Monday, December 2, 2024
Homeបរិយាយអាណិតកុំបិទបើកៗ

អាណិតកុំបិទបើកៗ

ដោយ អាចារ្យថាំ

ក្រសួងអប់រំ បានចេញសេចក្តីប្រកាសបើកសាលារៀនជាបណ្តើរៗ ចាប់ពី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ។ ការបើកបវេសនកាលនេះ ត្រូវពិនិត្យដែរ បើទីតាំងណា តំបន់ណាមាន អត្រាឆ្លងកូវីដ-១៩ ខ្លាំងមិនទាន់ឱ្យបើកទេ ប៉ុន្តែ បើកន្លែងណាធូរស្រាល ទើបឱ្យដំណើរការ។

ដំណឹងបើកសាលារៀននេះ ធ្វើឱ្យមាតាបិតា អាណាព្យាបាលសិស្ស និស្សិត រីករាយណាស់ សូម្បីតែលោកគ្រូ អ្នកគ្រូ ក៏សប្បាយចិត្តមិនធម្មតាដែរ ព្រោះឱ្យ គាត់សម្រាកយូរពេក ចង់ស្ពឹកខ្លួន ភ្លេចកិច្ចការបង្រៀន។ លោកគ្រូ អ្នកគ្រូ ខ្លះ ត្អូញចេះតែធាត់ទៅៗ ខ្លះត្អូញថា អស់កន្លែងដើរលេង ក៏នៅតែផ្ទះ ធុញទ្រាន់ណាស់។

ដូច្នេះបើបានជាបើកសាលា សូមមេត្តា “កុំបើកបិទៗ” ដូចកន្លងទៅ បាន ត្រឹមធ្វើឱ្យសិស្សខូចអនាគតតែប៉ុណ្ណោះ។ ការបើកបិទៗផ្តល់គ្រោះថ្នាក់ខាតបង់ ដល់សតិបញ្ញាក្មេង មិនខុសពីការ “ដាច់ភ្លើង” មួយថ្ងៃ ៤-៥ដង ភ្លឹបភ្លែតៗ បាន ត្រឹមឆៅបាយរាប់ម៉ឺនឆ្នាំង ព្រោះការប្រើចង្ក្រានអគ្គិសនី។ កុំព្យួទ័រនៅតាមការិ- យាល័យខ្លះឆេះអ៊ីស្សេ ចោលលុយទទេ ព្រោះតែរឿងដាច់ភ្លើង។

បច្ចុប្បន្ន កុមារខ្លះ អាយុ៧-៨ឆ្នាំហើយ អត់ចេះអក្សរ១តួទេ ព្រោះអត់បាន រៀន។ ក្មេងខ្លះដលរៀនថ្នាក់ទី២-ទី៣ ចេះអក្សរខ្លះៗនោះ ឱ្យរៀនតាមអនឡាញ ក៏ទៅមិនរួចដែរ បើបណ្តែតបណ្តោយឱ្យរៀនស្ងាត់ៗ គេបើកលេងហ្គេមវិញ។ សិស្សវិទ្យាល័យ អនុវិទ្យាល័យ បើឱ្យរៀនតាមអនឡាញ ក៏ពិបាកដែរ អាចបាន តែសិស្សណាឧស្សាហ៍ព្យាយាមប៉ុណ្ណោះ ប៉ុន្តែបើប៉ះសិស្សខ្ជិល ក៏គេចទៅលេង បាល់ទាត់ ហើយបើសិស្សស្រី ក៏គេចទៅដើរលេង ណាត់គ្នាស៊ីម្ជូរ ស៊ីអី ឯណា ឯណីទៅវិញ។

និស្សិតសាកលវិទ្យាល័យ បើបិទបើកៗអគារសិក្សា ធ្វើឱ្យពួកគេធុញទ្រាន់ សម្រេចចិត្តឈប់រៀនក៏មាន ខ្លះក៏ភ្ជាប់ពាក្យ មានគូដណ្តឹង រួមរស់ជាមួយគ្នា មុនរៀបការខ្លះៗអ៊ីចឹងទៅ។

និយាយឱ្យខ្លី បើ “បើកឱ្យចំបើក” សូមមេត្តា “កុំបិទបើកៗ” ដូចផ្សារលក់ដូរ អត់កើតទេ។ អ្នកលក់ដូរ អាចផ្អាករកលុយកន្លះខែក៏បាន តែបើឱ្យផ្អាកការ សិក្សា ធ្វើឱ្យសិស្សខូចសតិបញ្ញា ធ្ងន់ជាងឆ្លងកូវីដ-១៩ ទៅទៀត។

ទោះយ៉ាងណា វិបត្តិកូវីដ-១៩ បំប្លែងជាដែលតា ជាស្អីៗនោះ អត់ទាន់ ចប់ទេ ប៉ុន្តែដោយសារសម្តេចនាយករដ្ឋមន្ត្រី អាណិតអាសូរកូនចៅ សិស្ស-និស្សិត ក៏បើកភ្លើងខៀវឱ្យក្រសួងអប់រំ ពិចារណាបើកសាលារៀនឡើងវិញ តាមតំបន់ ធូរស្រាល។

ចុះឧបមាថា បើកវិទ្យាល័យនៅជនបទណាមួយ បាន ១អាទិត្យ ស្រាប់តែ គេបំភ័យថា មានគ្រូម្នាក់ឆ្លងកូវីដ-១៩ ស្រាប់តែចៅហ្វាយខេត្ត បញ្ជាឱ្យបិទសាលា ភ្លាមៗនោះ តើផលវិបាកធ្លាក់ទៅលើអ្នកណា? ម៉្យាងទៀត ខណៈដែលក្រសួង អប់រំប្រកាសជាលាយលក្ខណ៍អក្សរ ឱ្យបើកសាលាឡើងវិញ ស្រាប់តែក្រសួង សុខាភិបាល ប្រកាសពីការឆ្លងដែលតា កាន់តែខ្លាំងនោះ តើត្រូវដោះស្រាយដោយ វិធីណា?

សូមរំព្ញកថា សម័យលន់ នល់ ក៏បិទបើកៗសាលាយ៉ាងនេះដែរ ដោយសារ ខ្មែរក្រហម បាញ់ផ្លោងដាក់វិទ្យាល័យ ឬទីតាំងឈរជើងរបស់ទាហានសាធារណរដ្ឋ។ លុះស្ងប់បន្តិច គេបើកវិញ រហូតដល់ថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ ទើបបិទសាលា ជារៀងរហូត។ កាលបិទនោះ មិនយូរថ្ងៃទេ ក៏បើកវិញ រីឯសិស្សនិស្សិត ក៏មិន ខូចសតិបញ្ញានោះដែរ ប៉ុន្តែការបិទសាលារាប់ខែ រាប់ឆ្នាំ ដូចសម័យកូវីដ-១៩ នេះ ធ្ងន់ណាស់។

ហេតុនេះ គួរតែក្រសួងអប់រំ និងក្រសួងសុខាភិបាល និយាយគ្នាឱ្យស្រួល រឿងបើកបិទសាលា ព្រោះចៅហ្វាយខេត្ត ស្តាប់តាមថ្នាក់លើ ជាពិសេសស្តាប់ ឱវាទវេជ្ជបណ្ឌិត។ បើបានជាបើក ត្រូវបើកឱ្យរលូនទៅ តែបើបើកបិទៗ ដូចដាច់ ភ្លើងបែបនេះ កូនឯង កូនគេ ខូចខួរក្បាលអស់ហើយ ព្រោះថា សិស្សពិបាកឱ្យ អនុវត្ត “៣កុំ ៣ការពារ” ដែលជារឿង គួរពិចារណា”៕

RELATED ARTICLES