ប្រទេសរុស្ស៊ីបានចេញផ្សាយសេចក្តីព្រាងឯកសារសន្តិសុខនៅថ្ងៃនេះក្នុងគោលបំណងកំណត់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងអង្គការណាតូមកលើទឹកដីអតីតសហភាពសូវៀត និងអឺរ៉ុបខាងកើតហើយបានអំពាវនាវឱ្យមានការចរចាជាបន្ទាន់ជាមួយទីក្រុងវ៉ាស៊ីនតោន។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី ១៨ ធ្នូ ២០២១ ។សេចក្តីព្រាងឯកសារសន្តិសុខដែលរុស្ស៊ីនិយាយថា មានសារៈសំខាន់សម្រាប់សន្តិសុខរបស់ខ្លួន បានលើកឡើងថាណាតូមិនត្រូវអនុញ្ញាតឱ្យសមាជិកថ្មីណាមួយ ដែលជាសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិក និងអំពាវនាវកុំឱ្យមានមូលដ្ឋានយោធាថ្មីនៅក្នុងបណ្តាប្រទេសអតីតសហភាពសូវៀត។

អនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov បាននិយាយថារុស្ស៊ីបានផ្តល់សេចក្តីព្រាងសន្ធិសញ្ញាចំនួនពីរដល់សហរដ្ឋអាមេរិក និងណាតូ។ លោកបាននិយាយថាគ្មានជម្រើសផ្សេងទៀតទេ ដោយសារតែស្ថានភាពទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិចខ្វះការទុកចិត្តទាំងស្រុង។

នៅក្នុងសំណើរុស្ស៊ីបានតម្រូវឱ្យប្រទេសដែលបានចូលរួមជាមួយណាតូបន្ទាប់ពីការដួលរលំនៃអតីតសហភាពសូវៀតមិនត្រូវដាក់ពង្រាយកងទ័ពឬសព្វាវុធនៅក្នុងតំបន់ដែលត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់ប្រទេសរុស្ស៊ី។ យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់និងនាវាចម្បាំងនឹងមិនត្រូវបានអនុញ្ញាតនៅក្រៅតំបន់ដែនអាកាសជាតិ ឬដែនទឹកដែលពួកគេអាចបើកការវាយប្រហារនោះទេ។នោះមានន័យថាណាតូមិនដើរតួនាទីអ្វីទាំងអស់នៅក្នុងប្រទេសសាធារណរដ្ឋបាល់ទិកទាំងបី ឬប៉ូឡូញហើយណាតូត្រូវបោះបង់ចោលផែនការណាមួយសម្រាប់អ៊ុយក្រែននិងហ្សកហ្ស៊ីដើម្បីចូលរួមជាមួយសម្ព័ន្ធភាពលោកខាងលិច។នៅក្នុងសេចក្តីព្រាងច្បាប់នេះ រុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិកគួរយល់ព្រមមិនបង្កើតមូលដ្ឋានយោធានៅក្នុងរដ្ឋអតីតសហភាពសូវៀត រួមទាំងនៅអាស៊ីកណ្តាល ដែលទីក្រុងម៉ូស្គូមើលឃើញថាជាខ្នងបង្អែក និងជាផ្នែកនៃឥទ្ធិពលរបស់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការចុះផ្សាយសេចក្តីព្រាងច្បាប់នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Sergei Ryabkov បាននិយាយថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចក្នុងការចរចាសន្តិសុខជាបន្ទាន់ជាមួយសហរដ្ឋអាមេរិក។លោកបានមានប្រសាសន៍ថាយើងត្រៀមខ្លួនជាស្រេចដើម្បី ជួបពិភាក្សាជាមួយសហរដ្ឋអាមេរិកជាបន្ទាន់នៅក្នុងប្រទេសទីបី ដោយកត់សម្គាល់ថាទីក្រុងហ្សឺណែវ គឺជាទីកន្លែងស័ក្តិសមសម្រាប់កិច្ចប្រជុំនេះ។

នៅព្រឹកថ្ងៃសុក្រ អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានប្រាប់អ្នកយកព័ត៌មានថាសហរដ្ឋអាមេរិកនឹងមិនចូលរួមក្នុងកិច្ចចរចាតែម្នាក់ឯងនោះទេ។យើងនឹងមិនមានកិច្ចពិភាក្សាស្តីពីសន្តិសុខអឺរ៉ុបដោយគ្មានសម្ព័ន្ធមិត្ត និងដៃគូអឺរ៉ុបរបស់យើងទេ។ណាតូដែលដើមឡើយត្រូវបានបង្កើតឡើងដើម្បីការពារអឺរ៉ុបប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមានពីអតីតសហភាពសូវៀតមានកងកម្លាំងនៅក្នុងប្រទេសសាធារណរដ្ឋបាល់ទិក និងប៉ូឡូញ។

ការចេញផ្សាយកិច្ចព្រមព្រៀងដែលមិនទាន់បានបញ្ចប់ គឺជាជំហានមិនធម្មតាមួយក្នុងទំនាក់ទំនងការទូតអន្តរជាតិ ដែលបានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែលបន្លឺសំឡេងរោទិ៍ជុំវិញការបង្កើនបុគ្គលិកយោធារបស់ប្រទេសរុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន។សហរដ្ឋអាមេរិកបានច្រានចោលសំណើដែលមានគោលបំណងទប់ស្កាត់ឥទ្ធិពលរបស់ណាតូ ដោយនិយាយថាខ្លួននឹងមិនចរចាដោយគ្មានការចូលពីអឺរ៉ុប។ជម្លោះនៅភាគខាងកើតរវាងអ៊ុយក្រែននិងរុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ 2014 ហើយបានឆក់យកជីវិតមនុស្សជាង 14000 នាក់៕