កាណាដា៖អតីតតារាចម្រៀងRock អ្នកនាងម៉ុក អានីត និងគូស្នេហ៍លោកខេវិន (Kevin Rock)កំពុងរស់នៅប្រទេសកាណាដានោះបានប្រាប់តាមសារអេឡិចត្រូនិចថាអ្នកទាំងពីរមានការនឹករលឹកដល់ស្រុកខ្មែរជាខ្លាំងព្រោះខកខានមកអស់រយៈពេល៥ឆ្នាំមកហើយ ដោយសារតែមមាញឹកការច្រៀងសម្ដែងនៅទីនោះនិងបញ្ហារកូវីដ។លោកខេវិន ក៍បានបានឲ្យដឹងថាព្រោះតែកូវីដ នេះលោកបានលុបចោលការច្រៀងសម្ដែងជាច្រើនកន្លែងនៅកាណាដា ប៉ុន្ដែសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះទាំងលោកនិងអានីត រួមទាំងតារាចម្រៀងមួយចំនួនទៀតរបស់ក្រុមតន្រ្ដីLucky Bands បានត្រៀមខ្លួនច្រៀងសម្ដែងរួមគ្នាហើយមានShow ធំនៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២២ ផងដែរ។លោកខេវិន បានឲ្យដឹងទៀតថាមិនត្រឹមតែត្រៀមច្រៀងសម្ដែងនូវបទប្រពៃណីខ្មែរជាច្រើនបទនោះទេ ប៉ុន្ដែរូបលោកនិងអានីត ក៍កំពុងសហការណ៍គ្នាជាមួយក្រុមភ្លេងLucky Bands & Svarock និងសិល្បករល្បីៗនៅកាណាដា និងសហការណ៍ជាមួយក្រុមភ្លេងខ្មែរដែលមានលោកToso Saki ដើម្បីផលិតបទOriginal Songs នឹងCover បទចាស់ៗដែលជាការស្រលាញ់ដើម្បីចូលរួមលើកស្ទួយដល់វិស័យសិល្បៈខ្មែរផងដែរ។
ប៉ុន្ដែនៅពេលសួរពីគម្រោងវិលមកស្រុកខ្មែរវិញនៅពេលណានោះលោកខេវិន និងម៉ុក អានីត ថាអ្នកទាំងពីរមិនទាន់ច្បាស់លាស់ពីផែនការណ៍មកស្រុកនោះទេ តែអាចជាឆ្នាំក្រោយៗ ដែលពេលនោះស្ថានភាពកូវីដកាន់តែថមថយនោះច្បាស់ជាអាចមកបានតាមគម្រោងបានហើយ។
គូររំលឹកថាម៉ុក អានីត បានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងនិយមលេងម៉ូដសក់ប្លែកៗនិងចូលចិត្តច្រៀងបទជាភាសារបរទេសលោកខេវិន ហើយពេលនេះគូស្នេហ៍តារា១គូនេះកំពុងរស់នៅនិងបន្ដអាជីពចម្រៀងនៅលើទឹកដីកាណាដា។ទោះជាចំណងស្នេហាតារាទាំង២យល់ចិត្តគ្នាចិត្ត១ថ្លើម១ក្ដី ប៉ុន្ដែមិនទាន់មានដំណឹងពីគម្រោងពួកគេដឹកដៃគ្នាចូលរោងការឡើយ ខណៈដែលមិត្តរួមអាជីពជាមួយអានីត ដូចជានាងសួស វីសា ,ផន ស្រីខួច និងខៀវ ដាឡិច ជាដើមពេលនេះពួកគេកំពុងបន្ដអាជីពនៅផលិតកម្មហង្សមាស និងM ហើយខ្លះមានប្ដីនិងកូនទៅហើយ។ចំពោះអានីត វិញនាងផ្ដោតលើការច្រៀងសម្ដែងនៅក្រៅស្រុកច្រើនជាងលេចមុខតាមឆាកតន្រ្ដីក្នុងស្រុករយៈពេលជាច្រើនឆ្នាំមកនេះដែលដៃគូដ៍សាកសមរបស់នាងទាំងក្នុងនិងក្រៅឆាកគឺលោកខេវិន ៕