Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិទីក្រុងម៉ូស្គូកំពុងជន់លិចដោយទណ្ឌកម្ម ខណៈពូទីន​ចង់​ដើរខ្សែលើ

ទីក្រុងម៉ូស្គូកំពុងជន់លិចដោយទណ្ឌកម្ម ខណៈពូទីន​ចង់​ដើរខ្សែលើ

បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរបស់បណ្តាប្រទេសលោកខាងលិច និងប្រទេសមួយចំនួនទៀត​កាលពីម្សិលមិញអីលូវនេះពួកគេបានបន្តបេសកកម្មមួយជំហានបន្ថែមទៀតគឺការឆ្លើយតបទៅទីក្រុងម៉ូស្គូដោយការដាក់ទណ្ឌកម្មម្តង។

ទណ្ឌកម្ម EU

សហភាពអឺរ៉ុបបានយល់ព្រមដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ជាការសងសឹកចំពោះការសម្រេច​ចិត្តរបស់ទីក្រុងម៉ូស្គូ​ក្នុង​ការទទួលស្គាល់សាធារណរដ្ឋដែលផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន។លោកBorrellតំណាង​ជាន់ខ្ពស់​របស់​សហភាពអឺរ៉ុបទទួលបន្ទុក​កិច្ចការបរទេសបាននិយាយនៅក្នុងទីក្រុងប៉ារីស​ថា​ទណ្ឌកម្មនាពេលខាងមុខ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ី ហើយនឹងធ្វើឱ្យឈឺចាប់យ៉ាងខ្លាំង។លោកបាន​ចោទប្រកាន់ទីក្រុង​មូស្គូថា​បានប្រព្រឹត្ត ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ។

លោកBorrellបាននិយាយថាសហភាពអឺរ៉ុបនឹងកំណត់គោលដៅបុគ្គល​និងអង្គភាពចំនួន27ដែលត្រូវបាន​ចោទ​ប្រកាន់ថាជាប់ពាក់ព័ន្ធក្នុងការធ្វើឱ្យខូចដល់បូរណភាពអ៊ុយក្រែន។ ប្លុកនេះក៏នឹងដាក់ទណ្ឌកម្ម​សមាជិកសភារុ​ស្ស៊ីទាំង 351 រូបដែលបានបោះឆ្នោតគាំទ្រទទួលស្គាល់សាធារណរដ្ឋទាំងពីរ។

ទណ្ឌកម្មអាមេរិក

ប្រធានាធិបតីអាមេរិកលោក ចូបៃឌិន កាលពីថ្ងៃអង្គារ ២២កុម្ភៈបានបង្ហាញការដាក់ទណ្ឌកម្មថ្មីលើឥស្សរជនរុស្ស៊ី និងធនាគារចំនួនពីរ។សហភាពអឺរ៉ុប អាឡឺម៉ង់ និងអង់គ្លេសក៏បានប្រកាសពីវិធីដែលពួកគេនឹង​វាយលុករុស្ស៊ី​ផ្នែ​ក​​ហិរញ្ញវត្ថុផងដែរ។

លោកបៃឌិនបាននិយាយថា ទណ្ឌកម្មកំពុងត្រូវបានអនុវត្តចំពោះធនាគារ VEB និងធនាគារយោធារបស់រុស្ស៊ី Promsvyazbank ដែលធ្វើកិច្ចព្រមព្រៀងការពារជាតិ។ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងចាប់ផ្តើមប្រឆាំងនឹងឥស្សរជនរុស្ស៊ី និងសមាជិកគ្រួសាររបស់ពួកគេ។

អង់គ្លេស

អង់គ្លេសនឹងបញ្ឈប់រុស្ស៊ីលក់បំណុលអធិបតេយ្យជាតិឬបំណុលរដ្ឋាភិបាល នៅទីក្រុងឡុងដ៍ បន្ទាប់ពីប្រធា​នាធិ​ប​តី វ្ល៉ាឌីមៀ ពូទីនបានដាក់ពង្រាយកងកម្លាំង​យោធាចូលទៅក្នុងតំបន់ដាច់ពីរនៃភាគខាងកើតអ៊ុយក្រែន ។នេះបើតាមរដ្ឋមន្ត្រីការបរទេស Liz Truss បាននិយាយកាលពីថ្ងៃពុធ។ប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារបានដាក់ទណ្ឌកម្មលើលោក GennadyTimchenko និងមហាសេដ្ឋីពីរនាក់​ផ្សេង​ទៀត​ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកពូទីន។

ជប៉ុនដាក់ទណ្ឌកម្មសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីលោកហ្វូមីអូ គីស៊ីដា បាននិយាយកាលពីថ្ងៃពុធថាប្រទេសជប៉ុននឹងអនុវត្តការដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំងនឹងប្រទេសរុស្ស៊ី និងតំបន់បំបែកខ្លួនដែលគាំទ្ររុស្ស៊ីចំនួនពីរនៅភាគ​ខាងកើតអ៊ុយក្រែនបន្ទាប់ពី​ទី​ក្រុង​ម៉ូស្គូបានទទួលស្គាល់ជាផ្លូវការនូវតំបន់ទាំងនោះ និងបានបញ្ជាឱ្យដាក់ពង្រាយកងទ័ពនៅទីនោះ។

រដ្ឋាភិបាលនឹងផ្អាកការផ្តល់ទិដ្ឋាការដល់មន្ត្រីមកពីតំបន់ទាំងពីរ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។ លោកគី​ស៊ីដា បាននិយាយថា វានឹងហាមឃាត់ការនាំចេញទៅកាន់ និងនាំចូលពីសាធារណៈរដ្ឋដែល​ប្រកាសដោយខ្លួន​ឯងគឺ Donetsk និង Luhansk ក៏ដូចជាការចេញ និងការជួញដូរមូលបត្របំណុលថ្មីរបស់​រុស្ស៊ីនៅក្នុងប្រទេស​ជប៉ុន។

អាល្លឺម៉ង់ផ្អាក Nord Stream 2

កាលពីថ្ងៃចន្ទប្រទេសអាល្លឺម៉ង់បាននិយាយថា ខ្លួនបានបញ្ឈប់ការបញ្ជាក់ដាក់អោយដំណើរការរបស់​បំពង់​បង្ហូរឧស្ម័នNordStream2បន្ទាប់ពីសកម្មភាពរបស់ទីក្រុងម៉ូស្គូប្រកាស​ទទួលស្គាល់តំបន់ផ្តាច់ខ្លួន២នៅ​ភាគ​ខាងកើតអ៊ុយក្រែន។អធិការបតីលោក Olaf Scholz បាននិយាយនៅក្នុងទីក្រុងប៊ែកឡាំងថា ទាក់ទងទៅ​នឹង​ការវិវឌ្ឍន៍ចុងក្រោយបំផុត របស់រុស្ស៊ី យើងត្រូវវាយតម្លៃស្ថានភាពឡើងវិញទាក់ទងនឹង Nord Stream 2។វាជាជំហានរដ្ឋបាលចាំបាច់ដើម្បីបញ្ឈប់ការបញ្ជាក់អំពីបំពង់បង្ហូរប្រេង។

បំពង់បង្ហូរប្រេងប្រវែង ១២០៧ គីឡូម៉ែត្រត្រូវបានកសាងរួចរាល់កាលពីខែកញ្ញា ប៉ុន្តែមិនទាន់​បានទទួលការ​បញ្ជាក់ចុងក្រោយពីនិយតករអាល្លឺម៉ង់នៅឡើយទេ។ បើគ្មានការបញ្ជាក់នោះ ឧស្ម័នធម្មជាតិមិន​អាចហូរ​តាម​បំពង់បង្ហូរប្រេងសមុទ្របាល់ទិកពីរុស្ស៊ីទៅអាល្លឺម៉ង់ទេ។

សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ុយក្រែន និងបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួនបានប្រឆាំង​នឹងបំពង់​បង្ហូរប្រេងនេះ ចាប់តាំងពីវាត្រូវបានប្រកាសនៅក្នុងឆ្នាំ 2015 ដោយបានព្រមានថាគម្រោងនេះនឹងបង្កើនឥទ្ធិព​លរបស់ទីក្រុងម៉ូស្គូនៅក្នុងទ្វីបអឺរ៉ុប។

Nord Stream 2 អាចបញ្ចេញឧស្ម័នបាន ៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ។ នោះច្រើនជាង 50% នៃការប្រើ​ប្រាស់ប្រចាំឆ្នាំរបស់ប្រទេសអាឡឺម៉ង់ ហើយអាចមានតម្លៃដល់ទៅ 15 ពាន់លានដុល្លារដល់ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនរបស់រដ្ឋរុស្ស៊ីដែលគ្រប់គ្រងបំពង់បង្ហូរប្រេង។

អូស្រា្តលី

អូស្ត្រាលីបានប្រកាសដាក់ទណ្ឌកម្មលើទីប្រឹក្សាសន្តិសុខកំពូលរបស់លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ចំនួន ៨ នាក់នៅថ្ងៃនេះបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីលោកស្កុត ម៉រីស៊ុន  បានប្រកាសពីការដាក់ទណ្ឌកម្មសមាជិកចំនួន​ប្រាំបីនៃក្រុមប្រឹក្សា​សន្តិសុខ​របស់រុស្ស៊ី រួមទាំងការហាមឃាត់ការធ្វើដំណើរ ហើយអូស្ត្រាលីនឹងផ្លាស់ប្តូរគោលដៅទៅកាន់ធនាគារ​រុស្ស៊ី​ដែល​ភ្ជាប់ទំនាក់ទំនងជាមួយយោធា។

លោកបានបន្តទៀតថា ប្រជាជនអូស្ត្រាលីតែងតែក្រោកឈរឡើងចំពោះ​ការគំរាមកំហែងហើយយើងនឹងក្រោក​ឈរឡើងប្រឆាំងចំពោះប្រទេសរុស្ស៊ី។ជាមួយគ្នានេះដែរលោកនឹងពន្លឿនការដាក់ពាក្យ​សុំទិដ្ឋាការសម្រាប់ជន​ជាតិអ៊ុយក្រែនប្រមាណ ៤៣០ នាក់ ដែលចង់ចូលប្រទេសអូស្ត្រាលី។

ចិនថាទណ្ឌកម្មមិនមែនជាដំណោះស្រាយ

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនមិនដែលគិតថាការដាក់ទណ្ឌកម្មគឺជា​មធ្យោ​បាយ​ដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហានោះទេ នៅពេលដែលត្រូវបានសួរថាតើប្រទេសអាស៊ីនឹង​ចូលរួម​ជា​មួយប្រទេសលោកខាងលិចក្នុងការដាក់ទណ្ឌកម្មរុស្ស៊ីលើអ៊ុយក្រែនដែរឬទេ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Hua Chunying បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា ប្រទេស​ចិន​សង្ឃឹម​ថាភាគីពាក់ព័ន្ធអាចព្យាយាមដោះស្រាយបញ្ហារបស់ពួកគេតាមរយៈការសន្ទនា ហើយរក្សាភាព​ស្ងប់​ស្ងាត់ និងអនុវត្តការអត់ធ្មត់។ប្រទេសចិនគឺជាមិត្តចាក់ទឹកមិនលេចចជាមួយគ្នាតាំងពីយូរលង់មកហើយ។

វ្ល៉ាឌីមៀ ពូទីន ចង់ចរចាការទូត

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃពុធថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចដើម្បី​ស្វែង​រកដំណោះស្រាយការទូតចំពេលមានភាពតានតឹងដ៏ខ្លាំងក្លាជាមួយលោកខាងលិចជុំវិញប៉ុន្តែបានសង្កត់ធ្ងន់ថាផលប្រយោជន៍របស់ប្រទេសនេះមិនអាចយកទៅចរចារបានទេ។

លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយ ដើម្បីប្រារព្ធទិវាអ្នកការពារមាតុភូមិដែលជា​ថ្ងៃឈប់​សម្រា​កនៅក្នុងប្រទេសរុស្ស៊ីថាប្រទេសរបស់យើងតែងតែបើកចំហសម្រាប់ការសន្ទនាដោយផ្ទាល់ និងស្មោះត្រង់ សម្រាប់​ការស្វែងរកដំណោះស្រាយការទូតចំពោះបញ្ហាស្មុគស្មាញបំផុតប៉ុន្តែលោកបានបន្ថែមថា៖ «ផលប្រ​យោជន៍​របស់រុស្ស៊ី សន្តិសុខរបស់ពលរដ្ឋយើងគឺមិនអាចចរចាបាន ទេ»។

តើប្រធានធិបតីអ៊ុយក្រែនបានកំពុងធ្វើអ្វី?

កាលពីថ្ងៃអង្គារប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskyy បានចុះហត្ថលេខាលើក្រឹត្យមួយ​ដោយ​កោះហៅទាហានបំរុងឱ្យបំពេញកាតព្វកិច្ចនៅក្នុងរយៈពេលពិសេស ។លោក បាននិយាយនៅក្នុងសារ​ជាវីដេ​អូថាមិនចាំបាច់មានការចល័តទេនៅពេលនេះ។

ដោយកត់សម្គាល់ថា វាជាការចាំបាច់ក្នុងការពង្រឹងកងទ័ព ហើយនេះជាមូលហេតុដែលលោកបានចុះហត្ថ​លេខា​លើក្រឹត្យស្ដីពីការហៅអ្នកបម្រុងឲ្យបំពេញកាតព្វកិច្ច។ច្បាប់ដែលបានអនុម័តកាលពីខែវិច្ឆិកាឆ្នាំមុនអនុញ្ញាត​ឱ្យហៅអ្នកបម្រុងចូលទៅក្នុងកងទ័ពដោយមិនប្រកាសពីការចល័តក្នុងអំឡុងពេល អំឡុងពេលពិសេស។

អ៊ុយក្រែន ប្រាប់ពលរដ្ឋចាកចេញពីរុស្សី

ក្រសួងការបរទេសអ៊ុយក្រែន បានណែនាំដល់ពលរដ្ឋអ៊ុយក្រែន ឲ្យបដិសេធមិនទៅលេងនៅសហព័ន្ធរុស្សី ដោយហេតុផលណាមួយហើយបន្ថែមថាលោកអ្នកគូតែចាកចេញពីទឹកដីរុស្សីជាបន្ទាន់។សេចក្ដីថ្លែងការណ៍បាននិយាយថាអ្នកដែលមិនអនុវត្តន៍តាមការណែនាំ ប្រថុយនិងហានិភ័យពិបាកខ្លាំងក្នុង​ការការពារដោយទីក្រុងគ្រៀវ។ទោះជាយ៉ាងណាគេមិនបានប្រាប់ពីមូលហេតុច្បាស់លាស់នោះទេ៕

RELATED ARTICLES