Monday, October 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្រុមឆបោកស្នេហាអនឡាញ ឃាត់ខ្លួន១៧នាក់

បង្ក្រាបក្រុមឆបោកស្នេហាអនឡាញ ឃាត់ខ្លួន១៧នាក់

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចម្ការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ ១កន្លែង ឈានដល់ឃាត់ខ្លួនជនបរទេសប្រុសស្រី សរុបចំនួន១៧នាក់ សង្ស័យពាក់ព័ន្ធករណីឆបោក ក្រោមរូបភាពបែបវិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចទីតាំងអគារ LH RESIDENCE ស្ថិតនៅអគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យ ជាជនបរទេស សរុបចំនួន១៧នាក់ ក្នុងនោះមាន ជនជាតិវៀតណាម ចំនួន១៤នាក់ (ស្រី៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី ចំនួន៣នាក់។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន កុំព្យូទ័រ (ALL in One) ចំនួន ១០៩គ្រឿង  ម៉ូនីទ័រ ១គ្រឿង និងទូរស័ព្ទ ចំនួន១០៣គ្រឿង។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា អគារនេះ គឺជាទីតាំងឆបោកក្រោមរូបភាពបែប វិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam  និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ។

ជនសង្ស័យទាំង១៧នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES