Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិជប៉ុនប្រហារជីវិតមនុស្ស ៣នាក់ដោយព្យួរក

ជប៉ុនប្រហារជីវិតមនុស្ស ៣នាក់ដោយព្យួរក

ក្រសួងយុត្តិធម៌ជប៉ុនបាននិយាយថា អ្នកទោសបីនាក់ត្រូវបានព្យួរកាលពីថ្ងៃអង្គារទី២១ ធ្នូ ២០២១ ដែលជាការកាត់ទោស​ប្រហារជីវិតលើកដំបូងរបស់ប្រទេសជប៉ុនចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៩ និងជាការកាត់ទោសលើក​ដំបូងក្រោមការគ្រប់​គ្រង​របស់នាយករដ្ឋមន្ត្រីលោកហ្វូមីអូគីស៊ីដា។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូ។អ្នកទោសទាំងបីនាក់រួមមានលោក Yasutaka Fujishiroអាយុ65ឆ្នាំដែលបានសម្លាប់សាច់ញាតិរបស់គាត់ចំនួន 7 នាក់នៅ​ក្នុងខេត្ត Hyogo កាលពីឆ្នាំ ២០០៤ លោក Tomoaki Takanezawa អាយុ 54 ឆ្នាំ និង Mitsunori Onogawa អាយុ44ឆ្នាំត្រូវ​បានផ្តន្ទាទោសពីបទសម្លាប់បុគ្គលិកពីរនាក់នៅឯហាង pachinko ពីរដាច់ដោយឡែកពីគ្នាក្នុងខេត្ត Gunma ក្នុងកាលពីឆ្នាំ ២០០៣។ការកាត់ទោសប្រហារជីវិតកាលពីថ្ងៃអង្គារបានធ្វើអោយ ចំនួនអ្នកទោសព្យូរកនៅក្នុងប្រទេសជប៉ុនមានចំនួន ១០៧ នាក់។

តុលាការស្រុកKobeនៅភាគខាងលិចប្រទេសជប៉ុនបានកាត់ទោសប្រហារជីវិតលោកFujishiro កាលពីខែឧសភា ឆ្នាំ ២០០៩ ហើយការសម្រេចនេះត្រូវបានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ ២០១៥បន្ទាប់ពីតុលាការកំពូលបានច្រានចោលបណ្តឹងឧទ្ធរណ៍។លោកTakanezawa និង Onogawa បានប្លន់ជនរងគ្រោះម្នាក់ផងដែរ ហើយលួចលុយពីហាង pachinko មួយនោះ ត្រូវបាន​តុលា​ការស្រុក Saitama កាត់ទោសប្រហារជីវិត។ ការកាត់ទោសប្រហារជីវិតលើ Takanezawa ត្រូវបានធ្វើនៅខែកក្កដា ឆ្នាំ ២០០៥ បន្ទាប់ពីគាត់បានដកបណ្តឹងឧទ្ធរណ៍របស់គាត់ ខណៈដែលការកាត់ទោសលោក Onogawa ត្រូវបានធ្វើនៅខែមិថុនា ឆ្នាំ ២០០៩ នៅតុលាការកំពូល។

បន្ទាប់ពីការប្រហារជីវិត អនុប្រធានខុទ្ទកាល័យលោក Seiji Kihara បានប្រាប់អ្នកសារព័ត៌មានថា វាមិនសមស្របទេក្នុងការ​លុប​ចោល ប្រព័ន្ធទោសប្រហារជីវិតរបស់ប្រទេស ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលឧក្រិដ្ឋកម្មដ៏សាហាវនៅ​តែបន្តកើត​មាន។លោក Kihara បាននិយាយថាជនជាតិជប៉ុនជាច្រើនគិតថា ទោសប្រហារជីវិតគឺមិនអាចជៀសផុតបាន​ក្នុងករណីឧក្រិដ្ឋ​កម្មខ្លាំង​។យោងតាមអង្គការលើកលែងទោសអន្តរជាតិ បានឱ្យដឹងថា ប្រទេសជាងពីរភាគបីនៃពិភពលោកបានលុបចោល​ទោសប្រ​ហារ​​ជីវិត៕

RELATED ARTICLES