មាស សុខសោភា បានប្រែប្រួលស្ទើតែទាំងស្រុងក្នុងការតុបតែងខ្លួននារយៈពេលចុងក្រោយនេះពោលគឺតាំងពីនាងឡើងជាថៅកែលក់ផលិតផលរក្សារសម្រស់មកសោភា ចាប់ផ្ដើមតុបតែងខ្លួនដោយស្លៀកពាក់ចេញគល់ដើមទ្រួងហើយម៉ូដសក់វិញគឺផ្លាស់ប្ដូរស្ទើតែគ្រប់ពេលតែម្ដង។អ្វីដែលកាន់តែចម្លែកនោះថ្មីៗនេះសុខសោភា បានថតស្ទីលថ្មីចំហឲ្យឃើញសាច់គល់ភ្លៅសខ្ចីម៉ដខៃបើទោះជាឆ្នាំនេះនាងមានវ័យជាង៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែក្រោយហ៊ានបញ្ចេញភាពស៊ិចស៊ីនោះសោភា គូតែអាយុត្រឹម២០ស្ដើងទើបសមជាង។
យ៉ាងណាភាពស៊ិចស៊ីរបស់តារារាម រូបនេះគ្មានអ្នកណារិះគន់នាងឡើយព្រោះសោភា គ្រាន់តែមានការតុបតែងខ្លួនដើម្បីឲ្យមានការចាប់អារម្មណ៍ស្ទីលថតរូបថ្មីៗរបស់នាងក៍ដូចជាចង់បញ្ចេញសម្រស់ឲ្យគេជឿរជាក់លើផលិតផលនាងក្នុងឋានៈនាងជាថៅកែស្រីនេះ។អ្វីដែលមានការកោតសរសើរគឺស្វាមីរបស់សោភា លោកអ៊ឹត រ៉ាដា តែងតែសម្របខ្លួនតាមនាងជានិច្ចពោលគឺមិនដែលប្រឆាំងសោភា ម្ដងណាឡើយទាំងការតុបតែងខ្លួនស៊ិចស៊ីឡើងឆាក,ថតMV និងថតរូបបែបFashion។ប៉ុន្ដែក្រៅពីសុខសោភា គេកត់សម្គាល់ថានៅរដូវកូវីដនេះតារាដែលចូលចិត្តស្លៀកពាក់បញ្ចេញសាច់គល់ភ្លៅនោះមាននាងវ៉ាន់ វល័ក្ខ និងស៊ឹម ស្រីនិច្ច ដែលសាច់ពួកគេស្រមោចវាជ្រុះតែម្ដងព្រោះរលោងខ្លាំងពេក។
មាស សុខសោភា បានចាប់ដៃគូជាមួយប្រុសក្មេងដួង វីរៈសិទ្ធ ក្រោយទៅដល់រាម ជាង៥ខែនេះហើយទោះជាពេលនេះតារាទាំងឡាយផ្អាកចេញបទចម្រៀងនៅរដូវកូវីដនេះក្ដី ប៉ុន្ដែសោភា នៅតែបន្ដចេញថតMV ដើម្បីប្រឆាំងទៅនិងអ្នកថានាងទៅផលិតកម្មថ្មីល្បីតែខាងលក់ផលិតផលជាងបទចម្រៀង។ទោះជាយ៉ាងណាសុខសោភា មិនទាន់មានបទផ្ទុះដូចមុនទេ ហើយការហ៊ានបញ្ចេញសាច់គល់ភ្លៅនិងដើមទ្រួងនៅពេលនេះទើបធ្វើឲ្យគ្រប់គ្នាមើលឃើញថា តារាចម្រៀងសំនៀងផ្អែមរូបនេះងាកមកលេងសម្រស់ដើម្បីឲ្យមានការចាប់អារម្មណ៍លើនាងបន្ថែមពីលើបទចម្រៀង ខណៈដែលកាលពីឆ្នាំមុនសោភា ធ្លាប់រងការរិះគន់ថាការតុបតែងខ្លួនរបស់នាងមិនទាន់សាកសមជាកំពូលតារាចម្រៀងនោះទេ ព្រោះនៅតាមកម្មវិធីខ្លះនាងស្លៀកពាក់សាមញ្ញាៗពេក តែពេលនេះសោភា លែងញញើតបញ្ចេញស្បែកសខ្ចីឲ្យគេឃើញទៀតហើយ។
មាស សុខសោភា ជាតារាចម្រៀងតែម្នាក់គត់ដែលអាចរក្សារចំណងស្នេហារឹងមាំបានរហូតដល់ទៅ១៤ឆ្នាំទាំងដែលនាងនិងគូស្នេហ៍អាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា មិនទាន់រៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវនោះទេ គឺមានតែការរៀបការតាមបែបសាសនាគ្រិស្ដកាលពីឆ្នាំ២០០៨ នៅព្រះវិហារមួយនៅកាណាដាប៉ុណ្ណោះ។
សុខសោភា ចង់បញ្ចប់ពាក្យរិះគន់ថានាងសុខចិត្តសាងស្នេហ៍អត់ខាន់ស្លារព្រោះខ្លាចរៀបការទៅធ្វើឲ្យនាងចុះខ្សោយក្នុងអាជីពក៍ដូចជាត្រូវគេហៅថា”អ្នកនាងៗ”នោះតាមរយៈការដឹកដៃកំពូលស្នេហ៍ចូលរោងការនៅឆ្នាំ២០២១នេះ។ប៉ុន្ដែគម្រោងគ្រងឈុតកូនក្រមុំនេះសោភា ត្រូវរងបរាជ័យទាំងស្រុងម្ដងទៀតព្រោះតែកូវីដក្រោយនាងបានលុបចោលមង្គការយ៉ាងទាន់ហន់កាលពីឆ្នាំ២០០៩ ។ក្នុងជំនួបផ្ទាល់កន្លងមកសោភា តែងតែផ្ដល់ចម្លើយប្រែប្រួលរឿងរៀបការនេះដោយជូនកាលនាងថាចង់រៀបការនៅរយៈពេលពី២ទៅ៣ឆ្នាំទៀត និងពេលខ្លះនាងបែជាថាមិនដែលធ្លាប់គិតចង់រៀបការដោយបើកចំហម្ដងណាឡើយ។
មហាជនរងចាំមើលថាការដែលមាស សុខសោភា ជ្រើសយករាម ដោយផាត់ចោលហង្សមាសនិងGalaxyនោះនឹងធ្វើឲ្យនាងអាចរក្សារតំណែងជាតារាចម្រៀងលំដាប់ជូរមុខតទៅទៀតបានដែរឬទេ ព្រោះតាមព័តមានថាផលិតកម្មដែលបរាជ័យក្នុងការទទួលបានសុខសោភា នោះពួកគេនៅតែរងចាំត្រងតារាសំនៀងផ្អែមរូបនេះពេលអស់កុងត្រាជាមួយរាម ក្នុងនោះក៍មានអតីតផលិតកម្មចាស់របស់នាងគឺថោន ក៍ត្រូវបានលោកករុណា ពេជ្រ អតីតអ្នកចាត់ការទូទៅផលិតកម្មមួយនេះធ្លាប់ប្រាប់ថាសោភា នៅតែអាចក្លាយទៅជាផលិតកម្មថោននៅថ្ងៃណាមួយវិញដែរ។ប៉ុន្ដែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងនឹងមិនទៅចូលថោន វិញឡើយព្រោះធ្លាប់ច្រៀងនៅទីនោះ៩ឆ្នាំហើយ តែទំនាក់ទំនងនាងនិងថៅកែប្រុសស្រីថោន គឺនៅដដែល៕ ហ៊ឹម វិចិត្រ