ភ្នំពេញ៖គង់ សុជាតិ និងស្វាមីនាងលោកជា វិបុល មានទឹកមុខស្រស់ថ្លាដូចគ្នាព្រោះនេះជារដូវផ្ការីកដែលប្ដីប្រពន្ធតារា១គូនេះត្រូវកើបលុយធំពេញមួយរដូវក្ដៅនេះតែម្ដងតាមរយៈការធ្វើជាពិធីករកម្មវិធីមង្គលការ,ជប់លៀងតាមក្រុមហ៊ុនផ្សេងៗនិងកម្មវិធីថ្នាក់ជាតិមួយចំនួនទៀត។អ្វីដែលគូរឲ្យកត់សម្គាល់នោះការលេចមុខពីកម្មវិធីទាំងនោះភាគច្រើនគឺម្ចាស់កម្មវិធីតម្រូវឲ្យសុជាតិ និងលោកវិបុល ចាប់ដៃគ្នាធ្វើធ្វើជាពិធីករ-ពិធីការិនីតែម្ដងទើបធ្វើឲ្យមានការលើកឡើងថានៅអំឡុងពេលស្ថានភាពកូវីដកាន់តែថមថយនេះសុជាតិ ត្រូវប៉ាន់កើបលុយធំទាំងប្ដីទាំងប្រពន្ធតែម្ដង។យ៉ាងណាទាំងសុជាតិ និងលោកវិបុល មិននិយាយរឿងតម្លៃខ្លួននិងចំនួនប្រាក់ចំណូលដែលអ្នកទាំង២រកបានក្នុង១ខែៗនៅពេលកំពុងតែមមាញឹកខ្លាំងនេះឡើយ។ប៉ុន្ដែការត្រូវប៉ាន់ធំនៅពេលនេះក្រោយពីសុជាតិ- វិបុល បានខាតលុយធំអស់២ឆ្នាំដោយសារតែផ្ទុះកូវីដកន្លងមកធ្វើឲ្យបណ្ដារកម្មវិធីដែលគេកក់តារាទាំង២រួចត្រូវបានលើកពេលហើយទើបតែសម្រុកធ្វើព្រមៗគ្នាវិញនៅពេលនេះតែម្ដង ទើបសុជាតិ និងស្វាមីមមាញឹករកតែពេលដកឃ្លាមិនរួច។



គង់ សុជាតិ និងស្វាមីនាងលោកជា វិបុល ត្រូវបានគេចាត់ទុកជាជាពិធីករលំដាប់Grade A ដូចគ្នាទើបម្ចាស់កម្មវិធីធំៗតម្រូវឲ្យប្ដីប្រពន្ធតារា១គូនេះចាប់ដៃគ្នាធ្វើMCក្នុងពិធីមង្គលការកូនៗរបស់ពួកគេដោយសារតែតារាទាំង២និយាយស៊ីចង្វាក់គ្នាបានល្អព្រោះជាប្ដីប្រពន្ធយល់ចិត្ត។មិនត្រឹមតែពូកែវោហារស័ព្ទក្នុងការអត្ថាធិប្បាយនៅតាមបណ្ដារកម្មវិធីទាំងឡាយនៅក្រៅឆាកនោះទេ ប៉ុន្ដែនៅStudio នៅហង្សមាសឯណ្ណោះវិញសុជាតិ និងលោកវិបុល ក៍តែងតែលេចមុខរួមគ្នាតាមកម្មវិធីធំៗផងដែរធ្វើឲ្យតារារួមអាជីពលាន់មាត់សរសើរប្ដីប្រពន្ធ១គូនេះថាត្រូវប៉ាន់ទាំងក្នុងនិងក្រៅឆាកតែម្ដង។



គង់ សុជាតិ ធ្លាប់និយាយថាទោះជាពេលនេះអ្នកនាងមានជីវភាពធូធារនិងមានមុខរបរក្រៅសិល្បៈជាហាងរក្សារសម្ផស្សជាង២០ឆ្នាំក្ដី ប៉ុន្ដែនាងនៅតែស្រលាញ់សិល្បៈពិសេសការងារជាពិធីការិនីមួយនេះនាងនឹងបន្ដធ្វើជារៀងរហូតឲ្យតែទស្សនិកជនគាំទ្រ។ពិធីការិនីដែលល្បីល្បាញជាង២ទសវត្សន៍មកនេះថាសិល្បៈគឺជាផ្នែកមួយដែលនាងស្រលាញ់បំផុតក្នុងចំណោមការងារផ្សេងៗទៀតហេតុនេះហើយឱកាសបញ្ចេញសម្ថភាព,ធ្វើការ ,រកលុយគឺត្រូវធ្វើតំណាលគ្នា។ដោយឡែកទាក់ទងរឿងនាងលោកជា វិបុល ដែលភាគច្រើនកាន់កម្មវិធីឆ្លងឆ្លើយជាមួយអ្នកនាងនៅប៉ុស្ដិ៍ហង្សមាសនោះវិញសុជាតិ ថានោះនៅលើថ្នាក់ដឹកនាំ(មេ)តម្រូវ។



គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ ហើយពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាតឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៤ឆ្នាំ។សុជាតិ ធ្លាប់បង្ហើបកាលពីឆ្នាំ២០១៩ ថាស្វាមីនាងលោកវិបុល ចង់បានកូនភ្លោះប្រុសតែរយៈពេលជាង២ឆ្នាំមកហើយអ្នកនាងនៅតែមិនទាន់អាចបំពេញបំណងប្រាថ្នារបស់ប្ដីបានទេ។យ៉ាងណាពិធីការិនីរូបនេះធ្លាប់វាចាថាអ្នកនាងត្រូវការពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ទាក់ទងរឿងយកកូនថែមនេះ ហើយបើទោះជាមិនអាចយកម្ដង២តាមចិត្តប្ដីមែន តែលោកវិបុល នឹងមិនអន់ចិត្តរឿងមួយនេះទេ៕

