ដោយ អាចារ្យថាំ
សុភាសិតបារាំងថា “ស្រាល្អ ពុំចាំបាច់លើកយីហោឃោសនាទេ” (A bon vin point d’enseigne) មានខ្លឹមសារចង្អុលបង្ហាញថា សភាវៈអ្វីដែលល្អ ទោះ យើងមិនអួតអាងប្រកូកប្រកាស ក៏គេឱ្យតម្លៃដែរ។ ផ្ទុយទៅវិញ បើអត្តភាព ខ្លួនមិនល្អ ទោះជាប្រឹងប្រកូកប្រកាសយ៉ាងណាក៏សាធារណជនមិនផ្តល់តម្លៃ។
“ស្រាល្អ” នៅកម្ពុជា មានដូចជា ស្រាបៀរ ABC/ ANCHOR ជាដើម ទោះជាមិនបាច់ប្រកូកប្រកាសឃោសនា ក៏នៅតែមានអ្នកចូលចិត្តទិញយកទៅ ផឹក។ ផ្ទុយទៅវិញ ស្រា–ស ខ្លះល្បីពុលស្លាប់មនុស្សពេលគេទិញយកទៅកំដរ រោងបុណ្យ ធ្វើឱ្យគេខ្លាចស្រា–ស ទោះជាផលិតចេញពីសិប្បកម្មខុសៗគ្នាក៏ដោយ។
យ៉ាងណាមិញ “ស្រានយោបាយ” នៅកម្ពុជា ឆ្ងាញ់ជាងគេ មានតែពីរទេ គឺ “ស្រា CPP និងស្រា CNRP” ប៉ុន្តែសព្វថ្ងៃថៅកែរោងចក្រផលិតស្រា CNRP ជាប់ទោសវ័ណ្ឌក ខណៈដែលរោងចក្រ CNRP ត្រូវបិទលែងឱ្យផលិតស្រា។
លុះស្រាឆ្ងាញ់នេះ លែងចែកចាយចរាចរណ៍ដូចមុន ក៏ស្រាប់តែមានស្រាបៀរ រាយរងច្រើនយីហោ ចេញលក់ព្រាត មានដូចជា “ស្រាកែទម្រង់កម្ពុជា ស្រាឆន្ទៈ ខ្មែរ” ជាដើម ចង់មកជំនួសស្រា CNRP។
ប៉ុន្មានថ្ងៃមុន ថៅកែ “ស្រាឆន្ទៈខ្មែរ” បានឃោសនាថា “បក្សឆន្ទៈខ្មែរ ពិត ជាមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ពិតប្រាកដ បម្រើប្រជាពលរដ្ឋ និងកសាង ឃុំសង្កាត់ កសាងប្រទេសកម្ពុជា ឱ្យសុខចម្រើនទ្វេឡើង ជាក់ជាមិនខាន”។ ចំណែកថៅកែ “ស្រាកែទម្រង់កម្ពុជា” ក៏បានទៅលើកស្លាកយីហោនៅខេត្ត សៀមរាប ដោយឃោសនាថា ស្រាបៀរគាត់ឆ្ងាញ់ណាស់ “ទោះជាផឹកម្នាក់១ កេស ក៏មិនស្រវឹងដែរ”។
ហេតុអ្វីបានជា អ្នកនិពន្ធបារាំង ចងក្រងសុភាសិត “ស្រាល្អ មិនចាំបាច់លើក យីហោ?” មកពីអ្នកនិពន្ធនោះ មានការពិសោធន៍ ឬធ្លាប់ចូលប្រឡូកក្នុងឆាក នយោបាយ ក៏បង្កើតសុភាសិតបែបប្រៀបធៀបនេះឡើង។ សព្វថ្ងៃស្រាបៀរឆ្ងាញ់ និងពេញនិយម នៅសល់តែមួយទេ គឺ “ស្រា CPP” ធ្លាប់មានអ្នកផឹកជាង៣លាន នាក់ កាលពីឆ្នាំ២០១៣។ ស្រានេះជួនកាលថៅកែរោងចក្រ ឱ្យដឹកទៅចែករាស្ត្រ ផឹក អត់យកលុយទេ មានទាំងថែមអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឱ្យទៀតផង។ កាលមុន មាន “ស្រា CNRP” ប្រជែងគ្នា មានអ្នកផឹកជិត ៣លាននាក់ដែរ តែ ឥឡូវរោងចក្រ CNRP បិទទ្វារហើយ នៅសល់តែ ស្រា CPP មួយគត់ កំពុង ពេញនិយម។
លុះអ្នកផឹក បានឃើញគេលើកស្លាក “ស្រាកែទម្រង់កម្ពុជា” និងអួតពីគុណ ភាព “ស្រាឆន្ទៈខ្មែរ” ចង់ផឹកសាកមើលដែរ តែចាំបើកប្រាក់ខែសិន។ នៅមាន ស្រាបៀររាប់សិបយីហោទៀត កំពុងរកទីផ្សារ ចង់យ់កឈ្នះគូប្រជែង ភ្លេចគិត ថា “ចរិតអ្នកផឹក… បើគាត់ធ្លាប់ផឹកស្រាណា ក៏ផឹកតែស្រាហ្នឹង ពិបាកប្រែចិត្ត។
ដូច្នេះការអួតអាងលើយីហោស្រាបៀរ ទំនងជាគ្មានប្រសិទ្ធភាពទេ បើសិន ជាអ្នកផឹកញៀនញ៉ាមតែស្រា CPP នោះ។ ដោយឡែក អ្នកខ្លះធ្លាប់ផឹកស្រា CNRP លុះលែងបានផឹក ក៏សុខចិត្តស្ងួតធ្មេញសិនទៅ ដោយរង់ចាំមើលជើងខ្យល់ ក្រែងលោគេបើករោងចក្រវិញ នឹងបានផឹកសាជាថ្មី។
ទោះយ៉ាងណា “នគរធំ” ផឹកទឹកតែក្តៅៗ ចាក់ចេញពីប៉ាន់ អត់ចេះផឹកស្រា ដូចគេទេ ទោះជាឃើញគេលើកស្លាកយីហោ ឬឃោសនាស្រាបៀរម៉ាកអី ក៏សូម ជួយអបអរសាទរ។ ឧបមាថា ស្រាឆន្ទៈខ្មែរ ស្រាកែទម្រង់ និងស្រារាប់សិបយីហោ ទៀត មានអតិថិជនច្រើន ទិញយកទៅផឹក “នគរធំ” ត្រេកអរណាស់ និង សូមជូនពរឱ្យក្រុមហ៊ុនស្រាទាំងនេះ លក់ដាច់។ ចំណែកក្រុមហ៊ុនស្រាបៀរ CPP ក៏មិនត្រូវមានមោទនភាពពេកដែរ ព្រោះដឹងថា ស្រាបៀរខ្លួនលក់ដាច់ ស្រាប់តែ ផលិតខ្ជីខ្ជា ផឹកទៅភ្លាវដូចទឹកទន្លេនោះ អាចធ្វើឱ្យស្រាបៀរឆន្ទៈខ្មែរ ដណ្តើមបាន ម៉ូយ ភ្លូកទឹកភ្លូកដី ក៏ថាបាន…៕