Monday, December 23, 2024
Homeបរិយាយដំរីជាប់ទន្លឹង

ដំរីជាប់ទន្លឹង

ដោយ អាចារ្យថាំ

ទោះជាដំរីដែលមនុស្សចិញ្ចឹមផ្សាំងពង្រាបយ៉ាងណា ក៏មានដំរីខ្លះកាច ខ្លះស្លូត មិនដូចគ្នាទេ ពោលគឺដំរីកាច ខ្លាចតែ ម្ចាស់វា ឯអ្នកដទៃ ចូលជិតមិនបានទេ ជួនកាលពេលម្ចាស់ធ្វេសប្រហែល វាចូលកាច់អំពៅ អស់មួយចម្ការ ប្រឈមការ សងគេ មិនខាន។ ពីដើម មិនទាន់មានច្រវាក់ប្រើប្រាស់សម្រាប់ចងដំរី វិធីមានតែមួយគឺ “ដាក់ទន្លឹង ឬធ្លីងជើងដំរី” មិនឱ្យ វាទៅ ណាឆ្ងាយបាន ការពារកុំឱ្យវាទៅបេះបោចដំណាំ ដែល “នគរធំ” សូមគាស់កកាយប្រៀបធៀបនឹងអ្នកនយោបាយ មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

“ទន្លីង” ជាវល្លិម៉្យាងជាប់ស្វិត វេញជា៣ធ្លុង ឬផ្តៅវេញបញ្ចូលគ្នាជា៣ធ្លុង សម្រាប់ស៊កជើងខាងក្រោយពីររបស់ដំរី។ ទន្លីង មិនខុសពីខ្នោះជើងនោះទេ បើប្រើវល្លិ ឬផ្តៅ ដាក់មនុស្សមិនជាប់ទេ ព្រោះមនុស្សមានប្រាជ្ញា អាចស្រាយរួច បើដៃ ទាំងពីរមិនជាប់ខ្នោះ ប៉ុន្តែដំរីល្ងង់ មិនចេះទាញផ្តាច់ទន្លីងនោះទេ ទោះជាប្រមោយវាលូកដល់ក៏ដោយ ខ្លាចហ្មដំរី កាប់ក្បាល បើវាហ៊ានដោះទន្លីងនោះ។

“ដំរីជាប់ទន្លីង” អាចធ្វើចលនាបានជិតៗ វាអាចបូតស្លឹកឈើស៊ីបាន តែមិនអាចរត់រួចឡើយ ដែលកាលពីបុរាណ បន្ទាប់ពី បរដំរី ដឹកកណ្តាប់ស្រូវ ឬដឹកបាវស្រូវរួចរាល់ ហ្មដំរី ក៏យកវាចងឱ្យស៊ីស្លឹកប្ញស្សី ឬបូតស្លឹកឈើ ដោយការដាក់ទន្លឹងជើងក្រោយ។

យ៉ាងណាមិញ “អ្នកនយោបាយជាប់ទន្លីង” ក៏មិនខុសពីដំរីស៊ីស្លឹកប្ញស្សីនោះទេ ទោះបីជាតុលាការដោះចេញពីពន្ធនាគារ ក៏នៅបន្ត “នីតិវិធីពន្យារពេល និងតាមឃ្លាំមើល” ដូចអ្វីដែលមានចារទុកនៅលើដីកាដោះលែង។

លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) បន្ទាប់ពីដោះលែងពីគុកត្រពាំងផ្លុង ក៏ “ជាប់ ទន្លីង” នៅតែក្នុងប្រទេស គ្មានសិទ្ធិហោះហើរទៅក្រៅស្រុកបានឡើយ។ អ្នកនយោបាយប្រឆាំងរូបនេះ គ្មានលេចសញ្ញា ណាមួយថា គាត់សុខចិត្ត “បង្កើតបក្សថ្មី” តាមការចង់បានរបស់បក្សកាន់អំណាចនោះទេ សូម្បីតែសម្ពន្ធ័ភាពរវាងលោក សម រង្ស៊ី-កឹម សុខា ក៏មិនទាន់មានសញ្ញាថា បែកបាក់គ្នាដែរ ទោះបីជាមន្ត្រី CPP ព្យាយាមថា “បែកហើយ” ក៏ដោយ។ ទោះជាអតីតកូនចៅ CNRP ឈ្លោះគ្នារញ៉េរញ៉ៃ ខ្លះក៏ចេញបង្កើតបក្សថ្មី យកសុខ ឬ “ត្រឹមតែម៉ារស់” ក៏មេប្រឆាំងទាំង ពីរនោះ មិនដែលឈ្លោះគ្នាមួយម៉ាត់ណាទេ ទោះបីជាម្នាក់ៗ មានទូរស័ព្ទទំនើបប្រើ។

ចំណុចនេះ មានន័យថា “ដំរីកឹម សុខា” ជាប់ទន្លីង ដើរបានខ្វិលៗតែជិតផ្ទះ អត់ទៅណាឆ្ងាយបានឡើយ ប៉ុន្តែចំណី ចំណុកហូបចុកមិនខ្វះទេ គ្រាន់តែជាប់សំណាញ់ច្បាប់ រើខ្លួនមិនរួច។

ដោយឡែក សកម្មជនបរិស្ថាន សកម្មជននយោបាយ ឬអ្នកបម្រើនយោបាយ CNRP ទោះបីជាតុលាការ ដោះលែង ពីពន្ធនាគារ ក៏នៅបន្ត “ជាប់ទន្លីង” ដូចដំរី។ ទន្លីងនោះ ជាប់ស្វិតណាស់ ទាញមិនដាច់ទេ សំដៅដល់ការហាមឃាត់ធ្វើនយោបាយ ឬបង្កចលនាអ្វីនាំឱ្យប៉ះពាល់ដល់បក្សកាន់អំណាច ឬធ្វើឱ្យ “ប៉ះពាល់ដល់សន្តិភាព សន្តិសុខសង្គម” ច្បាស់ជា “ចូល ក្រោល” ជាថ្មីទៀត។

គ្រាន់តែលោករ៉ុង ឈុន ម្នាក់ ជាប់គុកពីរបីដងទៅហើយ ពីបទ “ប្រឆាំងរដ្ឋាភិបាល” ដូចករណីរដ្ឋាភិបាល ពន្លឿនការ បោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ក៏ត្រូវ “ដំរីរ៉ុង ឈុន” យកជើងឈូសបង្គោលតម្រុយព្រំដែននោះចោលអស់ ទើប សមត្ថកិច្ចចាប់ដំរីនោះ បញ្ចូលក្រោលព្រៃស។ លុះដល់កំណត់ពេលដោះលែងវិញ ក៏នៅបន្ត “ជាប់ទន្លីង” ធ្វើអ្វីអត់កើតទេ។ សកម្មជន សកម្មនារី ឯទៀត ក៏ត្រូវដោះលែងយ៉ាងគំហុក ប៉ុន្តែកុំភ្លេចថា ដំរីល្អិតល្អោចទាំងនោះ ក៏ពូកែបេះបោចផលដំណាំ អ្នកស្រុកដែរ ទើប “ហ្ម CPP” យកទៅធ្លីងជើង បំបិទសេរីភាពនយោបាយ។ អ្នកធ្លាប់បរិហាររឿងព្រំដែន បើហ៊ន៊ាហើប មាត់បញ្ហានេះទៀត ចៀសមិនផុតពីចាប់បញ្ចូលក្រោល។ អ្នកធ្លាប់ធ្វើសកម្មភាពការពារបរិស្ថាន ឬព្រៃឈើ បើហ៊ានតែ រញ៉េរញ៉ៃរឿងកាប់ឈើ ឬបូមខ្សាច់ ច្បាស់ជាគេចមិនផុតពី “ក្រោលព្រៃស ឬត្រពាំងផ្លុង”។

សួរថា “តើដំរី CNRP ទាំងធំទាំងតូច” រាងចាលឬទេ បន្ទាប់ពីជាប់ក្រោលព្រៃស ត្រពាំងផ្លុង? “នគរធំ” អាចឆ្លើយ បានថា “ចរិតប្រឆាំង” គឺប្រឆាំងលុះក្ស័យ សូម្បីតែអ្នកនយោបាយបែកផ្លូវចេញទៅបង្កើតបក្សថ្មីនោះ ក៏ “នៅតែប្រេឆាំង” ដដែលហ្នឹង គ្រាន់តែរាង “ធូរស្រាល” ជាងមុនបន្តិច មិន “ផ្កាប់មុខពេក” ដំរីធ្លាប់ស៊ីស្លឹកប្ញស្សី វានៅតែស៊ីដដែលហ្នឹង តែ វាតមស៊ីដី ឬស៊ីថ្ម ទោះជាបង្ខំយ៉ាងណាក៏វាមិនស៊ីដែរ។ ពួកដំរីប្រឆាំង ធ្លាប់រៀនទ្រឹស្តី ប្រជាធិបតេយ្យសេរីពហុបក្ស នៅ តែចងចាំទ្រឹស្តីហ្នឹងមិនទាន់ភ្លេចទេ បើបង្ខំឱ្យទន្ទេញទ្រឹស្តី “បាននិងកំពុងឈានឡើង” ទោះជាមានអ្នកសូត្រតាមខ្លះ ក៏ប្រឹង សូត្រដើម្បីបញ្ហាក្រពះ។

ករណីអ្នកបម្រើនយោបាយខ្លះ បានរួចពីគុកយូរហើយ អត់ហ៊ានធ្វើសកម្មភាពអ្វីទេ ស្មានថាពួកគេ “លែងប្រឆាំង” ដឹងអី ពេលដឹងថា “គ្នាឯងរួចពីគុក” ក៏នាំគ្នាទៅចាំទទួលស្វាគមន៍ដល់ខ្លោងទ្វារពន្ធនាគារ រង់ចាំបំពាក់កម្រងផ្កាឱ្យអ្នកទើប នឹងរួច។ សកម្មភាពនេះ បង្ហាញច្បាស់ក្រឡែតថា “និន្នាការប្រឆាំង” នៅតែប្រឆាំងដដែល បើសិនជាហ៊ានបើកផ្លូវឱ្យ “សង្គ្រោះ ជាតិ រស់វិញ” អាចធ្វើឱ្យបក្សកាន់អំណាច ភ័យផ្អែមមាត់ម្តងទៀត នៅពេលបោះឆ្នោតខាងមុខ។

ឥឡូវលោករ៉ុង ឈុន, កញ្ញា កឹម តុលា, លោកតុន និមល, កញ្ញា ស កណិការ, កញ្ញា ឈឿន ដារ៉ាវី, លោកប៉ែន ច័ន្ទសង្គ្រាម៘ កុំនឹកស្មានថា មានសេរីភាពពេញលេញនោះ តាមពិត “ជើងជាប់ទន្លីង” សោះ។ ពួកគាត់មានសេរីភាព និយាយស្តីជាមួយឪពុកម្តាយ បងប្អូនញាតិមិត្ត អាចទៅលេងបុណ្យអុំទូក ក៏បានដែរ តែបើហ៊ានធ្វើសកម្មភាពអ្វីប៉ះពាល់ ដល់ CPP មិនខុសពីដំរីស៊ីអំពៅគេ ត្រូវម្ចាស់កាប់ក្បាលនឹងកង្វេរ ស្រែករោទ៍លាន់រំពង។

មិនមែនស្រួលទេសម្រាប់អ្នកបម្រើនយោបាយទាំងនោះ បើភ្លាត់ស្នៀតហ៊ានជេរប្រមាថ CPP តាមបណ្តាញសង្គម អាចចៀសមិនផុតពីការចាប់ខ្លួន។

អម្បាលយ៉ាង “ដំរីកឹម សុខា” មានអង្គទូតនានា ចេញចូលសួរសុខទុក្ខដូចដាក់វេនគ្នា គាត់មិនហ៊ានផង ចុះទម្រាំអ្នក បម្រើនយោបាយល្អិតល្អោច បើ “ក្លាហានពេក ដេកមិនសូវលក់”។

“នគរធំ” លើកឡើងនេះ ពុំមែនមានន័យថា ចង់បន្ទច់បង្អាក់សេរីភាពអ្នកការពារបរិស្ថាននោះទេ ប៉ុន្តែបើកន្លែងហ្នឹង CPP មិនពេញចិត្ត បានត្រឹមវេទនាខ្លួនតែប៉ុណ្ណោះ។

សរុបទៅ “ដំរីជាប់ទន្លឹង” មានន័យយ៉ាងនេះឯង។ ដំរីជាប់ទន្លីង អាចបេះបូតស្លឹកឈើស៊ីតាមចិត្ត អត់ឃាត់ទេ តែ មិនអាច “ដើរជាន់ស្រូវ” ឬ “កាច់អំពៅក្នុងចម្ការ” បានឡើយ។ យ៉ាងណាមិញ អ្នកបម្រើនយោបាយអាចជួបជុំបងប្អូនមិត្តភក្តិ “ជល់កែវ ជល់កំប៉ុង” បាន តែបើគាត់ហ៊ានបង្កចលនាប្រឆាំងដូចមុន នឹងត្រូវសមត្ថកិច្ចកៀរបញ្ចូលក្រោលព្រៃស ត្រពាំងផ្លុង ដូចមុន៕

RELATED ARTICLES