Wednesday, October 23, 2024
Homeតារាខ្មែរផូ មុនីពៅ ៖មកជួបម្ដាយ២អាទិត្យ ក្រោយខកខាន​​៣ឆ្នាំ ដោយសារកូវីដ

ផូ មុនីពៅ ៖មកជួបម្ដាយ២អាទិត្យ ក្រោយខកខាន​​៣ឆ្នាំ ដោយសារកូវីដ

ភ្នំពេញ៖អតីតពិធីការិនីCtn អ្នកនាងផូ មុនីពៅ បានមកលេងម្ដាយនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី​១២ខែមីនា ដែល​ការ​មក​លើកនេះមានរយៈពេល២សប្ដាហ៍ទើបនាង​ត្រូវត្រឡប់ទៅប្រទេស​អូស្រា្ដ​​លី​​វិញ បន្ទាប់ពីអាកខានមក​ស្រុក​រយៈពេលជាង៣ឆ្នាំមក​ហើយពោលគឺតាំងពីផ្ទុះ​កូវីដ​ម្លេះ។ប៉ុន្ដែតំណើររបស់អ្នកនាងមុនីពៅ ជើងនេះមិន​មានការរួមពីស្វាមីនាងលោកEric Boissoneau និងកូនបុ្រសនាងឈ្មោះAlexis Boissoneau ដែលមានឈ្មោះ​ខ្មែរហៅថាវរម័ន្ដ បុរ័ស សូណូ អាយុ៤ឆ្នាំមកជាមួយឡើយ។

  ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី១៦ខែមីនា អ្នកនាងផូ មុនីពៅ បានឲ្យដឹងថាការមក​ស្រុក​កំណើតលើក​នេះដើម្បីជួប​ម្ដាយដែលពេលនេះគាត់មានអាយុច្រើននិង​មានសុខភាពមិនសូវ​ល្អផង​ព្រោះខាន​មកយូ​ហើយដោយសារ​តែ​កូ​វីដ ផ្ទុះពេកនេះហើយតាមគម្រោងនាងត្រូវ​មក​តាំងពីខែមករាឆ្នាំ២០២២ ម្លេះតែបានលើកពេលរងចាំកូវីដថមថយ បន្ដិច ហេតុនេះហើយមាន​ការនឹក​រលឹកក្រុមគ្រួសារ​ខ្លាំង​ណាស់។អ្នកនាងមុនីពៅ បានឲ្យដឹងទៀតថាចំពោះ​មូល​ហេតុ​ដែល​ស្វាមី​និងកូនប្រុសមិនបាន​មកជា​មួយដោយសារតែនាងមិនចង់ឲ្យកូនមកព្រោះកូននៅ​ក្មេងពិបាក​ក្នុង​ការធ្វើតេស្ដកូវីដ​(រុកច្រមុះ)អី​ចឹងហើយឲ្យកូននៅអូស្រា្ដលីហើយ​ស្វាមីនាង​ជា​អ្នកមើលថែរ។អ្នកនាងមុនីពៅ បន្ថែ​ម​ទៀតថាទោះជាពេលនេះនាងបានទៅរស់​នៅស្រុក​គេ​ជាង១០ឆ្នាំក្ដី តែការនឹករលឹកដល់ស្រុក​ខ្មែរគឺគ្រប់​ពេល​វេលា​ទាំងអស់ ហើយនាងនៅតែ​មាន​ទំនាក់ទំនងជាមួយមិត្តភក្ដិអ្នកសិល្បៈ​ដែលជិតដិត​តាម​បណ្ដាញ​សង្គម​ជា​ប្រចាំ គ្រាន់តែ​មិន​បាន​ទៅជួបជុំគ្នាព្រោះតែខ្លាចរឿងកូវីដ​នេះ។អតីត​ពិធី​ការិនី​រូបនេះបានឲ្យដែរថាក្រោយរៀប​ការ​រួចស្វាមី​​នាងដែលជាមន្រ្ដីបម្រើការនៅ​ស្ថានទូតបារាំងបានចេញធ្វើការទៅ​ប្រទេស​ចិន,​បារាំង  និងបច្ចុ​ប្បន្ន​លោកធ្វើការនៅអូស្រា្ដលីរយៈ​ពេល៣ឆ្នាំ​កន្លះ​ហើយដែលនៅសល់កន្លះឆ្នាំ​ទៀត​ទើបចប់អាណត្តិ​តែមិនទាន់ដឹង​ថាទៅបម្រើការនៅ​ប្រទេសណាជាបន្ដនោះទេ ខណៈ​ដែល​ចិត្ត​នាងវិញចង់ឲ្យប្ដីមកធ្វើការនៅជិតៗខ្មែរដូចជាថៃ ,វៀតណាម ឬឡាវ ជាដើមងាយ​ស្រួលនាងអាចចេញចូលមកជួបម្ដាយ តែស្វាមីនាងមិនអាចមក​ធ្វើការ​នៅខ្មែរ​ម្ដងទៀតទេ ព្រោះលោកធ្លាប់ធ្វើការនៅទីនេះរយៈពេល​៤ឆ្នាំ​តាំងពីមុនរៀបការជាមួយនាងម្លេះ ហើយខាង​ស្ថាន​ទូតគេមិនតម្រូវឲ្យអ្នកធ្លាប់ធ្វើការ​នៅ​ទីណាម្ដងហើយទៅប្រទេសនោះម្ដងទៀតនោះទេ។

  ឆ្លើយតបសំណួរថាតើអ្នកនាងផូ មុនីពៅ គិតថាថ្ងៃអនាគតចង់ទៅរស់នៅទីក្រុង Bordeaux​ ប្រទេស​បា​រាំង​ជា​មួយក្រុម​គ្រួសារស្វាមីជារៀង រហូតឬចង់មកខ្មែរវិញនោះ អ្នក នាងពៅ អះអាងថា​នៅ​ពេល​ស្វាមី​នាងចូល​និ​វត្តន៍(retire)នោះ​នាងគិតថាចង់នៅខ្មែរនៅ រដូវដែល​ប្រទេសបារាំងកំពុង​ត្រជាក់(winter)រយៈពេល៦ខែ និង​ចង់ទៅបារាំង៦ខែ ពេល នៅខ្មែរជារដូវក្ដៅ(summer) តែនេះ​គ្រាន់តែជាគម្រោងជីវិត សម្រាប់ផែនការណ៍ រយៈ​ពេល ច្រើនឆ្នាំទៀតនាពេលខាងមុខប៉ុណ្ណោះ។អ្នកនាងក៍បានបង្ហើបថាពេលមករស់នៅខ្មែរនាង​ក៍សម្លឹង​ឃើញ​មុខរបរផ្ទាល់ខ្លួនផងដែរ តែ​មិន​មែនទាក់ទងខាងCosmetics គឺអាចរកស៊ីផ្សេង ព្រោះថាបច្ចបុប្បន្ននាងក៍មានភាគ​ហ៊ុនខ្លះ​ជាមួយ​បងប្រុស ទាក់ទង ការរកស៊ីផ្នែក ហ្គារ៉ាស ឡានផងដែរ។

  គូរបញ្ជាក់ថាផូ មុនីពៅ បានរៀបការជាមួយបុរសរូបសង្ហារជាជាតិបារាំងលោកEric Boissoneau កាលពីថ្ងៃ​ទី១៩កុម្ភៈឆ្នាំ២០១១ ហើយពេលនេះពួកគេទទួលបានចំណងដៃ​កូនប្រុសម្នាក់ និងរស់នៅទីក្រុងម៉ែលប៊ន ប្រ​ទេសអូស្រា្ដលី។អ្នកនាងមុនីពៅ និយាយថាការ​មាន​កូន១​មិន​ទាន់គ្រប់គ្រាន់ទេ សម្រាប់សុ​ភមង្គល​ក្នុងគ្រួ​សារ​នាង ហេតុនេះហើយនាងចង់​បាន​កូន​១​ថែមទៀតជាកូនប្រុសក៍បានស្រីក៍បាន តែមិនទាន់មានដំណឹង​ល្អនោះ​ទេ។អតីត​តារា​សម្ដែងនិងMC ធ្មេញចំពើសរូបនេះនិយាយបែបអឹមអៀនបន្ដិចថាមុន​រៀបការប្ដីនាងមិន​ដែល​ធ្លាប់គិត​ថា​ចង់បានស្វាមីជាជនជាតិបារាំងនោះទេ គឺជៀសតែម្ដងព្រោះនាង​ដឹងថា​ការ​រៀន​ភាសាបារាំង​គឺពិ​បាកណាស់ហើយរៀន១០ឆ្នាំមិនទាន់ស្ទាត់ផង ព្រោះនាងមានឪពុកជា​គ្រូ​​បង្រៀន​​ភាសារបារាំងនៅក្រសួងអប់រំ។

នាងធ្លាប់មានគម្រោងចង់រស់​នៅស្រុកខ្មែរហើយ​បង្កើត​​មុខ​របរអ្វី១ តែដូចពាក្យគេថាជៀសណាស់​គង់តែជំពប់​មិនខុស​មែន។អ្នកនាងថាក្រោយដក​ខ្លួន​ពីសិល្បៈហើយ​មានស្វាមីនិងកូន១មកជីវិតនាង​មានក្ដីសុខ​បំផុត​គឺបាន​ប្ដីជាសុភាព​បុរស​(gentlemen)ពិតៗដែលស្រលាញ់នាង​និងក្រុមគ្រួសារដោយ​ស្មោះ​ត្រង់ ពិសេស​ក្រុមគ្រួ​សារ​ខាងស្វាមីនាងជាអ្នកស្រលាញ់ស្រុកខ្មែរ និងអង្គរវត្តគឺឲ្យតែមក​លេងខ្មែរ​​ដឹងតែ​ទៅអង្គរវត្តហើយ។អ្នកនាង​មុនី​ពៅ ថានាងនឹងវិលត្រឡប់ទៅអូស្រា្ដលីវិញ​នៅសប្ដាហ៍​ក្រោយ(២៦មីនា)ហើយនាងបញ្ចេញទស្សនៈ​ថាបន្ទាប់​ពី​ឃ្លាតពីសិល្បៈជាង​១ទសវត្សន៍មកនេះអ្នកនាងមើលឃើញតារាជំនាន់ក្រោយមានការរីកចម្រើនច្រើន ពិសេសគឺ​មានការប្រលង​បង្ហា​ញ​​សម្ថភាពពិតៗ ខុសពីមុនដែលអ្នកខ្លះចូលតាមគ្នាឬមានខ្សែរ ហើយ​អារម្មណ៍​ពិត​របស់​នាង​​នៅតែស្រលាញ់និងចង់ឃើញ​សិល្បៈខ្មែរមានការរីក​ចម្រើនថែម​ទៀត៕

RELATED ARTICLES