នៅក្នុងការវាយតម្លៃចុងក្រោយពីការគម្រាមកំហែងរបស់ចិន ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាគម្រោងឈ្លានពានរបស់ចិនពេញទំហឹងមកលើកោះតៃវ៉ាន់គឺជារឿងមួយពិបាកបំផុតដោយសារតែទីក្រុងប៉េកាំងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ជូនសម្ភារយោធា និង កងទ័ពទាំងជើងគោក ទឹក និងអាកាសមកកាន់កោះតៃវ៉ាន់បានភ្លាមៗនោះទេ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រកាលពីថ្ងៃចន្ទ ទី ១៣ ធ្នូ ២០២១។ភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង ដែលទាមទារកោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន បានកើនឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះនៅពេលដែលប្រទេសចិនបង្កើនសកម្មភាពយោធានៅជិតកោះតៃវ៉ាន់ដើម្បីដាក់សម្ពាធឱកោះតៃវ៉ាន់ទទួលយកការគ្រប់គ្រងរបស់ចិន។

នៅក្នុងរបាយការណ៍មួយទៅកាន់សមាជិកសភា ក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយថាសមត្ថភាពដឹកជញ្ជូនរបស់ចិននៅពេលនេះមានកម្រិត។វានឹងមិនអាចចុះចតកងកម្លាំងរបស់ខ្លួនទាំងអស់ក្នុងពេលតែមួយបានទេ ហើយនឹងត្រូវពឹងផ្អែកលើការបញ្ជូនបន្តមិនស្តង់ដារ។ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថាទោះជាយ៉ាងណាក៏កោះតៃវ៉ាន់មានប្រព័ន្ធការពារដែនអាកាស និងកំពង់ផែយ៉ាងរឹងមាំ ដែលអាចធ្វើការវាយបក និងមិនអនុញ្ញាតឱ្យចិនគ្រប់គ្រងអាកាសយានដ្ឋាន ឬកំពង់ផែក្នុងរយៈពេលដ៏ខ្លីនោះទេ។

ម្យ៉ាងវិញទៀតប្រទេសចិនក៏នឹងត្រូវរក្សាកងកម្លាំងរបស់ខ្លួនមួយចំនួនបម្រុងទុកដើម្បីទប់ស្កាត់កងកម្លាំងបរទេសណាមួយដែលចូលរួមដើម្បីជួយតៃវ៉ាន់និងរក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធលើតំបន់ប្រេះស្រាំផ្សេងទៀតនៃព្រំដែនរបស់ចិន ដូចជាជាមួយឥណ្ឌា និងនៅសមុទ្រចិនខាងត្បូងជាដើម។ក្រសួងការពារជាតិក៏បានបន្ថែមទៀតថា មូលដ្ឋានយោធាអាមេរិក និងជប៉ុនគឺនៅជិតកោះតៃវ៉ាន់ ហើយរាល់ការវាយប្រហារកុម្មុយនិស្តចិន នឹងត្រូវត្រួតពិនិត្យយ៉ាងដិតដល់ បូកនឹងភាញចាំបាច់ត្រូវបម្រុងទុកកម្លាំងដើម្បីការពារអន្តរាគមន៍យោធាពីបរទេស។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen កំពុងត្រួតពិនិត្យកម្មវិធីទំនើបកម្មយោធា ដើម្បីធ្វើឱ្យកោះនេះកាន់តែពិបាកវាយប្រហារ។រដ្ឋាភិបាលកំពុងរៀបចំផែនការចំណាយលុយ ៨,៦៦ ពាន់លានដុល្លារក្នុងរយៈពេល 5 ឆ្នាំខាងមុខទៅលើវិស័យការពារជាតិជាពិសេសការបញ្ជាទិញ សព្វាវុធទំនើបៗសម្រាប់កងទ័ពជើងទឹក ភាគច្រើនរួមមានមីស៊ីល និងនាវាចម្បាំងជាដើម ៕