Thursday, June 26, 2025
Homeព័ត៌មានជាតិអ្នកប្រាជ្ញ និងបណ្ឌិត

អ្នកប្រាជ្ញ និងបណ្ឌិត

ដោយ អាចារ្យថាំ

“អ្នកប្រាជ្ញ និងបណ្ឌិត” បើតាមសេចក្តីពន្យល់ក្នុងវចនានុក្រមខ្មែរ គឺមាន- ន័យដូចគ្នា ប៉ុន្តែបើយោងតាមនិយមន័យ “អ្នកប្រាជ្ញ” ខ្លាំងជាងបណ្ឌិត ព្រោះ លោកបែកប្រាជ្ញាថ្លាគំនិតបង្កើតសមិទ្ធផលអ្វីដែលប្លែកសម្រាប់មនុស្សជាតិ ឯ បណ្ឌិត គ្រាន់តែចេះ ពុំបានបង្កើតសមិទ្ធផលអ្វីគួរឱ្យចាប់អារម្មណ៍ក្រៅពីការតែង សៀវភៅនោះទេ។

ករណី “បិតាស្ថាបត្យកម្ម វណ្ណ មូលីវណ្ណ កំពូលនិម្មាបនិក” ត្រូវបានប្រជា- ពលរដ្ឋខ្មែរ ទទួលស្គាល់ថា លោកជា “អ្នកប្រាជ្ញខ្មែរ” ព្រោះលោកបានទុកសំណង់ ស្ថាបត្យកម្មជាច្រើនដល់មាតុភូមិ និងធ្លាប់ល្បីរន្ទឺតាំងពីសម័យសង្គមរាស្ត្រនិយម។

លោកវណ្ណ មូលីវណ្ណ បានទុកបណ្តាំចុងក្រោយ មុនពេលលោកចាកឋាន ទៅកាន់បរលោក ស្តីពី “ការអភិវឌ្ឍរាជធានីភ្នំពេញ” ត្រូវតែរីកទៅទិសខាងត្បូង ព្រោះជាតំបន់ខ្ពស់ មិនលិចទឹក ងាយស្រួលរៀបបណ្តាញទឹកស្អុយ រំដោះទឹកជំនន់ ជាដីមានជីជាតិល្អ និងមានការចាក់លុបតិចតួច។

បិតាស្ថាបត្យកររូបនេះ ក៏បានផ្តាំថា ឱ្យប្រយ័ត្នតំបន់ខាងជើង ព្រោះជាតំបន់ វាលទំនាប ងាយប្រឈមទឹកជំនន់ ជាតំបន់រង្វង់ស្នែងក្របី ទឹកជំនន់លិចរាល់ឆ្នាំ ឬទឹកធំ ៥ឆ្នាំម្តង កើតពីជួរភ្នំក្រវាញ និងភ្នំដងរែក។ ទិសខាងកើត ត្រូវរក្សាទុក ជាតំបន់បៃតង ឯទិសខាងលិច ត្រូវរៀបចំជាតំបន់ឧស្សាហកម្ម៘

បណ្តាំអ្នកប្រាជ្ញនេះ លុះមកប៉ះជាមួយ “បណ៉្ឌិតស្ថាបត្យកម្ម” ដូចមិនសូវ ស៊ីខ្សែចង្វាក់គ្នាសោះ ព្រោះបណ្ឌិត ក៏ចេះដែរ និងមានបណ្ឌិតខ្លះ អាចគូរប្លង់អគារ ខ្ពស់ៗកប់ពពក អាចសង់ស្ពានអាកាស ទប់ស្កាត់ការកកស្ទះចរាចរណ៍បាន។

បើកាលណាអ្នកប្រាជ្ញទៅផ្សេង បណ្ឌិតទៅផ្សេង ជួនកាលអាចផ្ទុះទំនាស់ ដូចរឿងអក្សរសាស្ត្រ។ យើងធ្លាប់ដឹងហើយថា សម្តេចព្រះសង្ឃរាជ ជួន ណាត ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ បានទុកស្នាព្រះហស្តគ្មានគូប្រដូច គឺវចនានុក្រម ខ្មែរ។ ព្រះអង្គ នាំខ្មែរឱ្យសរសេរឯកភាពគ្នា ជាពិសេសការប្រើប្រាស់ព្យាង្គតម្រួត និងភាសាបាលីសំស្ក្រឹតខ្លះក្នុងភាសាខ្មែរ។ លុះអស់ពីព្រះអង្គទៅ ស្រាប់តែ “បណ្ឌិតស្រករក្រោយ” ខ្លះ ជាពិសេសក្រសួងអប់រំ សម័យរដ្ឋកម្ពុជា នាំសរសេរ ព្យាង្គរាយ ដូចពាក្យ “តម្រួតទៅជាតំរួត, តម្លៃទៅជាតំលៃ” ជាដើម។

លុះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់សរសេរតាមវចនានុក្រម មិនស្របតាមការប្រើព្យាង្គរាយ ទើបអស់លោកបណ្ឌិតទាំងឡាយនាំគ្នាសរសេរ តាមវចនានុក្រមវិញ។

ករណីសំណង់ក៏យ៉ាងនេះដែរ បើធ្វើតាមបណ្តាំអ្នកប្រាជ្ញស្ថាបត្យកម្ម វណ្ណ មូលីវណ្ណ អត់អីទេ តែបណ្ឌិតស្រករក្រោយ មិនធ្វើតាម ប្រឹងតែអភិវឌ្ឍន៍ភាគ ខាងជើងក្រុងភ្នំពេញ លុះមានទឹកជំនន់ ឬភ្លៀងធំម្តងៗ ស្ទះលូហូរមិនទាន់ បាន ត្រឹមប្រជាពលរដ្ឋចិត្តខ្លាំង របូតមាត់ជេរប្រទេច។

“នគរធំ” ទទួលស្គាល់ថា ការអភិវឌ្ឍកន្លែងណាក៏គេធ្វើដែរ ដើម្បីពង្រីក រាជធានី ឱ្យធំទៅៗ ប៉ុន្តែក៏មិនត្រូវភ្លេចបណ្តាំអ្នកប្រាជ្ញនោះដែរ។ ដល់ភ្លៀងធ្លាក់ ៣ម៉ោង លិចផ្លូវ លិចផ្ទះ នៅគ្រប់ច្រកល្ហក តាំងស្តីបន្ទោសគ្នារញ៉េរញ៉ៃពេញ បណ្តាញសង្គម មានទៅល្អមើលអី!

ហេតុនេះ រវាងអ្នកប្រាជ្ញ និងបណ្ឌិត ទៅះជាមានន័យដូចគ្នា ក៏បណ្ឌិត ចេះ មិនដល់អ្នកប្រាជ្ញ ដែលលោកមានបទពិសោធន៍រាប់សិបឆ្នាំនោះដែរ”

RELATED ARTICLES