Wednesday, June 25, 2025
Homeព័ត៌មានជាតិអាយុសង្ខារមនុស្ស

អាយុសង្ខារមនុស្ស

យោងតាមការផ្សាយរបស់ក្រសួងសុខាភិបាលជប៉ុន បានឱ្យដឹងថា លោក- យាយ កាន តាណាកា (គានេ ទានាកា) ស្ត្រីជប៉ុន ដែលមានអាយុច្រើនជាងគេ នោះ បានទទួលមរណភាពហើយ ក្នុង

ជន្មាយុ ១១៩ឆ្នាំ។

គាត់មិនអាចយកឱ្យបាន ១២០ឆ្នាំ ឬច្រើនជាងនេះទេ ព្រោះអាយុសង្ខារ មនុស្សមិនទៀងទាត់ វិលកើតវិលស្លាប់ សូម្បីព្រះឥន្ទ ព្រះព្រហ្ម ទេវតា ក៏គង់ ច្យុត (ស្លាប់) នៅពេលអស់បុណ្យ កុំថាតែមនុស្ស។

មនុស្សអាយុវែង តាមពុទ្ធសាសនាថា មកពីជាតិមុនធ្លាប់ធ្វើបុណ្យសុន្ទរ៍ទាន ជាពិសេស “អភ័យទាន” ដូចជាបានដោះលែងអ្នកទោសប្រហារជីវិតឱ្យរួចជីវិត (បើជាស្តេច) បានដោះលែងសត្វឱ្យរួចពីអន្ទាក់ ឬបានដោះលែងបក្សាបក្សីពី ទ្រុង ជាដើម។

នៅសម័យពុទ្ធកាល មានបុគ្គលអាយុវែង ចារទុកក្នុងគម្ពីរដូចជា ៖

-នាងវិសាខា សេដ្ឋិនី មានអាយុ១២០ឆ្នាំ និងជាបញ្ចពិធកល្យាណី។

-ព្រះអានន្ទត្ថេរ (ពុទ្ធុប្បដ្ឋាក) ព្រះជន្ម ១២០វស្សា

-ព្រះពាកុលត្ថេរ ព្រះជន្ម ១៦០វស្សា (កាលនៅទារក ត្រីលេបចូលពោះ ក៏មិនស្លាប់)។

ដោយឡែកក្រោយពុទ្ធបរិនិព្វាន ២៥០ឆ្នាំ មានព្រះអរហន្តមួយអង្គ ព្រះ- នាម “ព្រះបិណ្ឌាលភារទ្វាជៈ” ព្រះជន្មជាង ៣០០វស្សា។ កាលនោះ “ព្រះបាទ អសោកមហារាជ” ចង់ដឹងថា ព្រះពុទ្ធ បរមគ្រូ មានព្រះលក្ខណៈទ្រង់ទ្រាយដូច ម្តេច ក៏និមន្តលោកតាចាស់វស្សានោះ មកសួរ ព្រោះដឹងថា កាលនៅជាយុវវ័យ លោកតាបានចូលសាងផ្នួស នៅវត្តជេតពន បានស្តាប់ព្រះពុទ្ធអង្គ សម្តែងធម៌ ទេសនាដោយផ្ទាល់។ មហាថេរ ព្រះជន្មជាង ៣០០ឆ្នាំនោះ ក៏ទូលព្រះបាទអសោក ថា ព្រះពុទ្ធ មានព្រះលក្ខណៈបែបនេះ បែបនោះ ទើបស្តេចត្រាស់បង្គាប់ឱ្យ វិចិត្រករល្បីៗ គូរ និងឆ្លាក់ព្រះពុទ្ធរូប តាមអ្វីដែលលោកតាមចាស់វស្សានោះប្រាប់។

មនុស្សសព្វថ្ងៃ ឱ្យតែបាន៩០ឆ្នាំ អស្ចារ្យណាស់ទៅហើយ កុំចង់បានដល់ ១១៩ឆ្នាំ ដូចយាយជប៉ុន ឬ ១២០ឆ្នាំ ដូចសេដ្ឋិនីវិសាខា។ មានបណ្តាញព័ត៌មាន ខ្លះផ្សាយថា យាយម្នាក់នៅអាហ្វ្រិក អាយុជាង ២០០ឆ្នាំ ដូចពិបាកជឿណាស់ អាចថាគេផ្សាយកុហក ដើម្បីឱ្យមានការទាក់ទាញ។

បុគ្គលអាយុវែងចាប់ពី ១០០ឆ្នាំឡើងទៅ នឹងក្លាយជា “សក្ការបុគ្គល” ប្រចាំ ភូមិស្រុក ដែលថ្ងៃណាក៏មានសប្បុរសជនយកទេយ្យវត្ថុ ទៅជូនគាត់ដែរ។ លោកតា លោកយាយ អាយុវែង មកពីគាត់ចូលចិត្តពិសាបន្លែ ច្រើនជាងសាច់ បើឈឺថ្កាត់ម្តងៗ គាត់ពិសាទឹកថ្នាំប្ញសឈើ សំបកឈើ មិនហូបឱសថផ្សំដោយជាតិគីមីនោះឡើយ។

វេជ្ជបណ្ឌិត គ្រូពេទ្យ ដែលអាងថ្នាំសម័យ អាយុមិនវែងដូចតាយាយពិសា ឱសថរុក្ខជាតិ ឬ “រុក្ខោសថ” នោះទេ។ អ្នកខ្លះលើកឡើងថា អ្នកនយោបាយ អាយុមិនវែង ប៉ុន្តែមិនត្រឹមត្រូវទេ ព្រោះអ្នកនយោបាយដូចលោកមហាធៀរ មហាម៉េត (ម៉ាឡេស៊ី) អាយុជិត ១០០ឆ្នាំហើយ នៅមានស្មារតីល្អណាស់។ លោកណែលសុន ម៉ង់ដេឡា អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង ស្លាប់នៅ អាយុជាង ៩០ឆ្នាំ, លោកមូហ្គាបេ អតីតប្រធានាធិបតីហ្ស៊ីមបាបវេ ទទួល មរណភាពក្នុងវ័យជាង ៩០ឆ្នាំ។

សម្តេចឪ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ធ្វើនយោបាយ ជោកជាំ តាំងពីព្រះជន្ម ១៩ព្រះវស្សា ឡើងគ្រងរាជសម្បត្តិ រហូតដល់សោយ- ទិវង្គត ក្នុងព្រះជន្ម ៩០ព្រះវស្សា។

ដូច្នេះ អាយុសង្ខារមនុស្ស វែងឬខ្លី អាស្រ័យលើសម្ពាយបុណ្យដែលបាន សាង “អភ័យទាន” ពុំមែនដោយសារឱសថនោះទេ។ អ្នកប្រើឱសថសម័យ ខ្លាំងពេក ក៏មិនអាចយកឈ្នះមច្ចុរាជបានដែរ ឯអ្នកបង្កសង្គ្រាម បង្កគ្រោះ- មហន្តរាយ ទោះជាចូលជ្រកពួនក្នុងរូងដី ឬរូងភ្នំ ឬគេចទៅពួនដល់ឋានព្រះ- ចន្ទ ក៏មច្ចុរាជ ចាត់យមបាលឱ្យតាមចាប់ទាល់តែបាន…”

RELATED ARTICLES