Monday, October 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆេះផ្ទះចាប់ហួយ ឆេះលុយ២ពាន់ដុល្លារ មាស៥ជី

ឆេះផ្ទះចាប់ហួយ ឆេះលុយ២ពាន់ដុល្លារ មាស៥ជី

ខេត្តកំពង់ស្ពឺ ៖ ផ្ទះលក់អីវ៉ាន់ចាប់ហួយ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង រួមនិងប្រាក់ ២ពាន់ដុល្លារ និងមាស៥ជី ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេឆ្លងខ្សែភ្លើង)។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

ផ្ទះលក់ចាប់ហួយ ដែលរងការឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ជាកម្មសិទ្ធិរបស់ឈ្មោះឆីល សៅលី ភេទស្រី  អាយុ៣១ឆ្នាំ មុខរបរលក់អីវ៉ាន់ និងប្តីឈ្មោះសឿ ប្រុស  អាយុ៣៩ឆ្នាំ មុខរបរលក់អីវ៉ាន់ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កិច្ចប្រតិបត្តិការអន្តរាគមន៍ក្នុងហេតុការណ៍អគ្គិភ័យខាងលើ កម្លាំងអធិ ការដ្ឋាននគរបាលស្រុកឱរ៉ាល់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងជោរ និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិ បានជួយអន្តរាគមន៍ពន្លត់រហូតដល់ភ្លើងបាន រលត់ទាំងស្រុង  ដោយប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៣រថយន្ត និងមិនបង្កឱ្យមានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ ឬរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ចំពោះការខូចខាតដោយសារករណីអគ្គិភ័យខាងលើ រួមមាន ឆេះខូចខាតផ្ទះ អស់១ខ្នងទាំងស្រុង រួមនិងទ្រព្យសម្បត្តិ សម្ភារៈ ដូចជា សៀវភៅស្នាក់នៅ ១ក្បាល សំបុត្រកំណើត ៤សន្លឹក អត្តសញ្ញាណប័ណ្ណ ចំនួន២ លុយដុល្លារ ចំនួន ២០០០ដុល្លារ មាស ទម្ងន់៥ជី ធុងបាស់ចំនួន២ ជញ្ជីង ចំនួន១ ស្រូវ ៥០០គីឡូក្រាម ទូកញ្ចក់ ចំនួន២ គ្រែឈើ ចំនួន២ និងសម្ភារៈលក់ចាប់ហួយ មួយចំនួន។ ដោយឡែក មូលហេតុដែលបណ្តាលឱ្យឆេះផ្ទះ គឺ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES