ក្រសួងយុត្តិធម៌ជប៉ុនបាននិយាយថា អ្នកទោសបីនាក់ត្រូវបានព្យួរកាលពីថ្ងៃអង្គារទី២១ ធ្នូ ២០២១ ដែលជាការកាត់ទោសប្រហារជីវិតលើកដំបូងរបស់ប្រទេសជប៉ុនចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ និងជាការកាត់ទោសលើកដំបូងក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីលោកហ្វូមីអូគីស៊ីដា។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូ។អ្នកទោសទាំងបីនាក់រួមមានលោក Yasutaka Fujishiroអាយុ65ឆ្នាំដែលបានសម្លាប់សាច់ញាតិរបស់គាត់ចំនួន 7 នាក់នៅក្នុងខេត្ត Hyogo កាលពីឆ្នាំ ២០០៤ លោក Tomoaki Takanezawa អាយុ 54 ឆ្នាំ និង Mitsunori Onogawa អាយុ44ឆ្នាំត្រូវបានផ្តន្ទាទោសពីបទសម្លាប់បុគ្គលិកពីរនាក់នៅឯហាង pachinko ពីរដាច់ដោយឡែកពីគ្នាក្នុងខេត្ត Gunma ក្នុងកាលពីឆ្នាំ ២០០៣។ការកាត់ទោសប្រហារជីវិតកាលពីថ្ងៃអង្គារបានធ្វើអោយ ចំនួនអ្នកទោសព្យូរកនៅក្នុងប្រទេសជប៉ុនមានចំនួន ១០៧ នាក់។

តុលាការស្រុកKobeនៅភាគខាងលិចប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិតលោកFujishiro កាលពីខែឧសភា ឆ្នាំ ២០០៩ ហើយការសម្រេចនេះត្រូវបានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ ២០១៥បន្ទាប់ពីតុលាការកំពូលបានច្រានចោលបណ្តឹងឧទ្ធរណ៍។លោកTakanezawa និង Onogawa បានប្លន់ជនរងគ្រោះម្នាក់ផងដែរ ហើយលួចលុយពីហាង pachinko មួយនោះ ត្រូវបានតុលាការស្រុក Saitama កាត់ទោសប្រហារជីវិត។ ការកាត់ទោសប្រហារជីវិតលើ Takanezawa ត្រូវបានធ្វើនៅខែកក្កដា ឆ្នាំ ២០០៥ បន្ទាប់ពីគាត់បានដកបណ្តឹងឧទ្ធរណ៍របស់គាត់ ខណៈដែលការកាត់ទោសលោក Onogawa ត្រូវបានធ្វើនៅខែមិថុនា ឆ្នាំ ២០០៩ នៅតុលាការកំពូល។

បន្ទាប់ពីការប្រហារជីវិត អនុប្រធានខុទ្ទកាល័យលោក Seiji Kihara បានប្រាប់អ្នកសារព័ត៌មានថា វាមិនសមស្របទេក្នុងការលុបចោល ប្រព័ន្ធទោសប្រហារជីវិតរបស់ប្រទេស ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលឧក្រិដ្ឋកម្មដ៏សាហាវនៅតែបន្តកើតមាន។លោក Kihara បាននិយាយថាជនជាតិជប៉ុនជាច្រើនគិតថា ទោសប្រហារជីវិតគឺមិនអាចជៀសផុតបានក្នុងករណីឧក្រិដ្ឋកម្មខ្លាំង។យោងតាមអង្គការលើកលែងទោសអន្តរជាតិ បានឱ្យដឹងថា ប្រទេសជាងពីរភាគបីនៃពិភពលោកបានលុបចោលទោសប្រហារជីវិត៕