ភ្នំពេញ៖តារាចម្រៀងវី ឌីណែត បានប្រកាសកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២២ ថានៅពេលបន្ដិចទៀតនាងនឹងឈប់ច្រៀងហើយ។គ្រាន់តែឃើញសារបែបនេះភ្លាមតារាចម្រៀងរួមអាជីពនាងឈិន ម៉ានិច្ច បានចូលទៅខមិនភ្លាមដោយហៅឌីណែត ថា”លោកជំទាវ”និងថាពេលឡើងឋានៈមួយនេះហើយម៉េចៗមើលនាងផង។ដោយឡែកឌីណែត តបទៅម៉ានិច្ច ថា”ចេះថាហ្មង”។ យ៉ាងការប្រកាសចង់បោះបង់អាជីពចម្រៀងទាំងវ័យក្មេងរបស់វី ឌីណែត ហើយនិងសារថារបស់ឈិន ម៉ានិច្ច ដោយហៅនាងថាលោកជំទាវនោះគឺហាក់ស្របគ្នាតែម្ដងទើបធ្វើឲ្យមានការសង្ស័យថាឌីណែត អាចនឹងលះបង់អាជីពចម្រៀងព្រោះតែផ្គាប់ចិត្តគូស្នេហ៍ហើយស្រវ៉ាតំណែងធំមួយនេះមែន។ប៉ុន្ដែនៅថ្ងៃទី១៤ខែមករា ឌីណែត បានចេញសារបញ្ជាក់ថា”អារឿងឈប់នឹងឈប់ហើយ តែអារឿងក្លាយទៅជាអីផ្សេង(ជំទាវ)អត់ដឹងអីទេ”។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅវី ឌីណែត នៅថ្ងៃទី១៤ខែមករា ដើម្បីសួរនាងពីខ្លឹមសារខាងលើ តែឌីណែត មិនលើកទូរស័ព្ទឡើយ។ដោយឡែកលោកហួរ ឡាវី ដែលជាឪពុករបស់ឌីណែត បានប្រាប់យ៉ាងខ្លីនៅថ្ងៃដដែលនេះថាលោកមិនទាន់បានដឹងរឿងកូនស្រីចង់ឈប់ច្រៀងនេះច្បាស់លាស់ឡើយ។លោកឡាវី បន្ថែមថាចាំពេលលោកសួរនាំកូនស្រីឲ្យបានច្បាស់លាស់ពីរឿងកូនស្រីថាឈប់ច្រៀងនេះហើយលោកនឹងតេមកប្រាប់អ្នកយកព័តមានយើងវិញ។ឪពុករបស់ឌីណែត ក៍បានឲ្យដឹងដែរថាតាមឌីណែត ធ្លាប់ប្រាប់លោកនោះគឺគ្មានរឿងបែបនេះ(ឈប់ច្រៀង)នោះទេ ប៉ុន្ដែលោកនឹងសួរនាំនាងលម្អិតពីរឿងមួយនេះ ខណៈដែលចំនួនកុងត្រានៅហង្សមាសរបស់កូនស្រីលោកថាមិនបានដឹងច្បាស់លាស់នោះទេ។
វី ឌីណែត ជាតារាចម្រៀងវ័យក្មេងនៅហង្សមាសដែលមានសម្ថភាពច្រៀងបទខ្ពស់ៗបានមិនចាញ់ឱក សុគន្ធកញ្ញា នោះទេទាំងបទខ្មែរនិងអង់គ្លេស។នាងបានប្រលងជាប់កម្មវិធីI Am A Singer Cambodia របស់ហង្សមាសនៅរដូវកាលទី២ និងធ្លាប់ធ្វើ ជាតួឯករឿង”រាជបុត្រកង្កែប”ផងដែរ។កាលពីខែមីនាឆ្នាំ២០២១ ឌីណែត បានកើតកូវីដតម្រូវឲ្យនាងព្យាបាលជាច្រើនខែទើប បានជាសះស្បើយនិងវិលមករកឆាកតន្រ្ដីសារជាថ្មីវិញ។រឿងដែលឌីណែត ពិបាកចិត្តបំផុតក្នុងជីវិតនោះគឺម្ដាយជាទីស្រលាញ់ របស់នាងអ្នកស្រីងួន សុផាន់នី បានទទួលមរណភាពដោយសារកូវីដកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ។ឌីណែត ក៍កាន់តែតុក ស៊ិចនិងស្រងូតស្រងាត់ថែមទៀតព្រោះទោះជាពេលនេះនាងបានជាពីកូវីដមែន ប៉ុន្ដែនាងបានកើតជំងឺពកក ហើយរំខានយ៉ាង ខ្លាំងដល់អាជីពចម្រៀងរបស់នាង។នាងធ្លាប់ប្រាប់កាលពីខែចុងខែតុលាឆ្នាំ២០២១ ថាអាជីពចម្រៀងរបស់នាងអាចនឹងជួប បញ្ហាដោយសារតែជំងឺនេះជាមិនខាន៕