Monday, December 23, 2024
Homeបរិយាយល្បែងខ្សឹបអ្នកតា

ល្បែងខ្សឹបអ្នកតា

ដោយ អាចារ្យថាំ

ល្បែងនយោបាយនៅកម្ពុជា ដែលកូនចៅបរិវារ ឬសហការី ចូលចិត្តរាយការណ៍ជម្រាបថ្នាក់លើ ជួនពិត ជួនកុហកនោះ មិនខុសពី “ល្បែងខ្សឹបអ្នកតា” ដែលក្មេងៗជំនាន់ដើមធ្លាប់លេងនៅពេលរាត្រីខែភ្លឺ។ សព្វថ្ងៃ ល្បែងជាប្រពៃណីនេះ មិន ដែលឃើញក្មេងៗយកមកលេងទៀតទេ បែរជាលេចអ្នកនយោបាយ នាំគ្នាលេងល្បែងនោះទៅវិញ បណ្តាលឱ្យបុគ្គលដែល អ្នកតាគុំកួន ត្រូវគេជិះសង្កត់ជាប់រើមិនរួច ដែល “នគរធំ” ក្តាប់បានក៏លើកពីល្បែងបុរាណ ប្រៀបនឹងនយោបាយ មកធ្វើ ប្រធានបទ បរិយាយថ្ងៃនេះ…។

“ល្បែងខ្សឹបអ្នកតា” សូម្បីអាចារ្យថាំ កាលនៅជំទង់ក៏ធ្លាប់លេងដែរ ដោយមានរបៀបលេងនៅកណ្តាលទីធ្លាមុខផ្ទះ ក្រោមពន្លឺព្រះចន្ទចែងចាំង។ មុនដំបូង គេយកស្រីមានប្តីម្នាក់ធ្វើ “អ្នកតា ឬអ្នកដូន” ចំណែកអ្នកតាស្នងរូបនោះ ត្រូវជ្រើស រើសក្មេងប្រុសជំទង់ ៤ឬ៥នាក់ ឱ្យឈរម្ខាង និងជ្រើសក្មេងស្រីជំទង់ ៤-៥នាក់ដូចគ្នា ឱ្យឈរម្ខាង ឃ្លាតពីអ្នកតាប្រហែល ៥ម៉ែត្រ។ ក្មេងជំទង់ដែលចូលលេង មានអាយុក្រោម ១៣ឆ្នាំ ប៉ុន្តែល្បែងនេះ កំលោះក្រមុំមិនហ៊ានលេងទេ ព្រោះជាល្បែង ជិះអៀវកគ្នា មិនអាចឱ្យកំលោះក្រមុំលេងកើត។

អ្នកតាត្រូវអង្គុយលើស្លឹកឈើក្រាលផ្ទាល់ដី រួចហៅក្មេងប្រុសក្មេងស្រី តាមលំដាប់ចាប់គូពីលេខ១ ដល់លេខ៤ ឬលេខ៥។ មុនដំបូងអ្នកតាស្រែកហៅក្មេងប្រុសលេខ១ មកខ្សឹបដាក់ត្រចៀកអ្នកតា បន្ទាប់ពីអ្នកតាសួរតិចៗថា “អ្ហែងស្រលាញ់អា ណា?” ក្មេងប្រុសលេខ១ នោះ ក៏ខ្សឹបដាក់ត្រចៀកអ្នកតាថា “ស្រលាញ់លេខ៤” ដោយហេតុថា ក្មេងស្រីលេខ៤ នោះ ស្អាត ជាងគេ។ ខ្សឹបរួចក៏ថយទៅវិញ រួចអ្នកតាក៏ហៅក្មេងប្រុសលេខ២ មកសួរដូចមុន “អ្ហែងស្រលាញ់អាណា?” ក្មេងប្រុសលេខ២ បើខ្សឹបថា “ស្រលាញ់ក្មេងស្រីលេខ២” ដូចគ្នា អត់អីទេ តែបើខ្សឹបជាន់ “ស្រលាញ់លេខ៤” ប៉ះរបស់គេខ្សឹបពីមុន អ្នកតាក៏ ពិន័យ ដោយស្រែកឮៗថា “អ៊ាវៗ!” រួចបង្គាប់ឱ្យក្មេងស្រីទាំង៤ ជិះអៀវកក្មេងប្រុសទាំង៤ ពីចុងទីម្ខាង ដល់ចុងទីម្ខាង។ ល្បែងនេះ ជួនកាលក្មេងប្រុសជិះអៀវកក្មេងស្រីដែរ ស្រេចលើអ្នកតាពិន័យ កើតជាការសើចសប្បាយហ៊ោកញ្ជ្រៀវ ចាស់ៗ ក៏ចេញមកមើលដែរ។

យ៉ាងណាមិញ អ្នកនយោបាយនៅកម្ពុជា សព្វថ្ងៃកំពុងនាំគ្នាលេងល្បែង “ខ្សឹបអ្នកតា” គ្រប់គ្នា ប៉ុន្តែអ្វីដែល “នគរធំ” ឃ្លាំមើលឃើញអ្នកតាធំឆ្លាស់វេនគ្នាឱ្យគេខ្សឹប គឺ “អ្នកតាសម រង្ស៊ី និងអ្នកតាកឹម សុខា” ជាអតីតប្រធានអនុប្រធាន គណបក្សសង្គ្រោះជាតិ (CNAP)។ ចំណែកសម្តេចហ៊ុន សែន ចាត់ទុកជា “អ្នកតាចាស់ស្រុក” ឬម្ចាស់ផ្ទះដែលអនុញ្ញាត ឱ្យយកទីធ្លាមុខផ្ទះ “លេងល្បែងខ្សឹបអ្នកតា”។

កាលពីប៉ុន្មានថ្ងៃមុន លោកលិម គិមយ៉ា “ខ្សឹបប្រាប់អ្នកតា កឹម សុខា” តាមហ្វេសប៊ុក ថា “ស្រលាញ់បោយ រើយ” អ្នកតា ក៏មិនថាអីដែរ ក៏ឱ្យលោកហ៊ុន កុសល ខ្សឹបម្តងថា “ស្រលាញ់ចន្ទ រាម” ដោយហេតុថា ពួកប្រឆាំងសុទ្ធតែប្រុសៗ អត់សូវ មានស្រីៗ មកលេងល្បែងខ្សឹបអ្នកតា។ ដោយឡែកលោកសេង រតនា បានខ្សឹបដាក់អ្នកតា សម រង្ស៊ី ថា “ស្រលាញ់ឆាំ ឆានី” រីឯយុវជនម្នាក់ ប្រើគណនីហ្វេសប៊ុក “ទោះស្លាបក់ក៏ជាខ្មែរ” បានខ្សឹបប្រាប់អ្នកតា សម រង្ស៊ី ថា “ស្រលាញ់ក្មេងស្រី រ៉ូហ្ស៊េត” ដែលជាក្រមុំជើងខ្លាំងនៅបាត់ដំបង។ ទាំងប៉ុន្មានគូនេះ ខ្សឹបយ៉ាងណា ក៏អ្នកតាអត់ពិន័យអ្វីទេ ដឹងអី លុះ “បណ្ឌិត សេង សារី” ខ្សឹបប្រាប់អ្នកតាសម រង្ស៊ី អំពី “សេណារីយ៉ូ ៦ចំណុច ដើម្បីបង្កើតរដ្ឋាភិបាលស្រមោល” ស្រាប់តែអ្នកតា ចាស់ស្រុកខ្ញាល់ ចង់កាច់ ប៉ុន្តែលោកខ្ញាល់តែមួយស្របក់ក់បា៏ត់ទៅ ដោយបញ្ចោញធម៌សន្តោសប្រោសប្រណី ឱ្យអ្នកខ្សឹបនោះ រួចទុក្ខទោស។

ក្រៅពីអ្នកតាធំៗ ៣អង្គនេះ នៅកម្ពុជា ក៏មាន “អ្នកតាតុលាការ” មានអាស្រមតាំងនៅរាជធានី-ខេត្ត ពូកែខ្ញាល់ ណាស់ ឱ្យតែពួកសកម្មជនការពារបរិស្ថាន ហ៊ានខ្សឹបខ្សៀវ ច្បាស់ជាពិន័យចាប់អៀវក ដាក់គុកព្រៃស មិនខានឡើយ។

អ្នកតាធំបំផុត បើកឱកាសឱ្យកូនចៅលេងល្បែងនេះ មុខអាស្រម អត់ហាមឃាត់អ្វីទេ ពោលគឺបេកឱ្យមាន “ពហុបក្ស” ចំហទ្វារឱ្យពួកប្រឆាំងដើរចូលដោយសេរី ប៉ុន្តែករណីអ្នកវិភាគខ្លះ ដូចលោកបណ្ឌិតសេង សារី “ខ្សឹបមិនចំខ្សឹប” គឺឮរំពង ភូមិ ឃើញថាខុសពីរបៀបលេងល្បែងនេះ ដែលគេខ្សឹបស្ងាត់ៗ ជាហេតុនាំឱ្យអ្នកតាចាស់ស្រុក ខ្ញាល់មួយឆាវដែរ តែរសាយ វិញ ចាត់ទុកជាគំរូល្អបំផុត។

អ្នកតាធំ ១អង្គនេះ មាន “ភ្នែកទិព្វ ត្រចៀកទិព្វ” គេខ្សឹបចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រ ក៏ទតឃើញ ស្តាប់ឮដែរ ជាក់ស្តែង កាលលោកឡុង រី នាំគ្នាខ្សឹបខ្សៀវប្រាប់អ្នកតាសម រង្ស៊ី លើទឹកដីអាមេរិកសោះ ស្រាប់តែអ្នកតាចាស់ស្រុក “ទ្រង់ព្រះ-សណ្តាប់” និង “ទតយល់” តាម “កញ្ចក់ទិព្វ” ធ្វើឱ្យអ្នកលេងល្បែងខ្សឹបអ្នកតានោះ ព្រួយបារម្ភខ្លាចព្រះចេស្តាអ្នកតាគ្រប់គ្នា។

ឥឡូវអ្វីដែលគេចាប់អារម្មណ៍នៅត្រង់ “អ្នកតាសម រង្ស៊ី” គង់មិនស្រណុក ខ្យល់បក់មិនល្ហើយ ក៏ហោះពីអាស្រមនៅ ស្រុកបារាំង ទៅដល់អាមេរិក កាណាដា រួចទៅកេះកៀរ “អ្នកតាអាមេរិក” ឱ្យជួយធ្វើអន្តរាគមន៍ ក្រែងបានមកស្រុកវិញ។ អ្នកតាអាមេរិក គោរពច្បាប់ គឺការត្រាស់បង្គាប់ពី “ព្រះបាទវេស្សវ័ណ” ឬ “អង្គការសហប្រជាជាតិ” ក៏គ្មានហ៊ានលូកដៃ រំលង “ខណ្ឌសីមា” គេដែរ បានត្រឹមតែឆ្លើយប្រាប់អ្នកតាសម រង្ស៊ី ថា “មិនអីទេ ចាំយើងជួយ!”។

ដោយឡែក “អ្នកតាកឹម សុខា” ដែលគង់ស្អៀចក្នុងអាស្រមក្តៅហប់ ជាប់វេទមន្តអ្នកតាចាស់ស្រុក មិនអាចហោះទៅ ណារួចទេ ក៏ចាំតែស្តាប់កូនចៅទៅខ្សឹប។ កូនចៅទាំងនោះ គ្មានចិត្តស្មោះត្រង់ អាណិតអាសូរអ្នកតាជាប់ចំណងសិល្ប៍នោះ ទេ មានខ្លះក៏រត់ចោលអ្នកតា ដូចលោកមុត ចន្ថា, យ៉ែម បុញ្ញប្ញទ្ធិ, អ៊ូ ច័ន្ទរ័ត្ន, ហ៉ុល ហំម ជាដើម នាំគ្នាទៅចោលអស់ ឃើញ នៅតែកូនចៅខ្លះ ដូចលិម គិមយ៉ា, សួន សូរីដា, ហ៊ុន កុសល, បោយ រើយ, ចន្ទ រាម ជាដើម មិនរត់ចោលអ្នកតានេះទេ តែបែរជាយករឿងផ្តោសផ្តាស មកខ្សឹបប្រាប់អ្នកតាឱ្យ “ទ្រង់ព្រះកន្សែង” ទៅវិញ។ អ្នកតាកឹម សុខា យំរលឹកកូនស្រី យំ ស្រណោះខ្លួន ដែលជាប់ចំណងទេវមន្ត បានត្រឹមប្រាប់គេឯងថា “អាត្មា កាន់ធម៌អហិង្សា” មិនចងកម្មចងពៀរនឹងខ្មែរដូច គ្នាទេ។

មហិទ្ធិប្ញទ្ធិអ្នកតា មានខ្លាំងខ្សោយ មិនដូចគ្នាទេ គឺអ្នកតាដើមច្រេស អ្នកតាដើមជ្រៃ មានប្ញទ្ធានុភាព កម្រិតស្រាល ប៉ុន្តែអ្នកតាចាស់ស្រុក ខ្លាំងពូកែណាស់ អាចសូត្រសែកផ្លុំចេញជាខ្យល់ព្យុះបោកបក់បំប៉ើងអាស្រមអ្នកតាតូចតាចឯទៀត បាន ដូចករណី “អាស្រម CNRPរ” ត្រូវខ្យល់ព្យុះបក់ប៉ើងទៅបាត់។ ទោះជាបាត់អាស្រម ក៏អ្នកតាសម រង្ស៊ី និងអ្នកតាកឹម សុខា នៅតែមានកូនចៅ “ខ្សឹបដាក់ព្រះកាណ៌” រាល់ថ្ងៃ ប៉ុន្តែស៊យអ្វី ខ្សឹបយ៉ាងណាក៏អ្នកតាចាស់ស្រុក ស្តាប់ឮតាមកញ្ចក់ទិព្វ។

សរុបទៅ “ល្បែងខ្សឹបអ្នកតា” ជាប្រពៃណី សម្រាប់ក្មេងជំទង់នាំគ្នាលេងពីដើម រលុបរលាយបាត់អស់ហើយ លេច ចេញជាល្បែងខ្សឹបអ្នកតានយោបាយម្តង។ អ្នកតា បើឆាប់ជឿកូនចៅខ្សឹបទាំងធ្វេសស្មារតី ដោយចាក់រុកគ្នានោះ ក៏មិនកើត ដែរ ដូច្នេះចាំបាច់ត្រូវតែយក “ទិព្វញ្ញាណ” មកប្រើ ព្រោះទិព្វញ្ញាណ ខុសពី “បញ្ញាញ្ញាណ” ដែលជាបរិបទសម្រាប់អ្នក នយោបាយគ្រប់និន្នាការ ពិចារណាតាមការគួរ…៕

RELATED ARTICLES