេរិក បារាំង អង់គ្លេស អ៊ីតាលី ជប៉ុន ដែលជាមេខ្លោងសង្គ្រាម បានបញ្ជូនចារបុរស ចារនារី ឬ “រនុកក្នុង” ឱ្យជ្រៀតចូលប្រទេសនីមួយៗ សឹងថា ដើរប៉ះស្មាគ្នា។ កម្លាំងស៊ើបការណ៍ទាំងនេះ ចូលបង្កប់ខ្លួនក្នុងកងទ័ព ក្នុងឃ្លាំងសព្វាវុធ មន្ទីរពេទ្យ ព្រលានយន្តហោះ យកបានព័ត៌មាន សម្ងាត់បញ្ជូនទៅឱ្យចៅហ្វាយរបស់ខ្លួន។ ទីបំផុតដោយសារអាមេរិក មានបណ្តាញសេអ៊ីអា ឬស៊ីអាយអេ (CIA) ខ្លាំង ជាង ក៏វាយដណ្តើមបានជ័យជម្នះ ខណៈដែលខ្លួនបង្កើតបានគ្រាប់បែកបរមាណូ ហើយរនុកក្នុងបរទេស ស៊ើបយកព័ត៌មាន សម្ងាត់នេះមិនបាន។

ក្រឡេកមើលបច្ចុប្បន្ន ពួកប្រឆាំង បានចោទប្រកាន់ថា “យួន បានដាក់រនុកក្នុងពេញស្រុកខ្មែរ” ឥឡូវគេថា “ចិន បានបញ្ជូន ភ្នាក់ងារសម្ងាត់ចូលកម្ពុជា ច្រើនទៅៗ ធ្វើស្អីបន្តិចក៏ចិន ដឹងទាំងអស់”។ ចំណែកអ្នកគាំទ្រអ្នកបក្សកាន់អំណាច ក៏ សង្ស័យថា អាមេរិក បានដាក់ពង្រាយចារកម្ម ពេញស្រុកខ្មែរ ជាក់ស្តែងរឿងសម្ងាត់ចេញពីបក្សកាន់អំណាច ស្រាប់តែវិទ្យុ សំឡេង សហរដ្ឋអាមេរិក ( VOA ) និងវិទ្យុអាស៊ីសេរី (RFA) យកទៅផ្សាយកក្រើកពិភពលោក។

“នគរធំ” ទទួលស្គាល់ថា ភាគីណា ក៏មាន “រនុកក្នុង” ដូចគ្នា គ្រាន់តែតិចនិងច្រើន ខ្លាំងឬខ្សោយ តែប៉ុណ្ណោះ។ កាលបក្សសង្គ្រោះជាតិ ( CNPR) មិនទាន់រលាយ ក៏មានលើកយកបញ្ហារនុកក្នុង មកនិយាយដែរ នៅពេលសមាជិក អចិន្ត្រៃយ៍បក្សប្រឆាំង ប្រជុំបិទទ្វារសោះ ស្រាប់តែបែកធ្លាយព័ត៌មានដឹងដល់ CPP។ កាលនោះ លោកសម រង្ស៊ី បាន បន្ទោសលោកម៉ៅ មុនីវណ្ណ ដោយសង្ស័យថា ជារនុកក្នុង CPP។

ឥឡូវលោក រស់ សារ៉ុម លើកឡើងថា “រុញរនុកក្នុងចេញបង្កើតបក្សថ្មី” ចង់សំដៅដល់បក្សកាន់អំណាច បង្គាប់អតីត តំណាងរាស្ត្រ CNPR ដូចជាលោក គង់ គាំ, រៀល ខេមរិន្ទ្រ, អ៊ូ ច័ន្ទរ័ត្ន, ប៉ុល ហំម, ជីវ កត្តា, មុត ចន្ថា, យ៉ែម បុញ្ញប្ញទ្ធិ… ឱ្យចេញបង្កើតបក្សមួយៗដោយឡែកពីគ្នា។ ការលាបពណ៌អតីតមន្ត្រីប្រឆាំងថា ជា “រនុកក្នុង CPP” នេះ “នគរធំ” មិន ហ៊ានថាទេ ព្រោះបក្សកាន់អំណាច អត់ដែលប្រកូកប្រកាសថា “មានរនុកក្នុង ប្រចាំការក្នុង CNPR ឯណា?” តែថាជា មនុស្សមានស្មារតីភ្ញាក់រលឹក” ទៅវិញ។

ទោះយ៉ាងណា “រនុកក្នុង” គេច្រើនយកមនុស្សមានចំណេះដឹងជ្រៅជ្រះ មានកលល្បិចជ្រៅ ដូចករណី “ឧកម៉ឺន សុរិន្ទ កែវ” គាត់ប្រសប់បំផុតក្នុការបញ្ជូនដំណឹងសម្ងាត់ទៅថ្វាយស្តេចកន ហើយទីបំផុត ក្រោយពេលផ្តួលរំលំស្តេចគ្រងរាជ្យបាន ឧកម៉ឺនសុរិន្ទ កែវ (ស័ក្តិ៣ ហ៊ូពាន់) ក៏ត្រូវបានស្តេចកន តែងតាំងជា “ឧកញ៉ាចក្រី” (ស័ក្តិ១០ហ៊ូពាន់)។ សម័យនេះ រនុកក្នុង រកមិនបានស្មើ ឧកម៉ឺនសុរិន្ទ កែវ នោះទេ តែគេត្រូវជ្រើសយកអ្នកចេះដឹង ជាពិសេស ចេះភាសាបារាំង អង់គ្លេស ចិន វៀតណាម ថៃ ទើបងាយស្រួលក្នុងការឱបក្តាប់ព័ត៌មានសម្ងាត់។ បើយកមនុស្សមិនចេះភាសាបរទេស ឱ្យធ្វើរនុកក្នុង មិនបានផលចំណេញអ្វីឡើយ ជាពិសេស “បុគ្គល ៩ពួក” មិនត្រូវតែងតាំងជារនុកក្នុងដាច់ខាត ព្រោះមិនចេះរក្សាសម្ងាត់ ក្នុងនោះមាន ៖ ១-មនុស្សរាគចរិត, ២-មនុស្សទោសចរិត, ៣-មនុស្សមោហចរិត, ៤-មនុស្សភ័យខ្លាច, ៥-មនុស្សស្វែងរក លាភសក្ការៈ, ៦-មនុស្សប្រមឹក, ៧-ស្ត្រីភេទទន់ខ្សោយ ,៨-មនុស្សខ្ទើយ, ៩-កូនក្មេង។ បុគ្គទាំង ៩ពួកនេះ បើបញ្ជូនទៅ ធ្វើរនុកក្នុង នឹងបែកការមិនខាន ដូចមនុស្សប្រមឹក បើហ៊ានតែផឹក ច្បាស់ជានិយាយរឿងសម្ងាត់ចេញមកខ្ទេច រីឯមនុស្ស លោភលន់នឹងលាភសក្ការ បើភាគីណាឱ្យលុយច្រើន ក៏ងាកទៅខាងនោះហើយ។

គួរកុំច្រឡំរវាង “អ្នកសារព័ត៌មាន និងរនុកក្នុង” ពោលគឺអ្នកកាសែត សារព័ត៌មាន មានអាជ្ញាប័ណ្ណ ឬលិខិតសម្គាល់ខ្លួន ចេញយកព័ត៌មានផ្សេងៗ រួមទាំងការសម្ងាត់ផ្សេងៗ យកទៅផ្សាយឱ្យដឹងជាសាធារណៈ។ ផ្ទុយទៅវិញ កម្លាំងចារបុរស ចារនារី ឬរនុកក្នុង គ្មានអាជ្ញាប័ណ្ណអ្វីទេ ប៉ុន្តែគេកាន់លិខិតឆ្លងដែន ឬលិខិតបំពេញបេសកកម្មពីអង្គភាពណាមួយ ចុះទៅ ធ្វើការតាមបណ្តាប្រទេស ឬគណបក្សណាមួយ។ មនុស្សធ្វើរនុកក្នុងឱ្យគេ មានភាពក្លាហានអង់អាច ហ៊ានចូលដល់សមរភូមិ ឬតតាំងក្នុងសភាជាតិ ដូចករណី សេអ៊ីអា អាមេរិក ជាតំណាងរាស្ត្រខ្មែរនៅសម័យសង្គមរាស្ត្រនិយម សម័យសាធារណរដ្ឋ ខ្មែរ សម័យប៉ុល ពត លុះគាត់ចាស់ជរា ឬជិតទទួលមរណភាព ក៏សារភាពប្រាប់គេថា គាត់ជាអតីតសេអ៊ីអា ស៊ីឈ្នួល អាមេរិក ដូចករណីលោកឌុក រ៉ាស៊ី ជាដើម។

ដូច្នេះ ករណីលោក រស់ សារ៉ុម ថាអ្នកចេញបង្កើតបក្សថ្មី ថា ជារនុកក្នុង CPP នោះ “នគរធំ” មិនហ៊ានថាទេ គ្រាន់តែ បង្ហាញហេតុផលថា មេដឹកនាំប្រទេស មេទ័ព មេឧទ្ទាម មេអង្គភាព បើគ្មានបណ្តាញរនុកក្នុងជួយទេនោះ ចាំតែចាញ់គេទៅ។ សរុបមក “រនុកក្នុង” សំដៅដល់មនុស្សដែលគេបញ្ជូនទៅយកការសម្ងាត់នេះឯង ជាប់ក្នុងពាក្យស្លោកថា “ខ្មោចស្រុក ឱ្យដៃ ទើបខ្មោចព្រៃវាហ៊ាន” គឺរនុកក្នុងនេះហើយ ជាខ្មោចស្រុក។ ពួកប្រឆាំង ក៏បានចោទប្រកាន់ថា “ចារកម្មយួន នៅ ពេញដី” មិនដឹងការពិតដល់កម្រិតណានោះទេ ប៉ុន្តែយើងគួរយល់ថា ប្រទេសណា ក៏មានបញ្ជូនកម្លាំងចារកម្ម ​ទៅយកការណ៍ ដូចគ្នាទាំងអស់…៕

RELATED ARTICLES