ភ្នំពេញ៖កែវ ពេជ្រពិសី មានជម្រើសស្នេហ៍ច្រើនហើយក្នុងនោះក៍មានបុរសជាមន្រ្ដីរាជការដែលមានឋានៈជាន់ខ្ពស់ធ្លាប់តាមស្នេហានាងដែរពោលគឺមានន័យថាបើពិសី ចង់បានតំណែងជំទាវ វាមិនពិបាកសម្រាប់រូបនាងឡើយ។ប៉ុន្ដែក្រោយទុកជីវិតឲ្យនៅជាស្រី្ដមេម៉ាយជិត១០ឆ្នាំបន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជាបុរសអាណិកជនខ្មែរអូស្រ្ដាលីកាលពីឆ្នាំ២០១០ នោះពេជ្រពិសី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនដែលចង់ប្រាថ្នាចង់បានប្ដីជាមន្រ្ដីធំ ឬចង់បានងារជំទាវនោះទេព្រោះបំណងប្រាថ្នាចង់បានគ្រួសារមួយដែលសាមញ្ញមានប្ដីនិងកូនរស់នៅជុំគ្នានោះនាងពេញចិត្តហើយ។តែពេជ្រពិសី ថាចំពោះអ្នកផ្សេងដែលបានងារជំទាវនាងថាមានតែអបអរសាទព្រោះពួកគាត់មានសំណាង។
អ្វីដែលកែវ ពេជ្រពិសី បានធ្វើឲ្យ”សុបិន្ដ ក្លាយទៅជាការពិត”នោះគឺពេលនេះនាងបានត្រៀមខ្លួនក្លាយជាម្ដាយគេនៅចុងខែ កញ្ញាឆ្នាំ២០២១នេះហើយក្រោយពេលនាងបានសម្រេចជ្រើសរើសបុរសពោះម៉ាយមកពីកាណាដាលោកពៅ សម្បត្តិ តាមរយៈ ការភ្ជាប់ពាក្យត្រឹមត្រូវតាមប្រពៃណីខ្មែរតាំងពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ។ចំពោះមូលហេតុដែលពេជ្រពិសី ត្រូវយកកូនទី១ នៅ ឆ្នាំនេះដោយសារតែនាងបានលុបគម្រោងការ ចោលតាំងពីពាក់កណ្ដាលឆ្នាំ២០២០មកម្លេះព្រោះតែកូវីដមិន ទាន់ស្ងាត់ ធ្វើ ឲ្យប្រាក់កក់មួយចំនួនដែលត្រូវធ្វើពិធីរៀបមង្គលការនោះត្រូវបានខាតបង់។ពេជ្រពិសី ថាពេលនេះនាងមានអាយុច្រើនដែរហើយអីចឹងបើពន្យាពេលយកកូនទៀតថ្ងៃក្រោយខ្លាចតែពិបាកមានកូន។ប៉ុន្ដែក្រោយសម្រាលកូនរួចគម្រោងដែលនាងចង់រៀបការគឺនៅតែរក្សារដដែលហើយនឹងរៀបចំនៅពេលវេលាដ៍សមស្របណាមួយក្រោយស្ងាត់កូវីដ។
នៅពេលដែលថ្ងៃសម្រាលកូនកាន់តែខិតចូលមកដល់នេះកែវ ពេជ្រពិសី បានទិញនូវសម្ភារៈជាច្រើនសម្រាប់ស្វាគមន៍កូនដំ បូងរបស់នាងនេះដែលមើលទៅពិសី ពិតជារីករាយខ្លាំងណាស់ដែលបានកាដូធំមិនអាចកាត់ថ្លៃបាននៅឆ្នាំ២០២១នេះបើទោះជាការសម្រាលកូនទី១នេះនាង ត្រូវវះកាត់មិនមែនសម្រាលតាមធម្មជាតិក្ដី។តារាដែលជិតក្លាយទៅជាម្ដាយគេរូបនេះថាក្រោយសម្រាលកូនរួចហើយពេលរឹងដៃរឹងជើងនាងនឹងត្រៀមខ្លួនទៅកម្សាន្ដនៅប្រទេសកាណាទឹកដីទី២របស់ស្វាមីផងដែរ ខណៈដែលពេលនេះលោកសម្បត្តិ នៅស្រុកខ្មែរដើម្បីមើលថែនាងមុនសម្រាលកូន។
កែវ ពេជ្រពិសី បានផ្អាកពីការថតសម្ដែងភាពយន្ដនិងខារ៉ាអូខេជាច្រើនឆ្នាំមកហើយដោយផ្តោតលើការកស៊ីបើកហាងសម្អាងការ តែអំឡុងកូវីដនេះនាងក៍ដូចជាអ្នករកស៊ីផ្នែកនេះផ្សេងទៀតដែរគឺប៉ៈពាល់ខ្លាំងដូចគ្នាធ្វើឲ្យពេជ្រពិសី ធ្លាក់ប្រាក់ចំណូលមួយផ្នែកធំ។ដោយឡែកគូដណ្ដឹងរបស់ពេជ្រពិសី លោកសម្បត្តិ វិញជាអ្នកជំនួញម្នាក់ហើយពិសី ប្រាប់ថាលោកចេញចូលស្រុកខ្មែរនិងកាណាដាទៅមកៗព្រោះមានក្រុមហ៊ុនមួយនៅខ្មែរដែរ។
ពេជ្រពិសី ក៍បានប្រាប់ថាទោះជាឃ្លាតឆ្ងាយពីអាជីពសិល្បៈជាច្រើនឆ្នាំមែន តែចិត្តនាងនៅតែស្រលាញ់អាជីពមួយនេះ ព្រោះ នាងត្រូវបានគេគាំទ្ររហូតមកដល់សព្វថ្ងៃគឺដោយសារតែសិល្បៈ។យ៉ាងណាពេជ្រពិសី ថានាងបានយកការកស៊ីជាជម្រើសទី១ ចំណែកសិល្បៈជាជំហ៊ានទី២ហើយថ្ងៃក្រោយបើមានពេលនាងនៅតែចង់ឆ្លៀតសម្ដែងភាពយន្ដតាមដែលអាចធ្វើទៅបានខ ណៈអំឡុងមុនពពោះនេះនាងត្រូវបានផលិតករមួយចំនួនទាក់ទងឲ្យថតភាពយន្ដខ្ទង់ដល់ទៅ៥រឿងប៉ុន្ដែនាងមិនទាន់ ទទួល ថតដោយសារតែមិនមានពេលវេលាគ្រប់គ្រាន់ឲ្យគេ ហើយមានរឿងខ្លះអ្នកដឹកនាំដាក់តួមិនចំអ្វីដែលនាងចង់សម្ដែង។
ក្រៅពីកែវ ពេជ្រពិសី តារាដែលជ្រើសគូស្នេហ៍ស្នេហ៍ជាបុរសអាណិកជនខ្មែរនៅកាណាដាមានដូចជាសៀម ស្រីណុច ,រស់ ម៉ូនីកា,ម៉ុក អានីត ,មាស សុខសោភា និងឡាយ លក្ខិណា ជាដើម។ចំពេជ្រពិសី វិញថាថ្ងៃអនាគតនាងមិនទាន់គិតដល់ទេថាតើនឹងចេញទៅរស់នៅកាណាដាតាមស្វាមីឬបន្ដនៅស្រុកខ្មែរនៅឡើយតែចិត្តនាងចង់នៅស្រុកកំណើតច្រើនជាង។តែនាងថាក្រោយមានស្វាមីអាចសម្របខ្លួនតៅតាមពេលវេលាបាន៕