Monday, December 23, 2024
Homeបរិយាយគួរសរសើរខ្លះផង!

គួរសរសើរខ្លះផង!

ដោយ អាចារ្យថាំ

កាលអតីតគណបក្សសង្គ្រោះជាតិ (CNRP) នៅដំណើរការ មានតំណាងរាស្ត្រ តំណាងព្រឹទ្ធសភា ធ្វើការលាយឡំគ្នាជាមួយបក្សប្រជាជនកម្ពុជា (CPP) យើងកត់សម្គាល់បានថា “ត្រូវប្រឆាំងក៏ប្រឆាំង ត្រូវស្របក៏ស្រប” ពោលគឺពួក មន្ត្រីប្រឆាំង មិនចេះតែប្រឆាំង មិនមើលមុខក្រោយនោះទេ។

ឧបមាថា ត្រូវអនុម័តច្បាប់អ្វីដែលពួកប្រឆាំងមិនចូលចិត្ត ពួកគេក៏នាំគ្នាធ្វើ ពហិការ ដើរចេញអស់ពីសាលប្រជុំ ប៉ុន្តែបើច្បាប់អ្វីពេញចិត្តគេ ដូចជាច្បាប់ប្រឆាំង បទល្មើសព្រៃឈើ ជាដើម ក៏នាំគ្នាលើកដៃឯកភាព អត់ជំទាស់អ្វីឡើយ។

ឥឡូវពួកប្រឆាំងនៃអតីត CNRP បែកខ្ញែកគ្នារប៉ាត់រប៉ាយ អត់ឃើញយក វប្បធម៌ស្របមកប្រើខ្លះទេ ដោយឃើញចេញតែការប្រឆាំងទាំងដោកទាំងជាល តែម្តង។ ដូចករណីលោកម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើការល្អ ស្វែងរកយុត្តិធម៌ ជូនជនក្រីក្ររងគ្រោះដោយសារការរំលោភបំពានពីអ្នកមានលុយ មានអំណាច ឃើញអ្នកគាំទ្រ CPP អបអរសាទរ រីឯអ្នកគាំទ្រអតីត ជណភ្រ ក៏មានភាគច្រើន អបអរដែរ។

ផ្ទុយទៅវិញ លោកឆាំ ឆានី អតីតមន្ត្រី CNRP ស្មោះត្រង់លោកសម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស អត់សរសើរលោកខេត្ត ជភភ នោះទេ បែរជា រិះគន់ទៅវិញ។ ថ្មីៗនេះ លោកឆាំ ឆានី បានបង្ហោះសំណេរតាមហ្វេសប៊ុក ជាអាទិ៍ ថា “អ្នកខ្លះនាំគ្នាសរសើរ ម៉ៅ ធនិន ដែលជាក្មួយប្រសា ហ៊ុន សែន ថាជាអភិបាល ខេត្តមួយរូប ដែលហ៊ានចេញមុខដោះបញ្ហាជូនពលរដ្ឋតែកុំភ្លេចថា ម៉ៅ ធនិន បានបផ្លាញព្រៃឈើ នៅខេត្តពោធិ៍សាត់ ឱ្យរលាយ ដោយគប់គិតជាមួយ ទ្រី ភាព…”

សំណេរបែបនេះ បង្ហាញពី “គំនុំនយោបាយ” សុទ្ធសាធ ព្រោះរឿងព្រៃឈើ នោះ ខាងក្រុមហ៊ុនឧកញ៉ាទ្រី ភាព សំអាងលើអាជ្ញាប័ណ្ណស្របច្បាប់ បើបន្ទោស លោកម៉ៅ ធនិន កាលធ្វើចៅហ្វាយខេត្តពោធិ៍សាត់ ថា បានសមគំនិតជាមួយ ឧកញ៉ា ទ្រី ភាព នោះ មិនសូវមានការចាប់អារម្មណ៍ទេ។

អ្វីដែលពួកប្រឆាំង គួរនិយាយពេលនេះ គឺការលើកទឹកចិត្ត “មន្ត្រី CPP ឱ្យ បោសសម្អាតមន្ត្រី CPP ពុករលួយ” ទើបត្រូវ។ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កំពុង ចង់បានមន្ត្រីកណ្តាប់ដៃដែក បោសសម្អាត និងស្តារអយុត្តិធម៌សង្គម គួរតែនាំគ្នា លើកទឹកចិត្តវិញ ល្អជាងឆ្កឹះកកាយទំនាស់អតីតកាល។

គួរយល់ថា លោកសម រង្ស៊ីកឹម សុខា ធ្វើនយោបាយ គឺចង់បានអំណាច មកគ្រប់គ្រង ហើយឧបមាថា CNRP ឈ្នះឆ្នោត ក៏មានការចាត់តាំងរៀបចំរដ្ឋាភិបាលថ្មី ដោយជ្រើសយកតែបណ្ឌិតបញ្ញវន្ត មកធ្វើ មិនមែនយកមនុស្សល្ងង់ មកធ្វើកើតទេ។ គេរៀបចំតែក្បាលម៉ាស៊ីនថ្មី រីឯហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោម នៅរក្សាទុកដដែល មិនមែនផ្តួលរំលំខ្ទេចដូចរបបប៉ុល ពត យកតែមនុស្សមិនចេះ អក្សរ មកធ្វើកម្មាភិបាលនោះទេ។

ដូច្នេះបើឃើញចៅហ្វាយខេត្ត ចៅហ្វាយស្រុក ខាង CPP ណាដែលសកម្ម ការងារដូចលោកម៉ៅ ធនិន គួរតែពួកប្រឆាំងនៅក្រៅប្រទេស សរសើរខ្លះផង មិនគួរឆ្កឹះឆ្កៀល បង្កទំនាស់គ្រប់តែបុគ្គលនោះទេ។

ករណីលោកឆាំ ឆានី រិះគន់ចៅហ្វាយខេត្ត ម៉ៅ ធនិន ដែលកំពុងចាត់ការ ឧត្តមសេនីយ៍ចាក់ដីរំលោភឆ្នេរព្រែក រាស្ត្រសាទរគ្រប់គ្នា បើលោកឆាំ ឆានី កិន លោកម៉ៅ ធនិន មានន័យថា បន្ទច់បង្អាក់លោកខេត្តនោះ មិនឱ្យបង្ក្រាបលោក ផ្កាយ២ រំលោភយកដីរដ្ឋ?

លោកសម រង្ស៊ី ក៏គួរណែនាំកូនចៅផងដែរ លៃយ៉ាងណាឱ្យមានប្រឆាំង “មានស្របខ្លះផង” កុំប្រឆាំងគ្រប់រឿង នាំឱ្យថយការគាំទ្រចំពោះមេប្រឆាំង។ បើធ្វើដូចលោកអ៊ុំ តារាវុទ្ធី ជាអ្នកប្រឆាំងក្រុមលោកកឹម សុខា ដែលលើកសរសើរ លោកម៉ៅ ធនិន ល្អណាស់ ព្រោះគាត់ស្គាល់ចិត្តរាស្ត្រ បើរាស្ត្រងាកទៅណា ងាក ទៅហ្នឹងដែរនោះ មិនចុះថយប្រជាប្រិយភាពនោះទេ

RELATED ARTICLES