Monday, December 23, 2024
Homeព្រឹត្តិការណ៍សង្គមសំរាម​ពាន់​តោន បង្ហាញ​ស្ថិរ​ភាព​សង្គម

សំរាម​ពាន់​តោន បង្ហាញ​ស្ថិរ​ភាព​សង្គម

ព្រះរាជពិធីបុណ្យអុំទូក បានបញ្ចប់ទៅហើយ ដោយនាំមកនូវភាពសប្បាយរីករាយឥតឧបមា សម្រាប់បងប្អូនប្រជាពលរដ្ឋ ខ្មែរ ដែលភាគច្រើន “មកពីស្រែចូលក្រុង”។ អ្វីដែលគួរឱ្យសោកស្តាយនោះ គឺមានសំរាមរាប់ពាន់តោន ដែលអ្នកដើរកម្សាន្ត បោះចោលរាត់រាយពេញដី ធ្វើឱ្យមន្ត្រីពាក់ព័ន្ធមិនសប្បាយចិត្ត ក៏នាំគ្នារិះគន់ប្រជាពលរដ្ឋថា “មិនចោលទម្លាប់អាក្រក់” ធ្វើឱ្យ ខូចសោភណភាពទីក្រុងស្អាត។ តាមពិតទៅ កំណើនមនុស្សខ្ទង់លាននាក់ ដែលមកចូលរួមពិធីបុណ្យអុំទូក គឺស្តែងឱ្យឃើញថា មកពីស្រុកមានសន្តិភាពពេញលេញ ឬថា “សំរាមរាប់ពាន់តោន បង្ហាញស្ថិរភាពសង្គម” ដែល “នគរធំ” សូមលើកមកធ្វើប្រធាន- បទបរិយាយថ្ងៃនេះ…។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ មានចលនាមនុស្ស ឬចរាចរណ៍មនុស្ស “ចេញពីក្រុងទៅស្រែ” ដោយហេតុថា អ្នកក្រុងភាគច្រើនមានដើមកំណើតនៅស្រុកស្រែចម្ការ តាមជើងភ្នំជាដើម កាលណាមានពិធីបុណ្យសាសនា ម្តងៗ ត្រូវតែនាំគ្រួសារទៅស្រុកកំណើត ដើម្បីធ្វើបុណ្យសុន្ទរ៍ទាន តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ រហូតដល់ស្ងាត់ក្រុង សូម្បី រាជធានីភ្នំពេញ ក៏មានមនុស្សចេញស្ងាត់ដែរ។ លុះដល់ព្រះរាជពិធីបុណ្យអុំទូក ចូលមកដល់ ក៏មានចរាចរណ៍មនុស្ស “មកពីស្រែ ចូលក្រុង” ដោយសារពិធីបុណ្យនេះ ត្រូវប្រារឰធ្វើនៅមុខព្រះបរមរាជវាំង ជាប់ជាប្រពៃណីពីបុរាណកាលមក។ រយៈពេល ៣ថ្ងៃ ៣យប់នេះ ប្រជាពលរដ្ឋមកពីស្រែច្រើនណាស់ ខ្លះក៏ស្នាក់នៅផ្ទះបងប្អូនកូនចៅផៅសន្តាន ខ្លះក៏សម្រាន្តតាមវត្តអារាម នានា ដោយមិនសូវមានអ្នកទៅស្នាក់តាមសណ្ឋាគារ ឬផ្ទះសំណាក់នោះឡើយ ព្រោះជម្រកខ្ពស់ស៊ីថ្លៃបែបនេះ ពលរដ្ឋមកពីស្រែ មិនសូវមានលទ្ធភាពទេ។ ផ្ទុយទៅវិញ ពេលអ្នកស្រែចម្ការចូលដល់រាជធានី បែរជាមន្ត្រីរាជការ ឧកញ៉ា ថៅកែ ដែលមាន លំនៅអចិន្ត្រៃយ៍ក្នុងរាជធានី នាំគ្នាឡើងរថយន្តទៅលេងឆ្នេរសមុទ្រ តាមកោះឆ្ងាយៗ ឬទៅលេងអង្គរវត្ត ខេត្តរតនគិរី មណ្ឌលគិរី ឯណោះ ដោយមានភាគតិចណាស់ដែលទៅទស្សនាការប្រណាំងទូក ឬដើរលេងកម្សាន្ត ទស្សនាការប្រគំតន្ត្រី ដែលរៀបចំដោយស្ថានីយទូរទស្សន៍នានា ដែលដំឡើងតាមសួនសាធារណៈ រាជធានីភ្នំពេញ។

ដូច្នេះ ព្រះរាជពិធីបុណ្យអុំទូក ឃើញមនុស្សចូលរួមប្រមាណ៨០% ជាបងប្អូនប្រជាពលរដ្ឋមកពីស្រែចម្ការនេះឯង ដែល ពួកគាត់បានទៅមូលគ្នាអង្គុយលើឆ្នេរទន្លេ ទស្សនាការប្រណាំងទូក បាញ់កាំជ្រួច បណ្តែតប្រទីប ឯយុវវ័យក៏ប្រជ្រៀតគ្នា ទស្សនាការប្រគំតន្ត្រីចម្រៀង។ ធម្មតាអ្នកដើរកម្សាន្ត គ្មានអ្នកណាចៀសផុតពីទិញនំចំណីហូបនោះទេ លុះហូបរួច ក៏គ្មាន អ្នកណាវេចខ្ទប់ថង់ប្លាស្ទិក ឬដបទឹកសុទ្ធយកទៅផ្ទះនោះដែរ បើមានធុងសំរាមនៅជិត ក៏ទម្លាក់ទៅ តែបើគ្មានធុងសំរាម ច្បាស់ជាទម្លាក់ចោលលើសួន ឬលើផ្លូវមិនខានឡើយ។ តាមការសង្កេតរយៈពេល៣ថ្ងៃ ៣យប់នេះ ជាពិសេសរាត្រីទី៣ មានប្រជាពលរដ្ឋខ្នាន់ខ្នាប់ដូចស្រមោច យ៉ាងតិចក៏១លាននាក់ដែរ ដែលអាចផលិតសំរាមបានរាប់ពាន់តោន ធ្វើឱ្យមន្ត្រី ពាក់ព័ន្ធនឹងការប្រមូលសំរាម រអ៊ូរទាំថា “អ្នកស្រែមិនចោលទម្លាប់អាក្រក់” សូម្បីតែកម្មករ-កម្មការិនី ប្រមូលសំរាម ក៏យ៉ាប់ ដែរ រហូតអ្នកខ្លះរុញសំរាមទម្លាក់ក្នុងទឹកទន្លេក៏មាន។

អ្វីដែលគួរឱ្យហួសចិត្ត និងសោកស្តាយនោះ គឺពាក្យសម្តីមន្ត្រីខ្លះថាឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋមកពីស្រែ ដោយភ្លេចគិត ថា ខ្លួនលោកក៏មានដើមកំណើតពីស្រែដែរ។ ដូចអ្វីដែលយើងបង្ហាញហេតុផលរួចហើយថា អ្នកទិញនំចំណីហូប ដោយច្រកថង់ ឬវេចខ្ចប់នោះ មិនអាចយកថង់កាកសំណល់ទៅចោលឯផ្ទះបានឡើយ គឺបើមានធុងសំរាមនៅជិត ក៏ទម្លាក់ក្នុងធុងសំរាម ឬក្នុងកញ្ឆោ ប៉ុន្តែ កញ្ឆោនោះដាក់ឆ្ងាយៗពីគ្នាពេក ឬពេញហៀរដោយសំរាមទៅហើយ មានតែបោះចោលលើសួន។ ចំណុចនេះ ពុំមែនបងប្អូនមកពីស្រែ មិនស្គាល់អនាម័យបរិស្ថាននោះទេ តែមកពីភាពចង្អៀតកកកុញ ដើរប៉ះគ្នា ចាំបាច់ត្រូវតែបោះកាក សំណល់ចោលពាសវាលពាសកាលអ៊ីចឹងទៅ ប៉ុន្តែ នេះមិននិយាយដល់អ្នកខ្លះដែលមានទម្លាប់អាក្រក់ ហូបចុកកន្លែងណា ចោលសំរាម ពង្រាយកន្លែងនោះទេ។

កាលពីសម័យសង្គមរាស្ត្រនិយម ក៏មានប្រជារាស្ត្រកាត់ពីស្រែចូលក្រុងយ៉ាងនេះដែរ សូម្បីជនជាតិព្នង គ្រឹង ទំពួន នៅ ខេត្តរតនគិរី ក៏មកលេងកម្សាន្តក្នុងឱកាសបុណ្យអុំទូកដែរ។ ពួកគាត់ស្ទើរទាំងអស់សុទ្ធតែមានបាយកញ្ចប់ ទឹកបំពង់ ខ្លះទៀត ក៏ទិញបាយខ្ចប់ស្លឹកឈូក ត្រីអាំង ត្រីកប់ ប្រហុកចិញ្ច្រាំ អំបិលបុកក្រសាំង នាំគ្នាហូបតាមសួនច្បារ រួចបោះស្លឹកចេក ស្លឹកឈូក តម្បុតត្រីលើស្មៅ ទុកឱ្យកម្មករប្រមូលសំរាមធ្វើការ ហើយក៏មិនដែលឮមន្ត្រីពាក់ព័ន្ធជំនាន់នោះ រអ៊ូរទាំពីរឿងសំរាមអ្វីឡើយ ព្រោះវត្តមានបងប្អូនជនជាតិភាគតិច មកកម្សាន្តបុណ្យអុំទូក គឺជាមោទនភាពរបស់រាជរដ្ឋាភិបាល ក្រោយទទួលបានឯករាជ្យ ពីបារាំង។

ឥឡូវយ៉ាងម៉េចដែរ? ខណៈដែលរាជរដ្ឋាភិបាល កំពុងដឹកនាំប្រទេសឱ្យមានសុខសន្តិភាពពេញបរិបូណ៌នោះ សំរាមរាប់ពាន់ តោន គឺបង្ហាញនូវសន្តិសុខ ស្ថិរភាពសង្គមនេះឯង។ បើមាតុភូមិមានអសន្តិសុខ អស្ថិរភាព តើមានប្រជារាស្ត្រណាហ៊ាន មកលេងបុណ្យអុំទូក? ដែលជាករណីសម្រាប់មន្ត្រីប៉ិនខាងរអ៊ូរទាំរឿងសំរាម យកទៅពិចារណាឱ្យបានល្អិតល្អន់ផង។ “នគរធំ” មានទស្សនៈថា សំរាម១ថ្ងៃ ប្រមូលបាន២ពាន់តោន មិនទាន់ស្កប់ចិត្តទេ តែបើប្រមូលបាន១ថ្ងៃ ៤ពាន់តោន គឺជាកិត្តិយស របស់រាជរដ្ឋាភិបាល ដែលស្រូបបានកំណើនមនុស្សមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក។ បើសំរាម២ពាន់តោន ស្មើនឹង ចំនួនមនុស្ស២លាននាក់ អ៊ីចឹងសុំឱ្យបាន៤ពាន់តោន ស្មើនឹងមនុស្ស៤លាននាក់ ជារឿងល្អបំផុត។ សាលារាជធានី អាច បង្កើនចំនួនកម្មករ-កម្មការិនី និងរថយន្តដឹកសំរាម ឱ្យស្របទៅតាមសមាមាត្ររបស់សំរាម។ ប៉ុន្តែ សាលារាជធានី មិនអាចទៅ តោងដៃប្រជាពលរដ្ឋឱ្យមកកម្សាន្តបុណ្យអុំទូក ឱ្យបាន៤លាននាក់ ដោយងាយៗនោះឡើយ ជាពិសេស បើធ្វើឱ្យប្រជាពលរដ្ឋ ភ័យខ្លាចរឿងជាន់គ្នា ដូចសោកនាដកម្មលើស្ពានពេជ្រ កាលពីឆ្នាំ២០១០ ទៀតនោះ បញ្ហាសំរាមអាចនឹងថយចុះត្រឹម១ពាន់ តោនប៉ុណ្ណោះ ក៏អាចថាបាន ដោយសារបាត់កំណើនមនុស្ស។

លោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ បានសរសេរក្នុងហ្វេសប៊ុករបស់លោកពាក់ព័ន្ធនឹងរឿងសំរាមនេះដែរថា “បើ រដ្ឋាភិបាលមួយ ដែលមានគណៈរដ្ឋមន្ត្រីរាប់រយនាក់ និងមានគណៈអភិបាលខេត្ត-រាជធានី មួយខេត្តៗជាង១០នាក់ ហើយ នៅតែគ្មានដំណោះស្រាយសម្អាតសំរាម នៅតែចាញ់សំរាមនោះ គឺរដ្ឋាភិបាលនេះ ជារដ្ឋាភិបាលអន់ជាងសំរាម”។ សំណេរនេះ អាចស្របនឹងការរអ៊ូរទាំរបស់មន្ត្រីខ្លះ ដែល “ចាញ់សំរាម” នេះឯង បានជាលោកសួន សេរីរដ្ឋា ពន្លះធ្ងន់ៗបែបនេះ។ ប៉ុន្តែ យើង យល់ថា ពុំមែនជាកំហុសនាយករដ្ឋមន្ត្រីនោះទេ ព្រោះសម្តេចហ៊ុន សែន មិនដែលត្អូញត្អែរ ឬបន្ទោសពលរដ្ឋរឿងសំរាម នោះទេ គឺសម្តេច មានតែជូនពរបងប្អូនឱ្យវិលទៅស្រុកវិញ ប្រកបដោយសុវត្ថិភាព ឯរឿងរអ៊ូរទាំ វាកើតចេញពីមន្ត្រីចាញ់សំរាមឯណោះ។ គួរកុំភ្លេចថា សម័យនេះ អ្នកស្រែ អ្នកចម្ការ ក៏មានអរិយធម៌ថ្លៃថ្នូរ ស៊ីវិល័យ ដូចអ្នកក្រុងអ៊ីចឹងដែរ ដោយសារវប្បធម៌ សាកលភាវូបនីយកម្ម ឆ្លងទៅដល់ជនបទតាមរយៈវិទ្យុ ទូរទស្សន៍ ទូរស័ព្ទ ហ្វេសប៊ុក ប៉ុន្តែ រឿងប្រមូលសំរាម១ឆ្នាំមានម្តង មិនគួរមន្ត្រីពាក់ព័ន្ធរអ៊ូរទាំនោះឡើយ។ ប៉ុន្តែ ទោះជាយ៉ាងណា ក៏មកដល់សម័យសព្វថ្ងៃនេះ ប្រជាពលរដ្ឋមិនថានៅឯស្រុក ស្រែឬទីក្រុង មានការយល់ដឹងច្រើនពីបញ្ហាអនាម័យបរិស្ថាន រួមទាំងការចោលសំរាមនេះ។ ដូច្នេះគួរផ្សព្វផ្សាយអប់រំ លើកទឹកចិត្តអំពីការចោលសំរាម និងទុកដាក់សំរាមឱ្យបានសមស្រប ប្រសើរជាងការរិះគន់បន្តុះបង្អាប់ ដើម្បីទទួលបានកិច្ច សហការពេញលេញពីប្រជាពលរដ្ឋ។ តួយ៉ាងដូចជាករណីអាជ្ញាធរខេត្តសៀមរាប បានផ្តល់រង្វាន់ដល់ស្ត្រីជាម្តាយម្នាក់ ដែល បានអប់រំកូនអំពីបញ្ហាសំរាម ការចោលសំរាមក្នុងធុងឱ្យបានត្រឹមត្រូវជាដើម គឺជារូបភាពដ៏ល្អមួយទាក់ទាញមហាជនឱ្យចាប់ អារម្មណ៍ពីបញ្ហាអនាម័យបរិស្ថាន និងបញ្ហាសំរាមនេះ និងអាចឈានទៅដល់ការលុបបំបាត់បញ្ហាការចោលសំរាមពាសវាល ពាសកាលបាន។

សរុបទៅ “សំរាមពាន់តោន បង្ហាញស្ថិរភាពសង្គម” មានន័យយ៉ាងនេះឯង ពោលគឺ មកពីសង្គមមានសុខសន្តិភាព ស្ថិរភាព ទើបប្រជារាស្ត្រនាំគ្នាមកកម្សាន្តបុណ្យអុំទូក យ៉ាងកុះកររាប់លាននាក់ ខ្ជាក់ចោលនូវសំរាមលើឆ្នេរទន្លេ តាមសួនសាធារណៈ។ បើអត់មានមនុស្សមកកម្សាន្ត ទើបគ្មានសំរាម  ប៉ុន្តែ បើមានសំរាមរាប់ពានតោនបែបនេះ គឺជាកិត្តិយសរបស់រាជរដ្ឋាភិបាល ដែលដឹកនាំប្រទេសឱ្យមានសុខសន្តិភាព៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES