Sunday, November 24, 2024
Homeនយោបាយកាហ្វេនយោបាយ

កាហ្វេនយោបាយ

ដោយ អាចារ្យថាំ

កាលពីប៉ុន្មានថ្ងៃមុន តាៗខាងខ្សែសម រង្ស៊ី បានណាត់ជួបតាៗខាងខ្សែកឹម សុខា ក្នុងតៀមកាហ្វេមួយ ដើម្បីព្រោកប្រាជ្ញ ព្រោះទោះបីជាពួកគាត់ចែកខ្សែគ្នា ក៏ “ប្រឆាំងដូចគ្នា”។

ពួកគាត់ធ្លាប់គាំទ្រអតីតបក្សសង្គ្រោះជាតិ (ជណភ្រ) ដូចគ្នា លុះបក្សនេះ ត្រូវរំលាយចោល ក៏មិនទាន់ដាច់អាល័យ ប៉ុន្តែពួកគាត់ខ្វែងយោបល់គ្នានៅពេល មេៗចោទគ្នាថា “បម្រើ ជភភ”។

តាមពិត មេប្រឆាំងធំជាងគេ សម រង្ស៊ី មិនដែលនិយាយពីរឿងបែកបាក់គ្នា ទេ ជាក់ស្តែងចេញទៅដល់ណាក៏មេសម រង្ស៊ី រំព្ញកពាក្យស្លោក “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ” បានទាំងផុសរូបថតកាន់ដៃគ្នាតាមហ្វេសប៊ុក ទៀតផង។

ចំណែកលោកកឹម សុខា ក៏មិនដែលនិយាយត្រង់ថា “ខ្ញុំសុំបែកផ្លូវពីសម រង្ស៊ី ហើយ” នោះទេ ឯរឿងបែកគ្នាយ៉ាងណានោះ ឮតែសហការីគាត់ មានលោកលិម គិមយ៉ា មុត ចន្ថា ហ៊ុន កុសល… ជាអ្នកនិយាយ។ ឯខាងសម រង្ស៊ី ក៏មានមនុស្ស ប៉ុន្មាននាក់ ដូចជាសេង រតនា ឆាំ ឆានី ប៉ាង សុខឿន… ជាអ្នកនិយាយដែរ។

ដឹងអី! នៅពេលឃើញលោកហ៊ុន កុសល ជាខ្សែកឹម សុខា ផុសហ្វេសប៊ុក ថា “ខ្ញុំនៅតែចាក់ខាងភ្លើងទៀន” ទោះជាដឹងថា ភ្លើងទៀន មានមេសម រង្ស៊ី នៅពីក្រោយក្តី គ្រាន់តែវែកញែកថា “គង់តែរលាយ”។

លុះក្តាប់បានពីវត្ថុបំណងសហការីលោកកឹម សុខា ស្រាប់តែតាៗញៀនកាហ្វេ “ណាត់ជួបគ្នា” ផឹកកាហ្វេក្តៅហុយៗ រួចពួកគាត់ញញឹមស្ញេញដាក់គ្នាថា “ពួក យើងតែមួយទេ”។

ចំណុចនេះ “នគរធំ” ក្តាប់សភាពការណ៍បានភ្លាម ដោយយល់ថា មនុស្ស ធ្លាប់ល្អូកល្អិនជាមួយគ្នា នៅក្នុងចង្កោម ជណភ្រ ទោះបីជាទាស់ទែងខ្វែងគំនិត គ្នា ចែកខ្សែ ចែកពួក ក៏ “ញៀនកាហ្វេខ្មៅ” ដូចគ្នា។

លោកប៊ុណ្ណ ច័ន្ទម៉ុល អតីតមេឥស្សរៈ ប្រឆាំងបារាំង ធ្លាប់ជាប់គុកកោះ- ត្រឡាច បានសរសេរនៅក្នុងសៀវភៅ “ចរិតខ្មែរ” ថា ទោះបីជារូបលោកដើរ ចេញពី “បក្សប្រជាធិបតេយ្យ” ទៅចុះចូលចលនាសង្គមរាស្ត្រនិយម ក៏ “ចូល តែខ្លួន តែមិនបែកចិត្តពីប្រជាធិបតេយ្យ” ជាក់ស្តែងនៅពេលលោកប៉ាច ឈឺន ស្ថាបនិកបក្សប្រជាធិបតេយ្យ ទទួលមរណភាព លោកម៉ុល បានទៅជួយរុំសព លើកដាក់មឈូសផ្ទាល់ដៃ ខណៈដែលលោកប៉ាច ឈឺន នៅខាងប្រជាធិបតេយ្យ បន្តមរតកនយោបាយពីទ្រង់យុត្តិវង្ស។

ដូច្នេះ ករណីពួកប្រឆាំង អតីត ជណភ្រ បែកគ្នាជាពីរក្រុមនោះ អាចដូច លោកប៊ុណ្ណ ច័ន្ទម៉ុល ដើរចេញពីប្រជាធិបតេយ្យតែខ្លួន ឯចិត្តមិនបែក។ ទំនង ជាលាក់មិនជិត ទើបលោកហ៊ុន កុសល នៅខាងក្រុមកឹម សុខា លើកឡើងថា “ខ្ញុំចាក់ខាងភ្លើងទៀន” ដែលមានលោកសម រង្ស៊ី នៅពីក្រោយ។ ដល់តាៗញៀន កាហ្វេទាំងពីរក្រុមនោះ ក្តាប់សភាពការណ៍បាន ក៏ណាត់គ្នាផឹកកាហ្វេ ញញឹម ស្ញេញដាក់គ្នា ខណៈដែលការបោះឆ្នោតមេឃុំ ចៅសង្កាត់ ជិតមកដល់។

រឿងនយោបាយចែកផ្លូវគ្នាដើរនោះ “នគរធំ” ក៏មិនទាន់ជឿថា ពួកប្រឆាំង ទាស់គ្នាមែនទែននោះដែរ ដោយគិតថា ពួកគេធ្វើជាបែកគ្នា ព្រោះកាលៈទេសៈ តម្រូវឱ្យបែកមួយគ្រាសិន។ យើងក៏ធ្លាប់ប្រៀបធៀបការចែកផ្លូវគ្នាដើរនេះ ទៅ នឹង “ទន្លេកោះដាច់” ដែលផ្តើមចេញពីទន្លេមេគង្គ បែកចម្ពាមត្រង់មុខកោះ ឧកញ៉ាតី រួចទៅជួបគ្នានៅរមណីយដ្ឋានកោះដាច់ ឆ្នេរខ្សាច់ត្រជាក់ចិត្ត។

តើអ្នកណាអាចមើលធ្លុះចិត្តមនុស្ស? ជួនកាលគេត្រូវគ្នាសោះ ឯងថាគេ ទាស់គ្នា? ប្តីប្រពន្ធគេ គ្រាន់តែចែកកន្ទេលចែកគ្រែ ព្រោះខឹងគ្នាបន្តិចបន្តួច ឯង ថាគេលែងលះគ្នា អត់កើតទេ ដូច្នោះរវាងពួកប្រឆាំងទាំងពីរក្រុមនោះ ទាល់តែ រង់ចាំមើលបន្តិចទៀតសិនទើបដឹងច្បាស់”

RELATED ARTICLES