ដោយ អាចារ្យថាំ
ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កាន់តែខិតជិតមកដល់ហើយ សម្រាប់ការ ប្រកួតគ្នាលើសង្វៀនប្រជាធិបតេយ្យ ឬ “សម្តែងល្ខោនបាសាក់” ដែលមានគ្រប់ តួអង្គចូលរួមសម្តែង។
លុះជិតដល់ពេលសម្តែង ក៏ស្រាប់តែតួល្ខោន នាំគ្នាច្រៀង “ហោមរោង” អម ដោយភ្លេងល្ខោន ទូង! ទូង! ឆាង!ៗ រង្គើឆាក។ ល្ខោនហោមរោង មិនធម្មតាទេ ដែលទស្សនិកជន កត់សម្គាល់បានថា បើឮស្គររោទ៍ខ្លាំង ជិតបើកវាំងននហើយ។
យ៉ាងណាមិញ “ល្ខោននយោបាយ” ដែលមានគណបក្សប្រជាជនកម្ពុជា (ជភភ) ជាតួឯក បក្សភ្លើងទៀន ជាតួទំនាស់ ដោយមានតួឯទៀត អមផងនោះ “កំពុងទូង! ទូង! ឆាង!” មុននឹងបើកវាំងនន ថ្ងៃ០៥ មិថុនា ២០២២។ តួសម្តែង ទាំងនោះ ច្រៀងហោមរោង រញ៉េរញ៉ៃណាស់ ធ្វើឱ្យទស្សនិកជនដែលអង្គុយលើ វាលស្រែ មុខឆាក នៅមុខសុខមិនសាប់ ក៏ព្យាយាមច្រៀងតបវិញ ខ្លះញាក់ជើង ញាក់ដៃតាមចង្វាក់ភ្លេងហោមរោង។
តួឯក ជភភ អើយចេញជាបទកន្ត្រាក់ៗថា “ភ្លើងទៀន គង់តែរលត់” ប៉ុន្តែ តួភ្លើងទៀននោះ អត់អើយតបវិញទេ លេចឯអ្នកទៅពីក្រោយភ្លើងទៀន “អើយ ជំនួសទៅវិញ”។ លោកប៉ាង សុខឿន (ខ្មែរសុវណ្ណភូមិ) ឆាំ ឆានី សេង រតនា នៅពីក្រៅឆាកទេ តែតួមិនផាត់ម្សៅ ពាក់មកុដទាំងនេះ ព្យាយាម “ការពារ ភ្លើងទៀន” ដោយបាន “គ្រូធំ រង្ស៊ី” ជួយ “ផ្លុំបាលីមណីចិន្តា មហាក្រឡេកញញឹម” ឱ្យកូនល្ខោនភ្លើងទៀន។
ដោយឡែក តួក្រៅឆាកខ្លះទៀតនៅពីក្រោយគ្រូធំបន្ទាប់ កឹម សុខា មាន តួមុត ចន្ថា លិម គិមយ៉ា ហ៊ុន កុសល ជាដើម ព្យាយាមអើយដាក់គ្រូធំរង្ស៊ី មិន នៅស្ងៀមសោះ។ គេអើយថា “បើ ជភភ មិនផ្លុំពន្លត់ភ្លើងទៀន មានន័យថា ជា ល្បែងសហការរៀបចំ”។
បើយកទំនុកច្រៀងហោមរោងទាំងនោះ មកពិចារណាឱ្យហ្មត់ចត់មែន- ទែនទៅ កូនសិស្សគ្រូធំកឹម សុខា ថាមិនខុសទេ ព្រោះ ជភភ ពិតជាសហការ ជាមួយភ្លើងទៀន យ៉ាងនេះមែន ព្រោះបានចុះឈ្មោះតួល្ខោនក្នុងបញ្ជីក្រសួង មហាផ្ទៃ ដោយបើកផ្លូវឱ្យភ្លើងទៀន ធ្វើសកម្មភាពតាមចិត្ត ចង់ច្រៀងបទអីក៏ ច្រៀងទៅ។
បើតួឯក ជភភ មិនសហការជាមួយតួទំនាស់ ឬតួកាច តើបានសិល្បករឯណា មកសម្តែង? ម៉្យាងទៀត គេមិនដែលជ្រើសយកតួកាច គ្មានទេពកោសល្យ មក សម្តែងនោះទេ…យល់? តាមពិតទៅ តួទំនាស់ភ្លើងទៀន ត្រូវបានគ្រូធំសម រង្ស៊ី បង្វឹកចេះស្ទាត់ទៅហើយ ដែលតួឯក ជភភ (សព្វថ្ងៃក្លាយជាថៅកែល្ខោន) មើល ឃើញពីសមត្ថភាពនេះ ក៏យកមកសម្តែងក្នុងវង់ជាមួយ។
អ៊ីចឹងទៅឆ្ងល់អី! មុនសម្តែងល្ខោនបាសាក់ គេត្រូវច្រៀងហោមរោង ប្រាយ- លាជ បាញ់ទឹកអប់ អុជទៀនធូប អញ្ជើញ “ព្រាយល្ខោន” ឱ្យមកជួយកាន់ខ្នង រងមុខសិល្បករ កុំឱ្យសម្តែងខុសទម្រង់។
អាសូរតែតួល្ខោនជាសិស្សគ្រូធំ កឹម សុខា អត់បានចូលលេងនឹងគេ ក៏នៅ មិនសុខមិនសាប់ ព្យាយាមទាមទារឱ្យតួឯក ជភភ និងជាថៅកែវង់ល្ខោនផងនោះ “ដេញតួភ្លើងទៀន” ចុះពីឆាកដោយសំអាងថា តួភ្លើងទៀន មានគ្រូធំរង្ស៊ី នៅ ពីក្រោយ ដែលគ្រូធំនោះ មានឈ្មោះជាអ្នកទោស។
ថៅកែល្ខោន និងតួឯក ជភភ មានទៅល្ងង់អី? ក៏យល់ព្រមចុះកុងត្រាឱ្យតួ សុន ឆ័យ ថាច់ សេដ្ឋា ទាវ វណ្ណុល ចូលសម្តែងនៅថ្ងៃ០៥ មិថុនា ខាងមុខនេះ ហើយ ព្រោះបាន “ឧកញ៉ា គ.ជ.ប” ជួលសម្តែង និងចាំវាយតម្លៃទេពកោសល្យ សិល្បៈរបស់តួទាំងអស់។
ដូច្នេះ “ទាញមិនឈ្នះទៅ” គេទៅហើយ ទាញយ៉ាងម៉េច? បានទាំងឮចម្រៀង ហោមរោងថែមទៀតនោះ គួរតែកូនសិស្សគ្រូធំកឹម សុខា រកកន្លែងអង្គុយលើ ភ្លឺស្រែ រង់ចាំទស្សនាវិញល្អជាង។ ទោះជាពួកគាត់ខំច្រៀងពីចម្ងាយ ទាមទារឱ្យ ដកតួភ្លើងទៀន ចេញ រួចចោទថា “សហការ” ក៏គ្មាននរណាស្តាប់ដែរ។
យកស្រួល! ចាំល្ខោនសម្តែងរឿង “ព្រះលក្សិណវង្ស” ចប់សិន ចាំឱ្យតម្លៃ ថា តើតួមួយណាខ្លាំងជាងគេ ប៉ុន្តែពេលនេះ ស្តាប់ត្រឹមចម្រៀងហោមរោង និង សន្ធឹកស្គរទូង! ទូង! ឆាង! សិនទៅ…”