សួស វីសា ពន្យាពេលឡើងច្រៀងសម្ដែងលើឆាកតន្រ្ដីជាង៥ខែទៅហើយក្រោយនាងកើតកូវីដកាលពីដើមខែមីនា ហើយបើទោះជាពេលនេះនាងបានជាសះស្បើយជាច្រើនខែនិងមានសុខភាពវិលមករកប្រកតីវិញទៅហើយក្ដី តែវីសា នៅតែពន្យាពេលវិលទៅកាន់ក្បាលមីក្រូ។នេះជាការបាត់មុខពីការច្រៀងរាំរយៈពេលយូខែ ខណៈអំឡុងពេលពពោះនោះវីសា សុំច្បាប់ថៅកែហង្សមាសរយៈពេល១ឆ្នាំដើម្បីថែរក្សាសុខភាព និងសម្រាលកូនឲ្យបានរឹងដៃជើងសិនទើបចេញច្រៀងរាំវិញ។
ទោះជាយ៉ាងណាតាមរយៈការបាត់មុខទាំង២លើកដល់ទៅ១ឆ្នាំកន្លះនេះវីសា ហាក់មិនបារម្ភពីការពិបាកស្ដារមុខក្នុងទីផ្សារចម្រៀងនោះទេ ហើយពេលនេះនាងផ្ដោតងាកទៅរកស៊ីលក់ផលិតផលតាមOnlineច្រើនជាងការចង់ច្រៀងសម្ដែងលើឆាកបើទោះជាមុននេះនាងថានឹកក្បាលមីក្រូនិងក្រុមការងារនៅហង្សមាសយ៉ាងណាក៍ដោយ។
ក្រៅពីសួស វីសា តារាហងហ្សមាសដែលកើតកូវីដដែរហើយពួកគេបានជាសះស្បើយនិងវិលមករកឆាកតន្រ្ដីស្ទើតែគ្រប់គ្នាអស់ទៅហើយនោះមានដូចជាសុគន្ធ និសា ,វី ឌីណែត,ណុប ប៉ារិទ្ធ និងថែល ថៃ ជាដើម ។ចំពោះសួស វីសា វិញពេលនេះនាងពិបាកប្រជែងភាពលេចធ្លោរនៅទ្រនុំធំហង្សមាសនិងទីផ្សារចម្រៀងលំដាប់ជូរមុខក្រោយពេលមានស្វាមីនិងកូន១គឺដូចគ្នាទៅនិងឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ដែរ។ប៉ុន្ដែក្រោយមានប្ដីជិត២ឆ្នាំនេះវីសា បានផ្លាស់ប្ដូរជីវភាពស្ទើតែទាំងស្រុងបើប្រៀបធៀបពីមុននិងសព្វថ្ងៃព្រោះបច្ចុប្បន្ននាងរស់នៅផ្ទះវីឡារយ៉ាងប្រណិតនិងជិះរថយន្ដថ្លៃៗដូចជាLexus Lx570 ,Lexus Nx200t និងMazda ជាដើម។
សួស វីសា បានដឹកដៃលោកប៊ុនថុល ប៊ុនថង ហៅថមមី រៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និងសម្រាលកូនស្រីថ្ងៃទី៩ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJenny។ក្រោយមានស្វាមីវីសា បែកសាច់និងឡើងគីឡូជាងមុនហើយនាងព្យាយាមសម្រកឲ្យវិលមក៥០គីឡូវិញ ខណៈដែលពេលនេះនាងឡើងដល់ទៅជាង៦០គីឡូឯណ្ណោះ។
តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តស្វាយរៀង និងជាម្ចាស់ជ័យលាភីRock Star កាលពីឆ្នាំ២០០៥របស់Ctnរូបនេះត្រូវបានគេមើលឃើញថានាងមានសម្ថភាពមិនចាញ់ឱក សុគន្ធកញ្ញា ឡើយព្រោះអាចច្រៀងបានច្រើនទម្រង់ដូចគ្នា។ប៉ុន្ដែនៅហង្សមាសវីសា មិនទាន់ក្លាយទៅជាស្រីនាំមុខគេនោះទេព្រោះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមានប្រៀបជាងគេ៕