ដោយ អាចារ្យថាំ
ពាក្យបណ្តៅខ្មែរថា “សត្វបួន ចួនឈ្មោះតែមួយ សត្វបីពងស្រួយ សត្វមួយពងទន់” មានចម្លើយថា “ក្អែក” បែងចែក ទៅតាមពូជវា។ នៅក្នុងយុទ្ធសាស្ត្រនយោបាយ បើមានគណបក្សច្រើន ចង់បង្រួបបង្រួមតែមួយ មិនមែនស្រួលទេ ព្រោះ “ពងខុសគ្នា” ដូចករណីអ្នកនយោបាយចេញ បង្កើតបក្សថ្មីចំនួន៦ និងឮថា ចង់ច្របាច់បញ្ចូលគ្នាតែមួយនោះ បែបទៅមិន រួចទេ ដែល “នគរធំ” ក្តាប់បាន ក៏លើកពីរឿង “ក្អែក” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
“សត្វបួន ចួនឈ្មោះតែមួយ” សំដៅដល់ក្អែកគោក ក្អែកទឹក អណ្តើកក្អែក និងត្រីក្អែក។ “សត្វបីពងស្រួយ សត្វមួយពង ទន់” គឺក្អែកគោក ក្អែកទឹក អណ្តើកទឹក មានពងស្រួយ ចំណែកត្រីក្អែក មានពងទន់ល្អិតៗជាកញ្ចុំនៅក្នុងពោះរបស់វា។
ពងសត្វប្រភេទស្រួយ បើមនុស្សរកឃើញសម្បុករបស់វា ច្បាស់ជាយកទៅស្ងោរអស់ អត់ខ្វល់ថាជាពងក្អែកគោក ចូល ចិត្តស៊ីគំរង់នោះទេ ហើយបើមនុស្សមិនយាយី បើសត្វពស់ ឬត្រកួតបានឃើញ ច្បាស់ជាស៊ីពងនោះអស់។ រីឯត្រីក្អែក ដែល មានពងទន់ បើអ្នកនេសាទចាប់បាន ត្រីដែលមានសម្បុរខ្មៅនេះពីទន្លេ គេនឹងវះពោះវាយកពងទៅស្ងោរជ្រក់ មានឱជារស ណាស់។ និយាយរួម ពងសត្វសន្តានក្អែក ទាំង ៤ពួកនេះ មិនអាចដាក់ជិតគ្នាបានទេ ព្រោះពងក្អែកគោក នៅលើចុងឈើ ខ្ពស់ៗ ពងក្អែកទឹក នៅលើមែករាំង ឬព្រៃរនាមលិចទឹក ពងអណ្តើកក្អែក នៅគុម្ពស្បូវ ក្បែរមាត់បឹង និងពងត្រីក្អែក នៅ ក្នុងត្រាញ់ ឬក្នុងរនាម។
យ៉ាងណាមិញ លេចឮព័ត៌មានថា គណបក្សចំនួន៦ ដែលបង្កើតដោយអ្នកនយោបាយបែកចេញពីអតីតគណបក្សសង្គ្រោះ ជាតិ (CNRP) កំពុងសម្របសម្រួលច្របាច់បញ្ចូលគ្នាតែមួយ ដើម្បីពង្រឹងកម្លាំងប្រកួតប្រជែងការបោះឆ្នោត នាពេលខាង មុខ។ មិនទាន់លេចចេញជាដុំកំភួនអីផង ក៏ស្រាប់តែ “បក្សខ្មែរតែមួយ” ដឹកនាំដោយលោកគុជ លី និងលោកកែម រិទ្ធិសិត (ប្អូនបណ្ឌិតកែម ឡី) បញ្ចោញប្រតិកម្មធ្ងន់ៗថា “បើបក្សថ្មី៦ រួមគ្នាតែមួយ បក្សខ្មែរតែមួយ សន្យារបិទទ្វារទៅធ្វើស្រែ ដាំត្រកួន”។
ក្តាប់បានពីប្រតិកម្មនេះ ទោះបីជាលោកគុជ លី និងលោកកែម រិទ្ធិសិត ដែលសព្វថ្ងៃ អង្គុយកៅអីឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ មិននិយាយក៏ “នគរធំ” មានទស្សនៈដោយឡែកថា “សត្វបួន ចួនឈ្មោះតែមួយ សត្វបីពងស្រួយ សត្វមួយពងទន់” ពោលគឺមានឈ្មោះជាក្អែក ដូចគ្នា ប៉ុន្តែវាមានក្អែកគោក ក្អែកទឹក អណ្តើកក្អែក ត្រីក្អែក និងមានពងរឹង ពងទន់ មិនដូចគ្នាទេ។ គេមិនអាចចាប់សត្វសន្តានក្អែកទាំង៤ នេះឱ្យទៅនៅជុំគ្នាបានឡើយ ដោយសារពួកវាមានរបៀប រកស៊ីខុសគ្នា ឬជំនាញខុសគ្នា។ ក្អែកគោក មានជំនាញខាងឆាបកូនមាន់ ឬឆក់សាច់ដែលអ្នកភូមិហាលមុខផ្ទះពាំយកទៅស៊ី លើដើមឈើទាល។ ក្អែកទឹក មានជំនាញខាងទំលើមែករាំង ដែលគល់លិចទឹកទន្លេ ភ្នែកវារំពៃមើលត្រីចង្វា ត្រីកន្ធរ រួច ឆាបវិប! ពាំត្រី យកទៅស៊ី។ ជួនកាលវាមុជទឹក ដេញចាប់ត្រី យ៉ាងប៉ិនប្រសប់ មិនព្រួយពីសារាយវ័ណ្ឌកនោះឡើយ។ អណ្តើក ក្អែក មានជំនាញខាងចាប់កណ្តូប ដង្កូវ ជន្លេន ស៊ីជាអាហារ បើវាឮស្នូរជើងមនុស្សដើរ ក៏វារចុះទឹកភ្លាម។ ត្រីក្អែក មានស្រកា ខ្មៅ មាឌធំ មានជំនាញខាងដេញចាប់ត្រីតូចៗស៊ីបំពេញពោះ រស់ក្នុងព្រៃលិចទឹក។
ដូច្នេះអ្នកនយោបាយដែលចេញបង្កើតបក្សថ្មីចំនួន៦ ឬមានបង្កើតថ្មីទៀត ក៏វានៅក្នុងបរិបទ “សត្វបួន ចួនឈ្មោះតែ មួយ” នេះឯង គឺបក្សណាក៏អួតអាងថា “ប្រឆាំង” ដូចគ្នា ឬខ្មៅទាំងអស់ អត់ចំណុះចុះចូល CPP នោះទេ។ ទោះជាគាត់ ប្រឆាំង ក៏មិនកំបាំងពីកែវភ្នែកមហាជន ព្រោះជាការប្រឆាំងលំៗច្បោលៗ មិនចំបញ្ហា។ បក្សប្រឆាំងទាំងអស់នេះ មាន របៀបធ្វើការខុសគ្នាបន្តិចបន្តួច ដូចបក្សខ្លះ ចុះទៅសុំស្នាមមេដៃពីរាស្ត្រ ខ្លះទៀតទៅសន្យាផ្តល់មុខតំណែង តួនាទីដល់សកម្មជន ណាដែលសុខចិត្តបោះបង់ CNRP មកចូលរួមជាមួយគាត់ បក្សខ្លះប្រឹងជេរលោកសម រង្ស៊ី ខ្លះទៀតដៀមដាមលោកកឹម សុខា លៃយ៉ាងណាឱ្យគេដឹងថា “ពិតជាបែកចេញពីរៀមច្បង” ប្រាកដមែន។
ចំណុចខ្សោយរបស់បក្សប្រឆាំងថ្មីនេះ នៅត្រង់អត់ហ៊ានពន្លះបក្សកាន់អំណាច (CPP) ដូចមុន ដោយកិនតែគ្នាឯង ធ្វើឱ្យ អ្នកតាមដាននយោបាយ មើលឃើញដល់ពោះវៀនពោះតាំងរបស់គាត់។
អ៊ីចឹងសួរថា គម្រោងការច្របាច់បញ្ចូលគ្នារបស់បក្សទាំង៦ (នៅមានទៀត) បានសម្រេចឬទេ? ចំណុចនេះ “នគរធំ” អាចឆ្លើយជាសំណួរថា តើក្អែកទឹក និងក្អែកគោក នៅជាមួយគ្នាបានទេ? នៅក្នុងរឿង “ក្អែកគោក ត្រាប់តាមក្អែកទឹក” ក្នុង ប្រជុំរឿងព្រេងខ្មែរ បាននិយាយពីក្អែកគោក ល្ងង់ខ្លៅមួយ បានឃើញក្អែកទឹក ទំលើមែករាំង សម្លបស្លាបឆាបត្រីស៊ីបាន វាក៏ធ្វើត្រាប់តាម។ ពេលវាបោះពួយទៅឆាបត្រី ក៏វ័ណ្ឌកនឹងសារាយ ឈ្លក់ទឹកងាប់ទៅ ព្រោះតែអត់ជំនាញខាងមុជទឹក ប្រឹងរកស៊ីខាងជើងទឹក។ ទោះជាលោកគុជ លី និងលោកកែម រិទ្ធិសិត មិនសន្យាទៅធ្វើស្រែ ឬដាំត្រកួន ក៏បក្សថ្មីទាំង ប៉ុន្មាននេះ មិនអាចរួបរួមគ្នាបានទេ ព្រោះមានសន្តានក្អែកដែរ តែពូជខុសគ្នា។
ដោយឡែក គណបក្សតូចៗ ដែលមានស្រាប់ រាប់សិប បូកនឹងគណបក្សដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ ក៏មិនអាចរួបរួមច្របាច់បញ្ចូលគ្នាតែមួយបានដែរ ព្រោះចិត្តគំនិតមិនដូចគ្នា។ សួរថាតើលោកម៉ម សូណង់ដូ អាចបបួលលោកពេជ្រ ស្រស់ លោកគុជ លី លោកកែម រិទ្ធីសិត ច្របាច់បញ្ចូលគ្នា ធ្វើគណបក្សប្រឆាំងមួយបានទេ? ច្បាស់ ណាស់ថា ទៅអត់រួចទេ ដោយសារចំណេះជំនាញខុសគ្នា។ កៅអីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ក៏មិនធានានៅ គង់វង្សរហូតបានដែរ ដោយហេតុថា បច្ចុប្បន្ន សេដ្ឋកិច្ចកំពុងធ្លាក់យ៉ាងគំហុក ដោយសារវិបត្តិកូវីដ-១៩ ដែលរដ្ឋាភិបាល ចាំបាច់ត្រូវតែកាត់បន្ថយខ្ទង់ចំណាយទៅលើអង្គភាពណាដែលមិនសូវសកម្ម។ រដ្ឋាភិបាល ត្រូវតែប្រើយុទ្ធសាស្ត្រជួយកសិករ ឱ្យផុតពីទុក្ខវេទនាដោយសារបំណុល ខណៈដែលតម្លៃស្រូវចុះថោក ឯផ្លែឈើលក់មិនចេញ? សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាក់ថវិកាជួយទិញមៀន ពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ប៉ៃលិន ដើម្បីសង្គ្រោះបំណុលរាស្ត្រនេះឯង ដូច្នេះ អនាគតដ៏ខ្លី អាចនឹងលុបចោលអង្គភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យេបាល់ ដើម្បីបង្វិលប្រាក់ខែ ទៅជួយទិញកសិផល វិញ។
បើអ្នកនយោបាយបង្កើតបក្សថ្មី មិនអាចច្របាច់បញ្ចូលគ្នាបាន តើគាត់ប្រឹងធ្វើនយោបាយដើម្បីអ្វី? ចំណុចនេះ អត់ ពិបាកយល់ទេ សូម្បីតែមីងៗរកស៊ីលក់បន្លែ ក៏គាត់ដឹងដែរ។ ការលើកគម្រោងរួបរួមគ្នានោះ គ្រាន់តែថាឱ្យល្អស្តាប់ប៉ុណ្ណោះ តែវាមិនអាចកៀងក្អែកគោក ឱ្យទៅនៅជាមួយក្អែកទឹក ឬចាប់ប្រមូលអណ្តើកក្អែក ឱ្យទៅនៅជាមួយត្រីក្អែក បានឡើយ។ បើចង់ឈ្នះ CPP លុះត្រាតែមានគណបក្សតែ២ ដូចនៅសហរដ្ឋអាមេរិក ដែលផ្លាស់ប្តូរជើងគ្នាដឹកនាំប្រទេស រវាងគណបក្ស សាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ បើបែកគ្នារប៉ាត់រប៉ាយ ឬមានបក្សប្រឆាំងរាប់សិប ដូចនៅកម្ពុជា ទោះជា បោះឆ្នោត ១០០ដងទៀត ក៏មិនឈ្នះបក្សកាន់អំណាច ខណៈដែលបក្សប្រឆាំង ដូចសត្វទាំង៤ ដែលបានពន្យល់ខាងលើ។
សរុបទៅ “សត្វបួន ចួនឈ្មោះតែមួយ” មានន័យយ៉ាងនេះឯង។ កុំសង្ឃឹមថា លោកគង់ គាំ លោកអ៊ូ ច័ន្ទរ័ត្ន លោកប៉ុល ហំម លោកមុត ចន្ថា លោករៀល ខេមរិន្ទ្រ អាចរួបរួមគ្នាបានឱ្យសោះ។ កុំសង្ឃឹមថា លោកម៉ម សូណង់ដូ លោកពេជ្រ ស្រស់ លោកកែម រិទ្ធិសិត លោកគុជ លី អាចច្របាច់បញ្ចូលគ្នាបាននោះ ព្រោះនិន្នាការ ផ្នត់គំនិត ចំណេះជំនាញអត់ដូចគ្នា…៕