ភ្នំពេញ៖អ្នកជំនាញសិល្បៈបានលើកឡើងថាចំពោះមូលហេតុដែលមាស សុខសោភា មើលរំលងហង្សមាស និងGalaxy នោះដោយសារតែមានរឿងធំ១ហើយសំខាន់បំផុតក្នុងអាជីពរបស់នាងដែលសោភា ត្រូវប្រយ័ត្នទើបធ្វើឲ្យនាងបានសម្រេចចិត្តទៅផ្ញើរខ្លួននៅរាម ទាំងដឹងថាបទចម្រៀងរបស់នាងនៅផលិតកម្មថ្មីនេះពិបាកផ្ទុះ។រឿងដែលសោភា ត្រូវបានអ្នកធ្វើការក្នុងវិស័យសិល្បៈលើកឡើងថានាងមិនអាចទទួលយកបាននោះគឺបើទៅហង្សមាសខ្លាចតែគេឲ្យនាងធ្វើជាតួរង ខណៈសុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែជាតួឯក។ដោយឡែកការដែលសោភា មិនចាប់អារម្មណ៍Galaxy នោះព្រោះតែនាងដឹងថានៅទ្រនុំចាយលុយធំនោះបានចាត់ទុកនាងតន់ ច័ន្ទសីម៉ា គឺជាតួឯកទៅហើយ ហេតុនេះបើទៅធ្វើជាអ្នកលេខរៀងបន្ទាប់ពីតារាចម្រៀងជើងថ្មីនេះប្រាកដជាធ្វើឲ្យសោភា មិនអាចយល់ព្រមឡើយ។
ថ្វីត្បិតតែមានការលើកឡើងពីអ្នកធ្វើការពាក់ព័ន្ធសិល្បៈថាពេលខ្លះគេបានរៀបចំថាអ្នកណាជាតួឯក និងម្នាក់ណាជាតួរងក្ដី ប៉ុន្ដែលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថាមិនមែនដូចការសន្និដ្ឋានបែបនេះឡើយព្រោះលោកយល់ថាបើមាស សុខសោភា ទៅហង្សមាសនឹងធ្វើឲ្យផលិតកម្មធំនេះលំអរទៅដោយសួនបុប្ផាចម្រុះព័ណ ពោលគឺតារាចម្រៀងមានគ្រប់ទម្រង់ គ្រប់សម្លេងទាំងអស់។ប៉ុន្ដែលោកសុធីវណ្ណ ធ្លាប់អះអាងថាតាមទស្សនៈរបស់លោកមើលឃើញថាសុខសោភា មានសម្ថភាពខ្ពស់ឬលើសុគន្ធកញ្ញា បន្ដិច។ដោយឡែកលោកនូ ស៊ឹប វិញធ្លាប់ប្រាប់ថាសម្ថភាពដូចមាស សុខសោភា ទោះជាទៅដល់ផលិតកម្មណាក៍ល្បី ហើយលោកជឿរថាគ្រប់ផលិតកម្មទាំងអស់សុទ្ធតែចង់បានសោភា ។ចំណែកអ្នកជំនាញធ្វើភ្លេង(Composer)នៅហង្សមាសម្នាក់បាននិយាយដោយមិនឲ្យដាក់ឈ្មោះថាបើសុខសោភា មកហង្សមាសនឹងច្រៀងជាដៃគូជាមួយលោកឆន សុវណ្ណារាជ និងឧកញ៉ាខែម ប៊ុនថៃ ជាដើមប្រាកដជាល្បីល្បាញថែមទៀតជាមិនខាន។ប៉ុន្ដែបើសោភា ទៅGalaxy មុនចូលរាម នោះនាងនឹងក្លាយទៅជាតារាស្រីឈមុខគេបាត់ទៅហើយគ្មានតារាណាអាចប្រជែងឈ្នះនោះទេបើនាងចាប់ដៃគូជាមួយលោកព្រាប សុវត្ថិ នោះ។យ៉ាងណាគ្រូភ្លេងរូបនោះថាសោភា ទៅរាម ដើម្បីផ្ដោតលើការរកស៊ីជាងច្រៀងហើយអ្នកណាក៍មើលដឹងដែរ។លោកថាតាមទស្សនៈរបស់លោកផលិតកម្មនីមួយៗមិនអាចលើកតារាឲ្យល្បីទាំងអស់បានទេគឺលើកបានតែមួយៗដូចជាបារមីមានវណ្ណ ដា ,ហង្សមាសមានខេមរៈ សិរីមន្ដ,Galaxy មានតន់ ច័ន្ទសីម៉ា និងសាន់ដេមានសុខ ពិសី ជាដើម…។
សូមបញ្ជាក់ថាមាស សុខសោភា ទោះជាពេលនេះមិនទាន់មានបទចម្រៀងផ្ទុះខ្លាំងដូចមុនក្ដី តែនាងបានក្លាយទៅជាអ្នកជំនួញម្នាក់ដែលមានហាងផ្ទាល់ខ្លួនដល់ទៅ២ និងចុងក្រោយនេះនាងបានឈានទៅរកស៊ីផ្នែកអចលនទ្រព្យផងដែរ។សុខសោភា ដែលមករួមរស់ជាមួយរាម ជាង១ឆ្នាំនេះនាងបានក្លាយទៅជាដៃគូជាមួយលោកដួង វីរៈសិទ្ធ តែរាល់បទចម្រៀងរបស់រាម ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាមិនមែនប្រជែងជាមួយហង្សមាស និងGalaxy នោះទេ ព្រោះផលិតកម្មនេះធ្វើជាលក្ខណៈព័ណសំបុររបស់ខ្លួន។ដោយឡែកតាមបណ្ដារConcerts ធំៗមួយចំនួនគេឃើញសោភា នៅតែយកបទល្បីៗរបស់នាងពីមុនច្រៀងឡើងវិញពិសេសគឺបទ”Friday Night “ របស់ថោន ដែលនេះបញ្ជាក់ថាសោភា ច្រៀងនៅផលិតកម្មថ្មីមិនទាន់មានបទមួយណាខ្លាំងជាងបទល្បីៗរបស់នាងពីមុនឡើយ។ចំណែកស្វាមីរបស់សោភា គឺលោកអ៊ឹត រ៉ាដា ដែលជាអ្នកគ្រប់គ្រងផលិតកម្មCamtrax វិញផ្អាកចេញបទថ្មីៗរបស់សោភា នៅផលិតកម្មផ្ទាល់ខ្លួននេះជាច្រើនខែមកហើយដែលធ្វើឲ្យសោភា ត្រូវពឹងចម្រៀងតែ១ច្រកនៅរាម ហេតុនេះហើយទើបធ្វើឲ្យនាងមិនទាន់មានបទណាដែលធ្វើឲ្យទីផ្សារកក្រើកខ្លាំងដូចមុន។យ៉ាងណារាម ជាផលិតកម្មថ្មីដែលថៅកែជាអ្នកមានទ្រព្យនិងចំណាយទៅលើការទិញកាមេរ៉ាថ្លៃៗណាស់ ហេតុនេះហើយថៅកែនឹងមិនបណ្ដោយឲ្យតារាចម្រៀងសំនៀងផ្អែមរូបនេះធ្លាក់ចុះឡើយ ខណៈដែលសោភា ផ្ទាល់មុននេះបានតាំងចិត្តថានឹងបញ្ចេញស្នៀតដែលពីមុនមិនដែលបង្ហាញឲ្យអ្នកណាបានឃើញសោះនោះនៅឆ្នាំ២០២២ នេះទាំងអស់ដើម្បីវាយលុកទីផ្សារចម្រៀង ដែលការតាំងចិត្តបែបនេះបញ្ជាក់ថាសោភា លែងបន្ធូដៃទៀតហើយ៕