Monday, December 23, 2024
Homeព័ត៌មានជាតិចាំ​​បាច់​​ត្រូវ​​មាន​​បង្គន់​​អនា​​ម័យ​​សិស្ស

ចាំ​​បាច់​​ត្រូវ​​មាន​​បង្គន់​​អនា​​ម័យ​​សិស្ស

មនុស្សយើងដើម្បីរក្សាជីវិត ត្រូវការបរិភោគអាហារ និងបញ្ចោញកាកសំណល់។ នេះជា ច្បាប់ធម្មជាតិ ដែលមនុស្សត្រូវតែគោរព ទោះ បីអ្នកប្រាជ្ញបណ្ឌិត ដែលមានចំណេះដឹងខ្ពស់ ផ្នែកជីវវិទ្យា បច្ចេកវិទ្យា តែមិនអាចកែច្នៃធ្វើឱ្យ គ្មានការបញ្ចោញកាកសំណល់ចោលបានដែរ។

ស្ត្រីនិងបុរស ខុសគ្នាតែភេទប៉ុណ្ណោះ គឺ ខុសគ្នាទាំងគ្រប់ឥរិយាបថ ដើរ ដេក ឈរ អង្គុយ។ បើមាននារីណាម្នាក់ មានឥរិយបថដូចបុរស នារី នោះ ត្រូវសង្គមពេបជ្រាយ។ ស្ត្រីពិបាកតាំងពី នៅកុមារី ពេលបត់ជើងតូច នាងត្រូវរកទីស្រឡះ និងមានអ្វីបាំងផង ទើបនាងអាចអង្គុយបត់ ជើងបាន។ ផ្ទុយទៅវិញ កុមារា មានតែដើម ឈើ ឬបង្គោលប៉ុនកដៃ ឬមានគម្ពោតព្រៃស៊ុប- ទ្រុប ក៏អាចឈរនោមយ៉ាងស្រួល។ នៅតាម សាលារៀនបើបង្គន់សិស្សស្រី មានចំនួនស្មើនឹង បង្គន់សិស្សប្រុស ពេលចេញលេង សិស្សត្រូវ ចូលម្តងម្នាក់ៗ ផ្ទុយទៅវិញ សិស្សប្រុសអាច ឈរនោមម្តង៣នាក់ បានក្នុងករណីប្រញាប់។ ដូច្នេះរយៈពេលស្មើគ្នា បង្គន់មួយ សិស្សស្រីមក បត់ជើងបានម្នាក់ ឯសិស្សប្រុស បាន២ទៅ៣ នាក់។ ទាំងនេះ បញ្ជាក់ថា សាលារៀននីមួយៗ ត្រូវមានចំនួនបង្គន់សិស្សស្រី លើសសិស្សប្រុស ពីរដង ទើបត្រឹមត្រូវ ស្មើភាពគ្នា សមភាព សមធម៌ យេនឌ័រ។ ឧទាហរណ៍បើបង្គន់ ប្រុស មាន ៥បង្គន់សិស្សស្រី ត្រូវមាន១០ ។

ទីតាំងបង្គន់ ពីសម័យមុនមក សាលា រៀនតាមជនបទ គ្រាន់តែជីករណ្តៅជ្រៅមួយ  ក្រាលក្តារពីលើ ទុកប្រឡោះមួយតូច សម្រាប់ បត់ជើងតូច ឬធំ ដោយមានជញ្ជាំងជុំវិញ និង ដំបូល។ បង្គន់បែបនោះធុំក្លិនស្អុយអាក្រក់ណាស់ ដែលនៅឆ្ងាយពីបន្ទប់រៀនប្រហែល២០០ទៅ៣០០ម៉ែត្រ។ បង្គន់បែបនោះ សមស្របទៅ តាមមូលដ្ឋានសម្ភារៈ និងកម្រិតយល់ដឹងរបស់ គ្រូបង្រៀននាសម័យនោះហើយ។ ប៉ុន្តែសម័យ នេះ គេធ្វើបង្គន់អនាម័យនៅក្នុងផ្ទះ នៅជាប់ បន្ទប់ទទួលទានអាហារ ឬបន្ទប់ដេកតែម្តង ដើម្បីងាយស្រួល។

សុខភាពរបស់មនុស្ស មិនល្អជានិច្ចកាល រៀងរហូតនោះទេ ដោយម្នាក់ៗត្រូវជួបប្រទះ ហើយដូចជាថ្ងៃខ្លះ គ្រាន់តែឈឺពោះភ្លាមត្រូវ បត់ជើងធំភ្លាម។ ហេតុដូច្នេះហើយ បានជា កន្លងមក មានមនុស្សមួយចំនួន ដោយសារ បង្គន់នៅឆ្ងាយ ធ្វើឱ្យរត់មិនទាន់ ក៏រាកអាចម៍ ដាក់ខោ ដែលបង្កើតការលំបាក។ ជំនាន់សង្គម- រាស្ត្រនិយម សម័យឆ្នាំ១៩៦០ ដល់១៩៧០ ក្រុមយុវជន យុវតី នៅចាំទទួលសម្តេចឪតាម ដងផ្លូវ ក្នុងចំណោមនោះ មានយុវតីម្នាក់ បែក ប្លោកនោមស្លាប់ ដោយខំប្រឹងទប់មិននោម ពីព្រោះគ្មានបង្គន់។ ឯយុវជន (សិស្សប្រុស) គ្មាន បញ្ហាទេ គេអាចបត់ជើងតូចយ៉ាងងាយស្រួល ឱ្យតែកន្លែងនោះនៅកៀន ឬឆ្ងាយពីគេបន្តិច។ សិស្សស្រីមួយចំនួន កើតរោគទល់នោម មូល ហេតុ មកពីខំទប់នោមញឹកញាប់ពេក ដោយ- សារសាលាគ្មានបង្គន់គ្រប់គ្រាន់។ ដូច្នេះសាលា រៀននីមួយៗត្រូវមានបង្គន់គ្រប់គ្រាន់ និងសាង  សង់នៅជាប់បន្ទប់រៀនតែម្តង ដោយសាលា- រៀននីមួយៗ ត្រូវមានអ្នករក្សាអនាម័យ។ កាល ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ ខ្ញុំបានទៅបង្រៀន រូបវិទ្យា និងភាសាបារាំង នៅវិទ្យាល័យបាក់ទូក ដែលមានទីតាំងបង្គន់ត្រឹមត្រូវ ហើយនៅជាប់ បន្ទប់រៀន តែយើងមិនអាចនៅជិតបង្គន់ទាំង អស់នោះបានទេ ព្រោះធុំក្លិនណាស់ ចង់ចូល បត់ជើង ក៏មិនកើតដែរ គឺបង្គន់ទាំងអស់ពោរ- ពេញដោយចំហាយលាមក គ្រប់ផ្នែកនៃបង្គន់។ រហូតដល់នាយកវិទ្យាល័យ រអ៊ូថា គាត់ខំបង្កើន អគារសិក្សាហេតុអ្វីបានជាសាលាគាត់បានពិន្ទុ មិនខ្ពស់ ?

សិស្សសម័យនោះ សម្រាប់សិស្សប្រុស បត់ជើងតូចតាមរបងសាលា ឯសិស្សស្រីទប់នៅ មិនបាន ត្រូវបង្ខំចិត្តចេញក្រៅសាលា។ ចំណែក បុគ្គលិកសិក្សា មានបង្គន់ពិសេស។ អធិការ បច្ចេកទេស ផ្នែករដ្ឋបាលពីដើម បើសាលារៀន ណាមានបង្គន់គ្រប់គ្រាន់ និងស្អាត សាលានោះ ត្រូវបានពិន្ទុខ្ពស់ ចាត់ថាជាសាលាល្អ។

ចំពោះសិស្សមត្តេយ្យ កូនតូចៗ ពីអាយុ ៣ឆ្នាំ ទៅ៥ឆ្នាំ ម្តាយឪពុកថ្នាក់ថ្នមស្មើកែវភ្នែក យកចិត្តទុកដាក់គ្រប់បែបយ៉ាងទាំងអស់។ ដូច្នេះ អ្នកគ្រូមត្តេយ្យ ជាម្តាយទី២  ឯបន្ទប់រៀន ជា ផ្ទះទី២របស់សិស្ស ដែលទាមទារមានបង្គន់ សម្រាប់កុមារតូចនៅជាប់នឹងបន្ទប់រៀនតែម្តង។ បើសាលាបឋមសិក្សាណាពុំមានបង្គន់ សម្រាប់ កុមារតូចទេ សូមកុំអាលបង្កើតថ្នាក់មត្តេយ្យ ក្នុងសាលាបឋមសិក្សាដោយពុំបានធ្វើបង្គន់តូច សម្រាប់កុមារតូចនៅជាប់នឹងបន្ទប់រៀន ដោយ មានតែបង្គន់សម្រាប់សិស្សធំ” និងនៅឆ្ងាយ បន្ទប់រៀនរាប់រយម៉ែត្រនោះ គឺជាករធ្វើបាបដាក់ ទណ្ឌកម្មលើសិស្សតូចៗ បង្កើតជំងឺឱ្យសិស្សតូចៗ ដែលជាកែវភ្នែករបស់មាតាបិតានោះ ។

តាមការរៀបរាប់ខាងលើ រហូតមកដល់ ពេលនេះ សាលាបានធ្វើបាបសិស្សស្រី និងសិស្ស ថ្នាក់មត្តេយ្យ។ ដូច្នេះសាលាណាមានបង្គន់នៅ ឆ្ងាយពីអគារសិក្សា ត្រូវលុបបង្គន់នោះចោល ហើយសាងសង់បង្គន់ថ្មីឡើងវិញនៅជាប់ ឬជិត អគារសិក្សាឱ្យបានចំនួនច្រើនសមស្របនឹង បរិមាណសិស្ស ដោយបង្គន់សិស្សស្រី មានចំនួន ២ដង លើសបង្គន់សិស្សប្រុស បើបង្គន់សិស្ស ប្រុស មានចំនួន៤ ត្រូវមានបង្គន់សិស្សស្រីចំនួន ៨។ សាលាបឋមសិក្សា មុននឹងបើកឱ្យសិស្ស មត្តេយ្យចូលរៀន ត្រូវសាងសង់បង្គន់តូចសម្រាប់ កុមារតូចឱ្យនៅជាប់ ឬជិតបន្ទប់រៀនជាមុន សិន និងមានកន្លែងកម្សាន្តរបស់ក្មេង ដូចជា ទោង ពីព្រោះកុមារតូច ត្រូវការលេងច្រើន៕

ពីខ្ញុំ ស៊ីវ សេងហាន

បណ្ឌិតវិទ្យាសាស្ត្រអបរំ

RELATED ARTICLES