ភ្នំពេញ៖តារាកំប្លែងរូបស្រស់សម្រស់លេចត្រដែតជាងគេក្នុងក្រុមកំប្លែងរបស់Ctnកញ្ញាវ៉ាន់ នីឡា នឹងគ្រងឈុតកូនក្រមុំមែនទែនសម្រេចតាមបំណងនៅដើមឆ្នាំ២០២២ ខាងមុខនេះហើយជាមួយគូដណ្ដឹងនិងជាអនាគតស្វាមីលោកស៊ុត សក្ការៈ ។នេះបើតាមលោកសុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ ដែលជាឪពុកនីឡា បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី៣ខែធ្នូ ដោយអ្នកនិពន្ធនិងដឹកនាំក្រុមកំប្លែងCtnរូបនេះថាកម្មវិធីនោះនឹងធ្វើទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលទាំងអស់។ប្រធានផលិតកម្មវិធីរបស់Ctn រូបនេះបានឲ្យដឹងថា”កូនស្រីខ្ញុំ(នីឡា)នឹងរៀបការនៅខែ២ឬខែ៣នៅឆ្នាំ២០២២ ខាងមុខនេះហើយ ប៉ុន្ដែយើងមិនទាន់បានកំណត់ថ្ងៃជាក់លាក់នោះទេ តែដឹងធ្វើនៅពេលហ្នុងហើយ។កម្មវិធីការកូនស្រីខ្ញុំនឹងធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់ទោះជាពេលនេះរាជរដ្ឋាភិបាលបានបើកឲ្យមានពិធីរៀបអាពាហ៍ពិពាហ៍ឡើងវិញក្ដី”។



ការដែលវ៉ាន់ នីឡា កំណត់ថ្ងៃរៀបការនៅដើមឆ្នាំ២០២២ខាងមុខនេះដោយសារតែនាងបានលើកកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួនចំនួន២លើកមកហើយដោយសារតែកូវីដ ព្រោះតាមគម្រោងនាងត្រៀមរៀបការតាំងពីចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២១ម្លេះតែត្រូវរំសាយដូចគ្នា ហេតុនេះហើយការត្រៀមខ្លួនគ្រងឈុតកូនក្រមុំជាលើកទី៣នេះនឹងមិនធ្វើឲ្យនីឡា ខកចិត្តម្ដងទៀតនោះទេ។តារាកំប្លែងដែលមានប្រជាប្រិយភាពជាមួយរូបសម្រសគូរឲ្យក្នក់ក្នាញ់កញ្ញានីឡា ធ្លាប់ប្រាប់ថាក្រោយនាងរៀបការរួចគឺនៅតែបន្ដអាជីពកំប្លែងដដែលព្រោះគូដណ្ដឹងនាងមិនដែលចេះប្រចណ្ឌនាងផ្ដែសផ្ដាសនោះទេបើទោះជានាងលេងកំប្លែងលើឆាកស្និតជាមួយអ្នកកំប្លែងប្រុសៗដ៍ទៃទៀតយ៉ាងណាក៍លោកសក្ការៈ អត់ចេះខឹងដែរព្រោះតែលោកយល់ច្បាស់ពីអាជីពសិល្បៈ។



គូរបញ្ជាក់ថាវ៉ាន់ នីឡា បានផ្ដាច់ពាក្យពីលោកផន រង្សី ដែលជាកូនថៅកែល្ខោនភី សុគន្ធី កាលពីឆ្នាំ២០១៨ ហើយកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ លោករង្សី បានទៅភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តតាកែវ និងពេលនេះបានរៀបការមុននីឡា ទៅហើយ។ចំណែកតារាតូចតន់វ៉ាន់ នីឡា បានភ្ជាប់ពាក្យជាមួយលោកស៊ុត សក្ការៈ ដែលជាកូនរបស់អ្នកស្រីសរ មុន្នីរស្មី ជាភរិយាថ្មីរបស់លោកព្រីង ច័ន្ទបុត្រ ហៅនាយចេក ទើបពេលនេះនីឡា ត្រូវហៅនាយចេក ថាប៉ាក្មេកៗ។មុនឈានចូលរោងការនេះដែរនីឡា បានបោះបង់អាជីពចម្រៀងនៅសាន់ដេ និងMCនៅCtn ដោយនាងផ្ដោតតែលើការចាប់អាជីពកំប្លែងមួយមុខប៉ុណ្ណោះ៕




