កាលពីរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថានីយទូរទស្សន៏ប៉ុស្ដិ៍លេខ៥ បានធ្វើពិធីជប់លៀងជួបជុំអ្នកសិល្បករជាច្រើននាក់់ ដែលបានថតបញ្ចប់រឿង ”កូនក្រមុំលោកមេឃុំ” ដោយជោគជ័យ។ កម្មវិធីនេះរៀបចំនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្បែរស្ពានអាកាសក្បាលថ្នល់ ដោយចាប់ផ្ដើមតាំងពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១០យប់។ នៅក្នុងកម្មវិធីនោះមានការរាំច្រៀងពីតារាល្បីៗដែលសម្ដែងក្នុងរឿង ”កូនក្រមុំលោកមេឃុំ” ហើយមានការញាំអាហារប៊ូហ្វេសាមគ្គីយ៉ាងសប្បាយរីករាយផងដែរ។
បើតាមអ្នកដឹកនាំការសម្ដែងរឿង ”កូនក្រមុំលោកមេឃុំ” បានឲ្យដឹងថារឿងនេះមានការសម្រិតសម្រាំងខ្លាំងណាស់ ទាំងប្លង់ថត និងបច្ចេកទេសរួមទាំងតួសម្ដែងផង គឺធានាថាមហាជននឹងប្លែកអារម្មណ៏ជាងរឿងខ្មែរមុនៗជាមិនខានឡើយ ព្រោះប៉ុស្ដិ៍លេខ៥ ផលិតភាពយន្ដដើម្បីគុណភាពមិនមែនយកបរិមាណទេ ហើយគោលដៅរបស់យើង គឺក្នុង១ឆ្នាំ នឹងធ្វើភាពយន្ដឲ្យបាន២៤រឿងឯណោះ ដើម្បីតម្រូវតាមទីផ្សារ។ ដោយឡែករឿង ”កូនក្រមុំលោកមេឃុំ” នេះ មាន៥០ភាគ ហើយយើងបានថតបញ្ចប់ដោយជោគជ័យកាលពីពេលថ្មីៗនេះ ដែលមានការសហការគ្នាបានយ៉ាងល្អពីអ្នកដឹកនាំរវាងខ្មែរនិងថៃ ដើម្បីបានបទពិសោធន៍ល្អៗទៅវិញទៅមក។ រឿងនេះប្លង់ថតភាគច្រើននៅតាមខេត្ត ហើយតួសម្ដែងយើង គឺប្រើទេពកោសល្យទៅតាមធម្មជាតិតែម្ដង ជឿជាក់ថា បងប្អូនទស្សនិកជនទាំងអស់នឹងជក់ចិត្តរឿង ”កូនក្រមុំលោកមេឃុំ” ដែលកំពុងតែដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥នេះជាមិនខានឡើយ។
រឿង ”កូនក្រមុំលោកមេឃុំ” សម្ដែងដោយតួឯកស្រី ឈ្មោះនាងយ៉ែម ស្រីពេជ្រ ប៉ះតួឯកប្រុសលោកយឹម សម្បត្តិ និងតួរងមួយគូទៀត នាងម៉ៅ គឹមធីតា ចាប់ដៃជាមួយលោកសម្បើម សក្តិ រួមទាំងតារាល្បីៗអ្នកកំប្លែងជាច្រើនទៀតដែលបានចូលរួមសម្ដែងរឿងនេះ។
មហាជនរួមទាំងក្រុមសិល្បៈជាច្រើនបានសរសើរមិនដាច់ពីមាត់ថា ប៉ុស្ដិ៍លេខ៥ ពិតជាចង់ឲ្យវិស័យភាពយន្ដខ្មែរមានការរីកលូតលាស់ប្រសើរជាងនេះមែន ព្រោះស្ថានីយនេះបានបញ្ជូនក្រុមអ្នកជំនាញខាងភាពយន្ដល្បីៗជាជនជាតិថៃ មកដឹកនាំផ្ទាល់ជាមួយក្រុមការងារផលិតភាពយន្ដខ្មែរប្រចាំប៉ុស្ដិ៍លេខ៥តែម្ដង ហើយរៀងរាល់ការថតបញ្ចប់រឿងភាគនីមួយៗខាងប៉ុស្ដិ៍តែងតែមានការលើកទឹកចិត្តដល់តារាៗ រួមទាំងក្រុមការងារតាមរយៈការរៀបចំកម្មវិធីជប់លៀងញាំអាហារសាមគ្គីរួមគ្នា ដែលចំណាយថវិកាអស់ជាច្រើនទៀតផង។
ក្រុមតារាៗនិយាយថា ពួកគេពេញចិត្តក្នុងការធ្វើការជាមួយប៉ុស្ដិ៍លេខ៥ ព្រោះក្រោយពីហត់នឿយពេញ១រឿងនោះ បន្ទាប់មកក៏ដល់កម្មវិធីសប្បាយរីករាយម្ដង គឺការជប់លៀងញាំអាហារ និងរាំលេងជាមួយគ្នានេះ ដែលកន្លងមកមិនទាន់មានស្ថានីយណាហ៊ានធ្វើបែបនេះឡើយ៕