ភ្នំពេញ៖តារាកំប្លែងវ៉ាន់ នីឡា បានលាភាពនៅលីវតាមរយៈការដឹកដៃគូស្នេហ៍លោកស៊ុត សក្ការៈ រៀបការតាមប្រពៃណីខ្មែរនិងធ្វើពិធីជប់លៀងធំនៅសណ្ឋាគារសុខា ភ្នំពេញដែលមានតារាសិល្បៈរួមអាជីព និងអ្នកកំប្លែងជាច្រើនបានចូលរួម។ជាមួយរូបរាងតូចច្រឡឹងគូរឲ្យក្នក់ក្នាញ់នីឡា គ្រងឈុតប្រពៃណីពិតជាគូរឲ្យទាក់ទាញហើយនាងបញ្ចេញស្នាមញញឹមយ៉ាងជឿរជាក់ថា ព្រោះបំណងដែលនាងប៉ងបានសម្រេចដូចក្ដីប្រាថ្នា។តារាកំប្លែងCtn នាងរ៉ាន់ នីឡា បានឲ្យដឹងថាពិតជារំភើបខ្លាំងណាស់ព្រោះថាភ្ញៀវមកចូលរួមច្រើន ខ្លះហៅតែ១ទេ តែមក៣នាក់ឯណ្ណោះ។នាងថាបានស្រលាញ់គ្នាជាមួយលោកសក្ការៈ ៥ឆ្នាំមកហើយដែលឃើញថាទំនាក់ទំនងរវាងនាងនិងប្ដីមានភាពចុះសម្រុងគ្នាល្អទើបឈានមករៀបអាពាហ៍ ពិពាហ៍ នេះ។ប៉ុន្ដែនាងថាដោយសារតែកូវីដ ទើបនាងត្រូវលើកពេលរៀបការអស់ចំនួន៥លើកមកហើយ ទើបតែពេលនេះអ្វីៗបានតំណើរការទៅតាមការកំណត់។
ឆ្លើយតបចំណួរថាតើវ៉ាន់ នីឡា គ្រោងយកកូននៅពេលណានោះស្រីស្រស់តូចតន់រូបនេះថានាងនឹងគិតគូរឿងយកកូនក្នុងពេលឆាប់ៗខាងមុខនេះហើយ ព្រោះគិតថាយកកូនទាន់នៅក្មេងល្អ កុំឲ្យចាស់ទៅទើបចង់យកកូនហួសពេល នាំឲ្យស្ដាយក្រោយ។តែនាងថាក្រោយរៀបការហើយនាងនៅតែបន្ដរស់នៅជាមួយឪពុកម្ដាយសិន ព្រោះថាបងប្រុសនាងទៅរស់នៅជាមួយប្រពន្ធទៅហើយ អីចឹងនាងមិនទាន់ចង់បែកពីគ្រួសារភ្លាមៗ បើទោះជាគម្រោងទិញផ្ទះ និងត្រៀមបង្កើតមុខរបរក្រៅសិល្បៈបានគិតគូអស់ហើយក្ដី។កូនស្រីលោកតាវ៉ិចទ័រ រូបនេះបានឲ្យដឹងដែរថាស្វាមីរបស់នាងយល់ពីអាជីពសិល្បៈរបស់នាងច្បាស់ ហេតុនេះហើយនាងនៅតែបន្ដលេងកំប្លែងជាធម្មតាដូចមុនដដែល ខណៈដែលគម្រោងដើរកម្សាន្ដ(honey moon)នៅទីណានោះមិនទាន់គិតដល់ឡើយ ព្រោះថាការរួចសម្រាកតែ២ថ្ងៃនឹងចេញថតកំប្លែងវិញហើយ។
សូមបញ្ជាក់ថារ៉ាន់ នីឡា ធ្លាប់ភ្ជាប់ពាក្យជាមួយលោកផន រង្សី ដែលជាកូនថៅកែវង្សល្ខោនភី សុគន្ធី តែបានចែកផ្លូវគ្នាវិញនៅឆ្នាំ២០១៨ ខណៈដែលលោករង្សី បានងាកទៅរៀបការប្រពន្ធថ្មីខេត្តតាកែវ ទើបនីឡា ភ្ជាប់ពាក្យជាមួយលោកសក្ការៈ និងសម្រេចរៀបការនៅពេលនេះ។អ្វីដែលគូរឲ្យកត់សម្គាល់នីឡា បន្ទាប់ពីក្លាយទៅជាភរិយាលោកសក្ការៈ នោះនាងក៍ត្រូវហៅអតីតតារាសម្ដែងលោកព្រីង សំរួច(ព្រីង ច័ន្ទបុត្រ)ហៅនាយចេក ថាជាប៉ាក្មេកៗដែរព្រោះលោកច័ន្ទបុត្រ ជាប្ដីថ្មីរបស់អ្នកស្រីសរ មុន្នីរស្មី ដែលជាម្ដាយក្មេករបស់នីឡា៕