និយតករផលិតផលវេជ្ជសាស្រ្តរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២២ថាខ្លួនបានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌសម្រាប់ការព្យាបាលកូវីដ-១៩ដោយថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer ដែលធ្វើឱ្យវាក្លាយជាថ្នាំគ្រាប់ប្រឆាំងនឹងមេរោគដំបូងគេដែលត្រូវបានអនុម័តដាក់អោយប្រើប្រាស់។រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិបាននិយាយថា Paxlovid បានទទួលការយល់ព្រមសម្រាប់ការព្យាបាលមនុស្សពេញវ័យដែលមានជំងឺកូវីដ-១៩ ពីកម្រិតស្រាលទៅមធ្យម និងហានិភ័យខ្ពស់នៃការវិវត្តទៅស្ថានភាពធ្ងន់ធ្ងរ។ការសិក្សាបន្ថែមលើថ្នាំនេះ ចាំបាច់ត្រូវតែធ្វើ ហើយដាក់ជូនអាជ្ញាធរ។
បើយោងតាមទិន្នន័យដែលទទួលបានពីការសាកល្បងរបស់ក្រុមហ៊ុនPfizerនៅអាមេរិកបង្ហាញថាវាមានប្រសិទ្ធភាពជិត90ភាគរយក្នុងការការពារការចូលមន្ទីរពេទ្យនិងការស្លាប់ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់នៃជំងឺធ្ងន់ធ្ងរ ។រហូតមកដល់ពេលនេះ Paxlovid ត្រូវបានអនុញ្ញាតនៅក្នុងប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលខណៈដែលសហភាពអឺរ៉ុបបានអនុញ្ញាតឱ្យរដ្ឋជាសមាជិកប្រើប្រាស់វាមុនពេលការអនុម័តជាផ្លូវការដែលជាវិធានការបន្ទាន់ប្រឆាំងនឹងមេរោគបំប្លែងថ្មីអូមីក្រុន ។
វាមិនទាន់ច្បាស់ទេថា តើចិនកំពុងពិភាក្សាជាមួយ Pfizer រួចហើយឬនៅ ដើម្បីទិញថ្នាំគ្រាប់នោះ។ Pfizer មិនបានឆ្លើយតបទៅនឹងសំណើរបស់ រ៉យទ័រដើម្បីសុំការអត្ថាធិប្បាយបានទេ។ប្រទេសចិនដីគោក ជាកន្លែងដែលវីរុសកូវីដ-១៩ លេចចេញដំបូងនៅចុងឆ្នាំ២០១៩មិនបានអនុម័តវ៉ាក់សាំងដែលផលិតដោយបរទេសប្រឆាំងនឹង កូវីដ-១៩ទេ៕