Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិក្រសួងការពារជាតិៈការឈ្លានពានរបស់ចិនមកលើកោះតៃវ៉ាន់គឺមិនងាយស្រួលទេ

ក្រសួងការពារជាតិៈការឈ្លានពានរបស់ចិនមកលើកោះតៃវ៉ាន់គឺមិនងាយស្រួលទេ

 នៅក្នុងការវាយតម្លៃចុងក្រោយពីការគម្រាមកំហែងរបស់ចិន ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាគម្រោង​ឈ្លានពាន​រប​ស់ចិនពេញទំហឹងមកលើកោះតៃវ៉ាន់គឺជារឿងមួយពិបាកបំផុតដោយសារតែទីក្រុងប៉េកាំងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ជូនសម្ភារយោធា និង កងទ័ពទាំងជើងគោក ទឹក និងអាកាសមកកាន់កោះតៃវ៉ាន់បានភ្លាមៗនោះទេ។នេះបើយោង​តាម​ការ​ចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រកាលពីថ្ងៃចន្ទ ទី ១៣ ធ្នូ ២០២១។ភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ដែល​ទាម​ទារកោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន បានកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះនៅពេល​ដែល​ប្រទេសចិនបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ដើម្បីដាក់សម្ពាធឱកោះតៃវ៉ាន់ទទួលយកការគ្រប់គ្រងរបស់ចិន។

នៅក្នុងរបាយការណ៍មួយទៅកាន់សមាជិកសភា ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថាសមត្ថភាព​ដឹកជញ្ជូនរបស់ចិន​នៅពេលនេះមានកម្រិត។វានឹងមិនអាចចុះចតកងកម្លាំងរបស់ខ្លួនទាំងអស់ក្នុងពេលតែមួយបានទេ ហើយនឹងត្រូវពឹងផ្អែក​លើ​ការ​​បញ្ជូនបន្តមិនស្តង់ដារ។ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងរបាយការណ៍​របស់ខ្លួនថាទោះជាយ៉ាងណាក៏កោះតៃ​វ៉ាន់មានប្រព័ន្ធការពារដែនអាកាស និងកំពង់ផែយ៉ាងរឹងមាំ ដែលអាចធ្វើការវាយបក និងមិនអនុញ្ញាតឱ្យចិនគ្រប់គ្រងអាកាស​យានដ្ឋាន ឬកំពង់ផែក្នុងរយៈពេលដ៏ខ្លីនោះទេ។

ម្យ៉ាងវិញទៀតប្រទេសចិនក៏នឹងត្រូវរក្សាកងកម្លាំងរបស់ខ្លួនមួយចំនួនបម្រុងទុកដើម្បីទប់ស្កាត់កងកម្លាំងបរទេសណាមួយដែលចូលរួមដើម្បីជួយតៃវ៉ាន់និងរក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធលើតំបន់ប្រេះស្រាំផ្សេងទៀតនៃព្រំដែនរបស់ចិន ដូចជា​ជាមួយ​ឥណ្ឌា និងនៅសមុទ្រចិនខាងត្បូងជាដើម។ក្រសួងការពារជាតិក៏បានបន្ថែមទៀតថា មូលដ្ឋានយោធាអាមេរិក និងជប៉ុនគឺ​នៅ​ជិត​កោះតៃវ៉ាន់ ហើយរាល់ការវាយប្រហារកុម្មុយនិស្តចិន នឹងត្រូវត្រួតពិនិត្យយ៉ាងដិតដល់ បូកនឹងភាញចាំបាច់ត្រូវ​បម្រុងទុក​កម្លាំងដើម្បីការពារអន្តរាគមន៍យោធាពីបរទេស។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen កំពុងត្រួតពិនិត្យកម្មវិធីទំនើបកម្មយោធា ដើម្បីធ្វើឱ្យកោះនេះកាន់តែពិបាកវាយ​ប្រហារ។រដ្ឋាភិបាលកំពុងរៀបចំផែនការចំណាយលុយ ៨,៦៦ ពាន់លានដុល្លារក្នុងរយៈពេល 5 ឆ្នាំខាងមុខទៅលើវិស័យ​ការពារ​ជាតិជាពិសេសការបញ្ជាទិញ សព្វាវុធទំនើបៗសម្រាប់កងទ័ពជើងទឹក ភាគច្រើនរួមមានមីស៊ីល និងនាវាចម្បាំងជាដើម ៕

RELATED ARTICLES