ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកខេមរៈ សិរីមន្ដ ដែលបានឡើងងារជាឧកញ៉ាកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ នោះធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈមានការចាប់អារម្មណ៍ ខណៈដែលខ្លះទៀតមានចម្ងល់ថាតើលោកឧកញ៉ាខែម ប៊ុនថៃ នឹងបញ្ចប់អាជីពចម្រៀងបន្ទាប់ពីទទួលបានគោរម្យងារនេះឬយ៉ាងណា?ការលើកឡើងបែបនេះដោយសារតែលោកប៊ុនថៃ ចាប់ផ្ដើមរយាលៗពីការច្រៀងរាំតាមបណ្ដារឆាកតន្រ្ដីក្រោយក្លាយទៅជាឧកញ៉ានេះ ស្របពេលដែលអតីតប្រធានសមាគមន៍សិល្បករខ្មែរលោកសុះ ម៉ាច ក៍មានចម្ងល់ដែរថាតើលោកខេមរៈ សិរីមន្ដ នៅច្រៀងទៀតឬអត់ពេលឡើងឧកញ៉ា?ចំណែកអតីតអ្នកដឹកនាំប្រគុំតន្រ្ដីដែលពេលនេះឡើងជារដ្ឋលេខាធិការក្រសួងព័តមានឯកឧត្តមសាម៉ន បណ្ឌិត្យ វិញថាលោកសិរីមន្ដ នឹងធ្វើឲ្យអ្នករៀបមង្គលការកូនល្មមៗលែងហ៊ានជួលទៅច្រៀងក្រោយពីលោកប៊ុនថៃ បញ្ចេញវីដេអូច្រៀង៦បទបាន១ម៉ឺនដុល្លារនោះជាមិនខាន ហើយលោកមានការព្រួយបារម្ភថាខ្លាចតែពិធីករប្រកាសឈ្មោះខុសគោរម្យងារពេលលោកឧកញ៉ាឡើងឆាកនោះរឹតតែពិបាកថែមទៀត។
យ៉ាងណាថ្មីៗនេះនៅលើបណ្ដាញសង្គមមានការចែកចាយ(Share)លោកឧកញ៉ាខែម ប៊ុនថៃ ទៅច្រៀងរាំក្នុងកម្មវិធីមង្គលការមួយដែលធ្វើឲ្យភ្ញៀវផ្អើលពេញរោងការតែម្ដងព្រោះស្មានតែសិរីមន្ដ លែងច្រៀងក្រោយក្លាយទៅជាឧកញ៉ានេះហើយ តែដឹងអីលោកប៊ុនថៃ នៅតែបន្ដចាប់កាន់ក្បាលមីក្រូនៅឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍គេឃើញលោកប៊ុនថៃ ហាក់មានកងអង្គរក្សច្រើនជាងមុនគឺមិនចាញ់ឧកញ៉ាល្បីៗមួយចំនួនទៀតនោះទេ។
គូររំលឹកថាខេមរៈ សិរីមន្ដ បានតស៊ូចាប់អាជីពចម្រៀងកាលពីឆ្នាំ២០០៤ នៅក្លឹបកម្សាន្ដU2ដែលពេលនោះច្រៀង១ខែបានតែ៩០ដុល្លារ(១ថ្ងៃ៣ដុល្លារ)តែបច្ចុប្បន្នបានវិវត្តន៍ខ្លួនទៅជាឧកញ៉ា ហើយអតីតតារាសាន់ដេរូបនេះថាច្រៀង៦បទបាន១ម៉ឺនដុល្លារឯណ្ណោះ ដែលធ្វើឲ្យតារាមិនតិចទេមានការភ្ញាក់ផ្អើល រហូតខ្លះចង់បានងារឧកញ៉ាដើម្បីឡើងថ្លៃខ្លួនដូចលោកប៊ុនថៃ ទៀតផង។ប៉ុន្ដែមជ្ឈដ្ឋានមហាជនរងចាំមើលថាតើក្រោយខេមរៈ សិរីមន្ដ ក្លាយជាឧកញ៉ា ហើយបង្ហាញសកម្មភាពថានៅបន្ដអាជីពចម្រៀងនេះអតីតតារាU2 និងសាន់ដេដែលធ្លាប់លេចឭថាGalaxy នឹងស្ទួចយកទៅនាពេលខាងមុខនេះនឹងកាន់តែល្បីល្បាញក្នុងអាជីពចម្រៀងថែមទៀត ឬថយចុះ?