Monday, December 23, 2024
Homeបរិយាយជំហរអ្នកវិនិយោគ

ជំហរអ្នកវិនិយោគ

ដោយ អាចារ្យថាំ

វិនិយោគ (Investment) សំដៅដល់ការបណ្តាក់ទុនរកស៊ី, ការបង្កើតរោងចក្រ សហគ្រាស កសិដ្ឋាន ក្រុមហ៊ុនទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែអ្នកវិនិយោគ ឬ វិនិយោគិន (Investor) ភាគច្រើនជាជនបរទេស ចូលមករកស៊ីក្នុងប្រទេសណាមួយ ដែលគេសម្លឹងឃើញផលចំណេញធំ។ ជាទូទៅអ្នកវិនិយោគ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច អត់ប្រឡូកនឹងនយោបាយនោះទេ ដោយ គិតតែពីរឿងចំណេញ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ជំហរអ្នកវិនិយោគ” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមគណនីហ្វេសប៊ុក ថា “អ្នកវិនិយោគអាមេរិក សន្យាបង្កើនការវិនិយោគនៅកម្ពុជា គេមិនរវល់នឹងពាក្យសម្តីរបស់ក្រុមឧទ្ទាមក្រៅច្បាប់ឡើយ” សំណេរនេះ ចង់បង្ហាញ ថា ទោះជានៅកម្ពុជា មាន “ជម្លោះនយោបាយ” ជេរគ្នារង្គើហ្វេសប៊ុក យ៉ាងណា ក៏វិនិយោគិនអាមេរិក អឺរ៉ុប ចិន ជប៉ុន កូរ៉េ តៃវ៉ាន់ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ថៃដែលធ្លាប់បណ្តាក់ទុករកស៊ីនៅស្រុកខ្មែរ មិនផ្លាស់ប្តូរឥរិយាបថដកថយនៅឡើយ។

តាមការកត់សម្គាល់ ឧកញ៉ាគ្រាក់ៗ នៅកម្ពុជា ដឹងតែបញ្ហាសេដ្ឋកិច្ច ឬប្រភពចំណូលឯកជន អត់សូវខ្វល់ពីនយោបាយ នោះទេ ប៉ុន្តែបើខ្យល់នយោបាយបោកបក់ទៅទិសណា ពួកគាត់ក៏សម្របមុខរបរទៅតាមខ្យល់នយោបាយនោះ។ អស់លោក អ្នកឧកញ៉ា លំដាប់សេដ្ឋី គហបតី មិនដែលឃើញជេរដៀលមេប្រឆាំងសម រង្ស៊ីកឹម សុខា នោះឡើយ ប៉ុន្តែបើរាជរដ្ឋាភិបាល ត្រូវការជំនួយបន្ទាន់យកទៅជួយសង្គ្រោះប្រជាពលរដ្ឋលិចទឹកជំនន់ ឬទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ក៏មានអ្នកឧកញ៉ា សំខាន់ៗ ជួយថវិការាប់សិបលានដុល្លារ ស្រាក់គ្នាជូនទៅរដ្ឋាភិបាល យកទៅដោះស្រាយតាមតម្រូវការ។

ដោយឡែក អ្នកវិនិយោគមកពីក្រៅប្រទេស រួមមានថៅកែកូរ៉េ ថៅកែចិន ថៅកែជប៉ុន ថៅកែអាមេរិក ជាដើម បាន ចូលមកបង្កើតក្រុមហ៊ុនផ្សេងៗ ជាពិសេសផ្នែកឧស្សាហកម្ម និងអេឡិចត្រូនិក គេដឹងតែបញ្ហាទាញយកផលចំណេញ អត់ និយាយពីនយោបាយនោះទេ។ ថៅកែគ្រាក់ៗ ទាំងនោះ ចេះរបៀប “ចាក់ខ្សែដូចអាប៉ោង” ខាងរដ្ឋាភិបាល ក៏ត្រូវ ខាងប្រឆាំង ក៏មិនចេះខុស។ បើវិនិយោគិន កាន់ជំហរផ្អៀងទ្រេតទៅរកភាគីណាមួយ អាចធ្វើឱ្យ “ចរន្តវិនិយោគ” រាំងស្ទះ។

សូមរំព្ញកថា កាលពីសម័យអាណានិគមបារាំង នៅស្រុកខ្មែរ មានថៅកែបារាំង បង្កើតក្រុមហ៊ុនចម្ការកៅស៊ូ នៅជប់ មេមត់ (ត្បូងឃ្មុំ) ដោយចេះរបៀបចាក់ខ្សែ “ខាងស្រុកក៏ត្រូវ ខាងព្រៃក៏ត្រូវ”។ ចំណែកជនជាតិចិន មានឋានៈជា “អុងប៉ាង កុងស៊ី” ប៉ិនប្រសប់បំផុតនូវ “របៀបចងចិត្តមនុស្ស” ពោលគឺអុងប៉ាង (ប្រធានសមាគមចិន) តែងរកស៊ីចងការប្រាក់ គាត់ ចេះរបៀបយកប្រាក់ទៅបិទមាត់ចៅហ្វាយស្រុក មេប៉ូលិស មេទាហាន មិនឱ្យចាត់វិធានការច្បាប់ បើសិនជាមានរាស្ត្រខ្មែរ ប្តឹងផ្តល់ពីរឿងគាត់យកចុងការខ្ពស់។ ក្រៅពីចងចិត្តមន្ត្រីខ្មែរ អុងប៉ាង តែងចាត់មនុស្សជំនិតរបស់គាត់ឱ្យលួចដឹកអង្ករ ត្រីងៀត ថ្នាំជក់ ក្រណាត់ យកទៅឱ្យ “ពួកឥស្សរៈ” ដែលលាក់ខ្លួនតាមតំបន់ព្រៃ ធ្វើសកម្មភាពប្រឆាំងបារាំង។ ចំណែកកុងស៊ី (អ្នក ទទួលម៉ៅការផលិតស្រាទឹកត្រី ទឹកស៊ីអ៊ីវ) ក៏ចេះ “ល្បិចចងមាត់មន្ត្រី” មិនឱ្យបន្ទោសគាត់បានឡើយ នៅពេលគាត់ដំឡើង ថ្លៃស្រាស និងប្រើបរិវារទៅចាប់គេដែលលួចបិតស្រា ប្រជែងជាមួយគាត់។ គាត់ជាអ្នកដេញថ្លៃបានក្នុងការផលិតស្រា ក្នុងស្រុក តែងចាត់មនុស្សឱ្យតាមរកអ្នកផលិតស្រាតាមផ្ទះ មិនឱ្យគេងើបរួចឡើយ។

ទន្ទឹមនឹងការចំណាយប្រាក់ និងដឹកស្រា.ស ទៅជូនចៅហ្វាយស្រុក មេឃុំ កុងស៊ីចិននោះ តែងចាត់មនុស្សជំនិតឱ្យបររទេះ គោ រទេះក្របី លួចដឹកស្រាទាំងឪទិនៗ យកទៅឱ្យពួកឥស្សរៈនៅក្នុងព្រៃ។ បើសិនជាទីប្រជុំជនដែលអុងប៉ាងកុងស៊ីនោះ រស់នៅ ត្រូវពួកឥស្សរៈវាយប្រហារ ចាប់ចងពួកទាហានជើងខ្មៅ ទាហានជើងក្រហម ដែលឥស្សរៈលាបពណ៌ថា “ចៃបារាំង” យកទៅសម្លាប់ និងដុតសាលាស្រុក សាលាឃុំ ក៏ផ្ទះអុងប៉ាង ផ្ទះកុងស៊ី មិនរងផលប៉ះពាល់អ្វីទេ ដោយសារ “មេឥស្សរៈ” ហាមប្រាមកូនចៅមិនឱ្យប៉ះពាល់ ព្រោះជំពាក់គុណ “ស្រា ថ្នាំជក់ អង្ករ ត្រីងៀត” ដែលថៅកែចិន ទាំងនោះ លួចដឹកទៅឱ្យ។

ក្រឡេកមើលបច្ចុប្បន្ន ករណី “អ្នកវិនិយោគអាមេរិក សន្យាបង្កើនការវិនិយោគនៅកម្ពុជា” ដូចអ្វីដែលលោកសុខ ឥសាន បានលើកឡើងនោះ ក៏មានលក្ខណៈមិនខុសពី “អុងប៉ាង កុងស៊ី” ចេះរបៀបរកស៊ីចាក់ខ្សែនៅសម័យអាណានិគម បារាំង។

វិនិយោគិនអាមេរិក ដែលបង្កើតក្រុមហ៊ុននាំរថយន្តចូលកម្ពុជា និងក្រុមហ៊ុនផ្សេងៗទៀតនោះ “អត់ខ្វល់ពីនយោបាយ” អ្វីឡើយ ប៉ុន្តែគេមើលខ្យល់នយោបាយ និង “គោរពសិទ្ធិម្ចាស់ផ្ទះ” ពោលគឺគេធ្វើតាមកិច្ចសន្យា កុងត្រាជាមួយក្រសួង ពាណិជ្ជកម្ម ឧស្សាហកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល។ ទោះជាចុះហត្ថលេខាជាមួយភាគីរដ្ឋាភិបាល ក៏វិនិយោគិន អាមេរិក “ត្រូវជើងគ្នាជាមួយមន្ត្រីទូតអាមេរិក” ជួនកាលគេអាចផ្តាំផ្ញើតាមរយៈលោកទូត សួរសុខទុក្ខលោកកឹម សុខា ដែលកំពុងជាប់សំណា់ញច្បាប់ ក៏ថាបាន។ ចំពោះលោកសម រង្ស៊ី ដែលកំពុងធ្វើសកម្មភាពប្រឆាំងក្រៅប្រទេស ច្បាស់ជា វិនិយោគិនអាមេរិក “ចាក់ខ្សែ” ជាប់ក្រញង់ អត់បង្ហាញពីការជំទាស់អ្វីលើមុខរបរឯកជននោះទេ។ ឧបមាថា ថៅកែអាមេរិក ដើររំលងពួកប្រឆាំងសំខាន់ៗនៅក្រៅប្រទេស ច្បាស់ជាគេរកល្បិច “បន្ទច់បង្អាក់ក្រុមហ៊ុន” មិនឱ្យរកស៊ីបានស្រួលឡើយ។

ករណីអាមេរិក ដកប្រព័ន្ធអនុគ្រោះពន្ធ GSP ក៏ដូចសហភាពអឺរ៉ុប ដក EBA ២០%នោះ ក៏មិនអាចបន្ទច់បង្អាក់ពួក វិនិយោគិនបានដែរ ព្រោះគេមានរបៀបរកស៊ី ខាងស្រុកក៏ត្រូវ ខាងឧទ្ទាមក៏ត្រូវ”។ ដំណឹងថា ក្រុមហ៊ុនធំៗរើកញ្ជើ រើតោក ចេញពីកម្ពុជា ទៅរកស៊ីនៅវៀតណាម នោះ គ្រាន់តែជា “ដំណឹងស្ទាប់ស្ទង់” ដូចវាយទឹកបង្អើលត្រី។

បើចង់អូសទាញអ្នកវិនិយោគបរទេស “ជួយលុយឃោសនានយោបាយ” ឱ្យគណបក្សណាមួយ គេមិនរវល់លូកដៃទេ តែបើប្រធានគណបក្សនោះ “ក្លាយជាស្មូម” ទើបគេដាក់ទានឱ្យខ្លះ សម្រាប់រស់ ដោយហាមឃាត់លាបពណ៌គេថា “ជួយ ពីក្រោយ”។

ករណីអ្នកឧកញ៉ាសំខាន់ៗ ជាសមាជិកគណបក្សប្រជាជនកម្ពុជា (CPP) ជួយថវិកា ទ្រទ្រង់គណបក្ស គឺជារឿងធម្មតា ដូចពាក្យស្លោកថា “អង្គុយលើភ្លៅម្តាយណា បៅដោះម្តាយហ្នឹង” ប៉ុន្តែបើរុញក្បាលមីក្រូឱ្យអ្នកឧកញ៉ាទាំងនោះ ជេរពួក ប្រឆាំង គាត់ម៉េចនឹងហ៊ានជេរ? ដោយសារអី? មិនបាច់ឆ្ងល់ទេ ដូចបញ្ហាអគ្គិសនី រដ្ឋាករទឹក មិនថាស្រប ឬប្រឆាំងសុទ្ធតែ ប្រើប្រាស់ដូចគ្នា។ ផលិតផល ស្រាបៀរ សណ្ឋាគារ ទំនិញនាំចូលពីក្រៅប្រទេស សុទ្ធតែជាក្រុមហ៊ុនឧកញ៉ា និងមានអតិថិជន ចម្រុះគ្នា គឺអ្នកគាំទ្រ CPP ក៏ទិញផលិតផលគាត់ អ្នកគាំទ្របក្សប្រឆាំង ក៏ទិញផលិតផលគាត់ អ៊ីចឹងបើគាត់ហ៊ានជេរពួក ប្រឆាំង អាច “លក់ដាច់ពាក់កណ្តាល សល់ពាក់កណ្តាល”។

ដូច្នេះ “ជំហរអ្នកវិនិយោគ” មិនពិបាកយល់ទេ សូម្បីថៅកែចិន ចូលមករកស៊ីនៅកម្ពុជា ក៏មិនដែលឮគាត់និយាយពី នយោបាយ។ ថៅកែបរទេស ចូលមកកើបលុយចំណេញនៅស្រុកខ្មែរ ផ្ញើទៅទុកនៅធនាគារស្វីស សិង្ហបុរី អង់គ្លេស ដោយ ទុកតិចតួចសម្រាប់ប្រើប្រាស់ចាយវាយ។ ជំនាន់លន់ នល់ ថៅកែធំៗ វេចលុយរត់ចោលស្រុក ល្មមតែស្ពាយរួច តែ “លុយ គីប” គេផ្ញើនៅក្រៅប្រទេសឯណោះ។ មេរៀនខ្ទេចខ្ទាំ នៅសម័យប៉ុល ពត បានជួយបង្រៀនអ្នកមានធំៗ ឱ្យចេះប្រុងប្រយ័ត្ន ព្រោះរត់មិនទាន់ ក៏ជាប់ឈ្មោះថា “នាយទុន” ត្រូវសម្លាប់រង្គាល ដូច្នេះ “នាយទុន” សព្វថ្ងៃ ឆ្លាតណាស់ ព្រោះគេ ចេះរបៀបរកស៊ីចាក់ខ្សែ។

សរុបទៅ “ជំហរអ្នកវិនិយោគ” ចង់បង្ហាញថា គេមិនផ្អៀងតាមនយោបាយ ប៉ុន្តែគេធ្វើតាមកិច្ចសន្យា កុងត្រាជាមួយ ម្ចាស់ផ្ទះ។ ទោះជាចុះហត្ថលេខា ផ្តិតមេដៃជាមួយម្ចាស់ផ្ទះ ក៏គេមិនដែលជេរប្រទេចមេប្រឆាំង ចំណែកមេប្រឆាំង ក៏មិន ដែលរករឿង ដូចករណីអុងប៉ាង ចិនសែ កុងស៊ី ចេះរបៀបចាក់ខ្សែ ដែលជាបរិបទសម្រាប់ពិចារណាទាំងអស់គ្នា

RELATED ARTICLES