ប្រទេសវៀតណាមនឹងលុបចោលការរឹតដ្បិតជើងហោះហើរអន្តរជាតិ ចាប់ពីថ្ងៃអង្គារទី ១៥កុម្ភៈ២០២២ តទៅដោយមិនមានការកំណត់ចំនួនជើងហោះហើរដូចមុនទៀតទេ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័។សារព័ត៌មានវៀតណាមដែលគ្រប់គ្រងដោយរដ្ឋ Tuoi Tre បាននិយាយដោយដកស្រង់សម្តីលោក Dinh Viet Son អនុប្រធានរដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាមថា៖”វៀតណាមនឹងលុបចោលការរឹតបន្តឹងលើជើងហោះហើរអន្តរជាតិចាប់ពីថ្ងៃទី 15 ខែកុម្ភៈ’’។
ប្រទេសអាស៊ីអាគ្នេយ៍បានដាក់ការត្រួតពិនិត្យព្រំដែនតឹងរ៉ឹងនៅពេលចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩។តាមពិទៅ វៀតណាម បានបើកជើងហោះហើរធម្មតាជាមួយអាមេរិក ជប៉ុន ថៃ កម្ពុជា តៃវ៉ាន់ សិង្ហបុរី អូស្រ្តាលី រុស្ស៊ី អង់គ្លេស បារាំងនិងអាល្លឺម៉ង់និងបន្ថយរយៈពេលធ្វើចត្តាឡីស័កមកត្រឹម ៣ថ្ងៃប៉ុណ្ណោះសម្រាប់អ្នកដំណើរដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយតាំងពីខែមករា ប៉ុន្តែមិនទូលំទូលាយ។ ទោះជាយ៉ាងណក្តីវៀតណាមមិនបានអោយដឹងលម្អិតពីធានការការពារនិងការធ្វើចត្តាឡីស័ក្តិសម្រាប់ភ្ញៀវអន្តរជាតិនោះទេតែអាចធ្វើដូចវិធានការណ៍ខែមករា។
គួររំឭកថាវៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ជិត២,៤លានករណី ស្លាប់មានចំនួន៣៩០០០នាក់។ ប្រជាជនវៀតណាម ស្ទើរ៩៨ភាគរយនៃចំនួនប្រជាជនសរុប៩៨លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ២ដូស៕